ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ​អាជ្ញាធរ​ប្រើ​កណ្តាប់ដៃ​ដែក យក​​គ្រឿងចក្រ​កាយ​ផ្លូវ​ទឹកអូរ​ធម្មជាតិ​នោះ​​ហើយ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ទំនាស់​ដីធ្លី​ដែល​កើតឡើង​រវាង​ប្រជាពលរដ្ឋ​៤០​គ្រួសារ និង​ឈ្មោះ សំ សា​វឿ​ន ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​នោះ…

ខេត្តស្វាយរៀង ៖ ទំនាស់​ដីធ្លី​ដែល​កើតឡើង​រវាង​ប្រជាពលរដ្ឋ​៤០​គ្រួសារ និង​ឈ្មោះ សំ សា​វឿ​ន ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០​នេះ ត្រូវ​បាន​លោក​ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត ដឹកនាំ​ក្រុមការងារ​អនុវត្ត​វិធាន​ការណ៍​រដ្ឋបាល​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់ តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​មានការ​រំលោភ​រំពាន​ពី​ឈ្មោះ​សំ សា​វឿ​ន ហៅ​ណ​ន ជា​អ្នក​ចាក់​ដី​លុប​អូរ​ធម្មជាតិ និង​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ ធ្វើ​ឲ្យ​ស្ទះ​ផ្លូវទឹក​នោះ ទីបំផុត​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត យក​គ្រឿងចក្រ​កាយ​រយៈពេល​១​ថ្ងៃ រហូត​ដល់​ម៉ោង​១២​យប់​ទើប​រួច​។

បើ​តាម​លោក​ស សុ​ដា​នី អភិបាលរង​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឆ្លើយ​តប​ក្នុង​ការ​សម្រប​សម្រួល​រវាង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ខាងលើ អំពី​បញ្ហា​ទំនាស់​រវាង​ព្រំ​ដី​ដែល​ចាក់​បំពាន​ទៅ​លើ​អូរ​ធម្មជាតិ និង​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ ហើយ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​មិន​ឱ្យ​លុប​អូរ​ធម្មជាតិ​តាំងពី​បុរាណ​មក​ហើយ ដែល​ជា​ផ្លូវ​រំដោះ​ទឹក​សម្រាប់​​លំនៅ​ដ្ឋា​ន និង​ដំណាំ​កសិផល​របស់​បងប្អូន​នៅ​ទី​នេះ​ផង​ដែរ​។

លោក​ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សំណូមពរ​ពី​បងប្អូន​ប្រជាពល​រដ្ឋ​ពី​បញ្ហា​ការ​ចាក់​ដី​លុប​ទៅ​លើ​អូរ​ធម្មជាតិ ក្រោយ​ពី​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ទៅ​លើ​ឯកសារ​ក្នុង​ការ​ទិញ​លក់ ហើយ​ក៏​រក​ឃើញ​ដី​លើស​ចំនួន​ក្នុង​ប្លង់​ទិញ​។

លោក​បាន​បន្ត​ថា ដោយសារ​ការ​ចាក់​ដី​រំលោភ​បំពាន​ទៅ​លើ​អូរ​ធម្មជាតិ​នេះ​ពិតប្រាកដ​មែន លោក​និង​ក្រុមការងារ​ក៏​បាន​ឲ្យ​គ្រឿងចក្រ​កាយ​ដី​នោះ​ចេញ​វិញ និង​សង់​កញ្ចុះ​នៅ​លើ​ដី​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ ដែល​ជា​ដី​រដ្ឋ​នោះ​ត្រូវ​បាន​កាត់ និង​រុះរើ​ចេញ​តាម​ការ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា បញ្ហា​ទំនាស់​រវាង​ភាគី​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​រំលោភ​បំពាន​ទៅ​លើ​ដី​អូរ​ចំណី​ព្រែក​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ដោះស្រាយ និង​សម្របសម្រួល​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០​គ្រួ​សារបាន​ដូច​ដើម​វិញ​ហើយ​។

ចំណែក​បងប្អូន​ប្រជា​ព​រដ្ឋ​ក៏​បាន​ថ្លែង​អំណរ​អរគុណ និង​សាទរ​ដល់​លោក​ជា​អភិបាលខេត្ត និង​ក្រុមការងារ​ដែល​បាន​ជួយ​សម្របសម្រួល និង​ដោះស្រាយ​ជូន​បងប្អូន​ទាន់​ពេលវេលា ពីព្រោះ​ដល់​រដូវវស្សា​មាន​ទឹកភ្លៀង​ធ្លាក់ គឺ​លែង​ព្រួយបារម្ភ​បញ្ហា​ទឹក​ជន់​លិច​ផ្ទះ និង​ផលដំណាំ​ទៀត​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ