រាជធានីភ្នំពេញ៖ កន្លងមកប្រិយមិត្តអ្នកអានបានដឹងអំពីគន្លឹះនិងការដឹកនាំរហូតសម្រេចបាននូវភាពជោគជ័យ ភាពស្តុកស្តម្ភនៃជីវិតជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញនិងលេចធ្លោរបស់លោក ឧកញ៉ា លី ហួរ ដែលជាអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ឋចំនួន៨ ។
សម្រាប់អត្ថបទមួយនេះ លោកឧកញ៉ា លី ហួរ នឹងចែករំលែកនូវបទពិសោធន៍ដែលលោកធ្លាប់បានដួលជាច្រើនសារនិងវិធីសាស្ត្រដែលលោកឧកញ៉ា អាចយកឈ្នះលើវាបានដើម្បីចែករំលែកដល់បងប្អូនពាណិជ្ជករនិងសហគ្រិនជំនាន់ក្រោយ ។
លោកឧកញ្ញ៉ា លី ហួរ នាឱកាសផ្តល់កិច្ចសម្ភាសន៍ដល់សហការីនៃសារព័ត៌មានកោះសន្តិភាពបានឆ្លើយតបទៅនឹងសំណួរដែលបានចោទសួរថា តើលោកឧកញ៉ាធ្លាប់បរាជ័យមុខជំនួញ ឬមានដំណោះស្រាយយ៉ាងណាពេលជួបបញ្ហាលំបាកក្នុងមុខជំនួញ នោះ លោកឧកញ៉ា លី ហួរ បាននិយាយថា «សម្រាប់ខ្ញុំ មានឧបសគ្គដែរ មិនមែនថាអត់នោះទេ ។ ឧបសគ្គដែលកើតមានគឺនៅពេលដែលខ្ញុំមិនទាន់មានអីក្នុងដៃសោះ ។ កាលនោះ គឺមិនចង់និយាយរឿងនេះប៉ុន្មានទេ តែកាលនោះរឿងគឺពេលមួយដែលខ្ញុំមានដើមទុន មួយតម្លឹងកន្លះ សម្រាប់យកទំនិញពីថៃមកលក់ គឺមានបញ្ហា សាច់ញាតិនៅកំពង់ចាម ផ្ទះយើងនៅទួលទ្រានៅឡើយ ដែលព្រៃឬស្សីមានចោរច្រើនពេក អញ្ចឹងក៏ផ្ញើមាសទុកនៅប្អូបងប្អូនថ្លៃស្រាប់តែស្អែកឡើងគាត់ប្រាប់ថាមាសនោះគាត់ភ្លេចនៅមាត់ទន្លេ គេយកបាត់ទៅហើយ» ។ ឧបសគ្គពេលនោះមិនមែនកើតឡើងដោយយើងជាអ្នកបង្កនោះទេ តែដោយសារតែកត្តាផ្សេងៗ ។ លោកឧកញ្ញ៉ាបានបញ្ជាក់។
ឧកញ៉ា លី ហួរ ដែលអង្គុយធ្វើការគ្មានពេលទំនេរសោះនោះ បានឆ្លៀតបន្តសម្តីបន្ថែមថា «ពេលនោះពិបាកចិត្តខ្លាំងណាស់ ព្រោះមានតែប៉ុណ្ណឹង ក៏ស្រាប់តែបាត់បង់ទៅ គឺពិតជាពិបាកចិត្តខ្លាំងណាស់ ព្រោះអ្វីដែលខំប្រឹងរកប៉ុន្មានឆ្នាំមកក៏អស់ ។ តែមិនដឹងធ្វើម៉េច គឺមានតែប្រឹងហើយប្រឹងទៀតដើម្បីចាប់ផ្តើមជាថ្មី ទាំងប្តីនិងប្រពន្ធ ។ គ្រាន់តែមិនដឹងធ្វើម៉េចគ្នាក៏អត់ ។ អ៊ីចឹងយើងត្រូវចាប់ផ្តើមពីដៃទទេរមកម្តងទៀតហើយ ។ កាលនោះយើងសម្រាកបានមួយរយៈពេលខ្លី ហើយក៏ចង់មកជួយគេលក់ដូរនៅផ្សារកំពង់ចាមដែរ ។ កាលនោះគិតច្រើនណាស់ ដំបូងៗថាចង់លក់អង្ករ តែដើមទុនតិចអ៊ីចឹងចេះតែខ្ចីគេខ្ចីឯងទៅ ។ តែពេលនោះ បានត្រឹមតែគិតយើងអត់មានលទ្ធភាពចាប់ផ្តើម។ អ៊ីចឹងក៏ខំដើរខ្ចីគេខ្ចីឯង ហើយក៏អាច កវែក កឆ្នាំងម្តងទៀត។ អ៊ីចឹង ឧបសគ្គធំសម្រាប់ខ្ញុំជំនាន់នោះ គឺជាឧបសគ្គធំណាស់។
លោកឧកញ៉ា លី ហួរ បានបញ្ជាក់បន្ថែមថា «តែនៅពេលយើងមករស់នៅភ្នំពេញ ការគិតរបស់យើងគឺមានការអភិវឌ្ឍន៍ច្រើន សម្រាប់គំនិតខ្ញុំគឺអត់នៅនឹងថ្កល់ទេ គឺផ្លាស់មុខជំនួញមួយទៅមុខជំនួញមួយទៀត ធ្វើឲ្យគំនិតយើងរស់រវើក។ ប៉ុន្តែការចំនេញគឺតិចណាស់ ព្រោះយើងប្រកាន់ខ្ជាប់នូវក្រិតក្រមមួយ គឺយើងធ្វើជំនួញមួយដើម្បីឲ្យគេជឿជាក់បាន គឺយើងត្រូវធ្វើឲ្យបានត្រឹមត្រូវ។ ការលក់-ការទិញតថ្លៃគ្នាត្រឹមត្រូវ ប៉ុន្តែរបស់ (ទំនិញ) គឺត្រូវតែគ្រប់ឲ្យគេ របស់ (ទំនិញ) គឺត្រូវតែល្អ អ៊ីចឹងទៅយើងចេះតែសន្សំ ។ និយាយទៅជំនាន់នោះអ្វីដែលមិនចាំបាច់គឺយើងអត់ហ៊ានទេ គឺមិនហ៊ានចំណាយតែម្តង។
មានន័យថារបស់ណាអាចកាត់បន្ថយបានគឺត្រូវតែកាត់បន្ថយ សូម្បីតែបារីមួយថ្ងៃត្រូវអស់មួយកញ្ចប់ក៏ត្រូវកាត់បន្ថយ សម្លៀកបំពាក់សម្រាប់ខ្ញុំផ្ទាល់និងគ្រួសារខ្ញុំគឺអត់ទិញតែម្តង គឺបើមានអាចាស់ប្រើអាចាស់បានហើយ។ គឺនាំគ្នាខំសន្សំលុយដើម្បីធ្វើដើមទុនបន្ត អញ្ចឹងអត់មានអីបានចំនេញធំដុំទេពេលនោះ គឺអត់តែម្តង។ រហូតយើងចាប់ផ្តើមជំនួញប្តូរប្រាក់ យើងអត់ហ៊ានធ្វើអីទេ ។ អ៊ីចឹងបានជាខ្ញុំមានមុខរបររហូត គឺប្តូរប្រាក់និងលក់មាស រហូតមក សូម្បីតែសាខា ក៏យើងអត់ហ៊ានពង្រីកភ្លាមៗដែរ ដោយសារតែយើងត្រូវគិតអំពីការគ្រប់គ្រងឲ្យបានរឹងមាំសិន ។ បានយើងចាប់ផ្តើមមានលទ្ធភាពធ្វើអីបានទៀត ដូចជាការបង្កើតក្រុមហ៊ុនគឺយើងត្រូវធ្វើមួយជំហានម្តងមួយជំហានម្តង។ រហូតមកដល់ថ្ងៃនេះបានជាយើងមិនមានបញ្ហា ឬឧបសគ្គណាមួយសម្រាប់ការធ្វើជំនួញ» ។
លោកឧកញ្ញ៉ាបានលាតត្រដាងនូវគន្លឹះពិសេសៗដើម្បីកុំឲ្យការធ្វើអាជីវកម្មបរាជ័យយ៉ាងដូច្នេះថា «អ្វីដែលយើងបានគិតល្អិតល្អន់និងគូសវាស់វាបានច្បាស់នៅពេលយើងធ្វើវាទៅយើងជោគជ័យបន្តបន្ទាប់ ។ បាទ! យើងមានកំណើនដើមទុនម្តងបន្តិចៗរហូតមក ។
សំខាន់គឺយើង និយាយទៅការខំប្រឹងរបស់យើងគឺតក់ៗរហូតមក។ ជំនាន់នោះ យើងមិនមានអ្នកណាជួយយើងពីក្រោយខ្នងដើម្បីធ្វើឲ្យការជោគជ័យរបស់ក្រុមហ៊ុនយើង។ ហើយក៏អត់មានគំនិតថាទៅខ្ចីលុយធនាគារដែរ ពេលនោះ គឺមានតែគំនិតខិតខំសន្សំបន្តិចម្តងៗរហូតមក ។ មកដល់បច្ចុប្បន្ននេះមានន័យថា មុខជំនួញអាជីវកម្មរបស់យើងគ្រប់មុខទទួលបានជោគជ័យ មិនមែនជាការងាយស្រួលទេ គឺពិបាកខ្លាំងណាស់។
ដោយសារខ្ញុំ ទាំងប្រពន្ធខ្ញុំនិងក្រុមគ្រួសារទាំងសងខាងហ្នឹង អត់មានអ្នកណាមួយចេញមុខមកមានលទ្ធភាពជួយយើង ដូចជាយើងមានគំនិត គេមានដើមទុនអីនោះទេ គឺមានន័យថាទាំងសងខាង (គ្រួសារខ្ញុំនិងគ្រួសារប្រពន្ធខ្ញុំ គឺអត់តែម្តង គឺពិបាកដូចគ្នា)។
អ៊ីចឹង ជាការចាប់ផ្តើមរហូតមកដល់ពេលនេះ គឺនៅតែហត់នឿយ នៅតែពិបាក មិនទាន់បានស្រួល ថាជីវិតបែងចែកគ្រួសារយ៉ាងម៉េច ហើយរៀបចំចែកឲ្យដាច់ពីគ្នា គឺនៅខំប្រឹងនៅឡើយទេ ទោះមកដល់បច្ចុប្បន្ននេះគឺកាន់តែខំជាងមុនទៅទៀត» ៕
ចែករំលែកព័តមាននេះ