សម្តេច​តេ​ជោ ៖ គ្មាន​ការ​ផ្ទេរអំណាច​ទៅ​កាន់​កូន​ទេ បើ​ខ្លួន​កំពុង​កាន់​អំណាច


រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា គ្មាន​ការ​ផ្ទេរអំណាច​ទៅ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​កូនប្រុស​ច្បង​នោះ​ទេ បើ​សម្តេច​កំពុង​កាន់​អំណាច​នោះ ។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ជា​ថ្មី​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​តែងតែ​លើក​ឡើង ថា​នឹង​មានការ​ផ្ទេរអំណាច​ឲ្យ​លោក ហ៊ុន ម៉ា​ណែ​ត ជា​មិន​ខាន ។ យ៉ាងណា​ក្តី​ក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន​សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​មួយ​ថ្ងៃ​ៗ គិតតែ​រវល់​ថា មាន​ផ្ទេរអំណាច​ឲ្យ​ហ៊ុន ម៉ា​ណែ​ត ខ្ញុំ​នៅ​តែ​មិន​យល់ ចុះបើ​សព្វថ្ងៃ​ឪ​វា​កំពុង​ឈរ​ធ្វើ​នាយក​រដ្ឋមន្ត្រី​ហើយ ប្រកាស​១០​ឆ្នាំ​ៗ​ទៀត តើ​កូន​វា​មក​យក​អំណាច​ពី​ឱ​វា​ឬ?

ខ្ញុំ​និយាយ​នៅ​កម្ពុជា​មិនមែន​តែ​បេក្ខជន ហ៊ុន ម៉ា​ណែ​ត មួយ​ទេ​ក្នុង​គណបក្ស​ប្រជាជន គឺ​មាន​បេក្ខជន​ច្រើន​ណាស់ ក៏​ប៉ុន្តែ​ក្នុង​គណបក្ស​ប្រជាជន ខ្ញុំ​គាំទ្រ អប់រំ​កូន​ខ្ញុំ​ឲ្យ​មាន​សមត្ថភាព បើ​មិន​បាន​ឪ​វា​ក៏​បាន​៨០ ឬ​៩០​ភាគរយ​ឪ​វា​ចុះ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​កាន់​អំណាច​ស្ថិត​លើ​ការ​បោះ​ឆ្នោត​នោះ​ទេ ដោយ​ដំបូង​បោះ​នៅ​ជួរ​គណបក្ស​ថា ទទួលយក​បាន ឬ​អត់ ។ បន្ទាប់​មក​ត្រូវ​ឆ្លង កាត់​ពី​ការ​បោះ​ឆ្នោត​ពី​ប្រជាជន បើ​បក្ស​ឈ្នះ​ទើប​មាន​លទ្ធភាព ។ សម្តេច​ក៏​បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​ថា មួយ​ថ្ងៃ​ៗ​មាន​តែ​ប្រធានបទ «​ផ្ទេរអំណាច​ឲ្យ​ហ៊ុន ម៉ា​ណែ​ត​» អី​ញ្ចឹ​ង​ប្រយ័ត្ន​រន្ទះបាញ់ បើ​និយាយ​ខុស​រឿង ។

បើ​ឪពុក​វា​កំពុង​ធ្វើ ជា​នាយក​រដ្ឋមន្ត្រី ហើយ​អា​លូវ​នេះ​ខ្ញុំ​នឹង​ប្រកាស​ហើយ​៣​ឆ្នាំ មុន​ខ្ញុំ​ក៏​បាន​ប្រកាស មិន​តិច​ជាង​១០​ឆ្នាំ​ទៀត ហើយ​ថ្ងៃនេះ ខ្ញុំ​ប្រកាស​ថា មិន តិច​ជាង​១០​ឆ្នាំ​ទៀត ។ សម្តេច​ក៏​បាន​លើក​ឡើង​ពេល​នេះ ហ៊ុន ម៉ា​ណែ​ត​ជាង​៤៣​ឆ្នាំ​ហើយ ១០​ឆ្នាំ​ទៀត អាយុ​៥៣​ឆ្នាំ ប៉ុន្តែ​ឪ​វា​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​តាំងពី​អាយុ​៣២​ឆ្នាំ​មក​ម្ល៉េះ ។ អី​ញ្ចឹ​ង​រឿង​អី​ហ៊ុន ម៉ា ណែ​ត ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​មិន​បាន ប៉ុន្តែ​រឿង​នេះ​ជា​រឿង​ក្មេង​ជំនាន់​ក្រោយ ។

រឿង​ក្នុង​គណបក្ស (​ប្រសិនបើ​ខ្ញុំ​នៅ​) ហើយ​ក្មេង​ជំនាន់​ក្រោយ មិនមែន​តែ​ហ៊ុន ម៉ា​ណែ​ត មិន​មាន​តែ​លក្ខណៈសម្បត្តិ​នោះ​ទេ គឺ​មាន​ច្រើន​ណាស់ នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ។ ពេលវេលា​នឹង​ផ្តល់​ឲ្យ​អ្នកឯង​បានឃើញ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​និយាយ​នោះ​គ្មាន​អ្វី​ធ្វើ ហើយ​បាន​រត់ចោលស្រុក ទៅ​ក្រៅប្រទេស​ចេះ​តែ​និយាយ​រហូត​ដល់​ចោទប្រកាន់​ថា សម្តេច ខកចិត្ត​មិន​បាន​ផ្ទេរអំណាច ទើប​មិន​ចូល​ប្រជុំ​សភា​កន្លង​មក តែ​ពាក្យ​នេះ​មិន​ពិត​នោះ​ទេ ។ សម្តេច​ក៏​បាន​លើក​ជា សំណួរ​វិញ​ថា តើ​អ្នក​ណា​មាន​សមត្ថភាព​កាន់​អំណាច​នា​ពេល​បច្ចុប្បន្ន​នេះ ?

ក្នុង​តួអង្គ​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​អ្នក​ណា​ចង់​ធ្វើ​ទេ មាន​តែ​ក្រុមប្រឆាំង នោះ​ទេ ដែល​ចង់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ ។ ប៉ុន្តែ​ប្រហែល​ជាតិ​ក្រោយ បើ​នៅ​មាន​ហ៊ុន សែន ។ សម្តេច​បន្ថែម​ថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ឡើង មិនមែន​សម្រាប់​តែ​មួយ​ឆ្នាំ ឬ​២​ឆ្នាំ​នោះ​ទេ គឺ​រៀបចំ​៤០ ឬ​៥០​ឆ្នាំទៅ​មុខ​ទៀត​ទើប​អ្នក​វិនិយោគទន់​គេ​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ក៏​បាន​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ដែល​បាន​ឡើង​ថា សម្តេច​នឹង​អស់​លុយ​បើកប្រាក់​នោះ គឺជា​មនុស្ស​តិរច្ឆាន ហើយ​ជា​មនុស្ស​មិន​ចេះ​គិត​លេខ​ផង ទោះបីជា​រៀន​ដល់​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់​បណ្ឌិត​ក្តី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ