តើ​អ្នក​ស្គាល់​ទូក​សំប៉ាន​ទេ ខ្មែរ​យើង​ធ្លាប់​​ប្រើ​តាំងពី​បុរាណ ?


ទូក​អុំ​មួយ​ប្រភេទ ត​ដោយ​ក្ដារ​៥​សន្លឹក​ខាង​ក្បាល និង​កន្សៃ​រាង​ង ។ ទូក​អុំ​មួយ​ប្រភេទ​ទៀត​មាឌ​ជា​ទូកផ្កាចារ ប៉ុន្តែ​លើក​ក្ដារ​ប៉ះ​ថែម​ឡើង​ទៀត​ក៏​ហៅ​សំប៉ាន​ដែរ ។ នេះ​ជា​លក្ខណៈ​ទូក​សំប៉ាន តើ​អ្នក​ស្គាល់​ទេ ?

លោក​គង់ ឧត្តម តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បាន​បង្ហាញ​រូបថត​ទូក​សំប៉ាន នៅ​ក្នុង​ព្រែកជីក​ភ្នំ​ដា ខេត្តតាកែវ ព្រមទាំង​រៀបរាប់​ពី​លក្ខណៈ​របស់​វា ។ «​ចំពោះ​ទូក​ឈើ​ធំ​ឈរ​ក្បែរ​ច្រាំង​នោះ​ហើយ ដែល​គេ​ហៅ​ថា​ជា​ទូក​សំប៉ាន ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក ព្រែកជីក​ភ្នំ​ដា ខេត្តតាកែវ​(​រូបភាព​នៃ​ទូក​សំប៉ាន​នេះ​ថត​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៤ ដោយ​លោក​ព្រំ វាសនា​)​។

ទូក​សំប៉ាន​នេះ មាន​សន្ដាន​ជា​បងប្អូន​នឹង​ទូក​សំពៅ ផលិត​ពី​ឈើ ។ ប្រភេទ​ទូក​បែប​នេះ​ពុំ​សូវ​មាន​អ្នក​ស្គាល់​ឡើយ ព្រោះ​ពុំ​មានការ​ប្រើប្រាស់​ដូច​សម័យកាល​មុន ។ ដោយ​ហេតុតែ​ភាព​ជឿនលឿន​នៃ​សង្គម ប្រជាជន​ប្រើប្រាស់​តែ​ទូក​ចែវ ទូក​អុំ អូ​ប៊័រ កាណូត កប៉ាល់ សាឡា​ង ឬ​សា​ឡង់​ប៉ុណ្ណោះ ក្នុង​ជីវភាព​រស់នៅ​បច្ចុប្បន្ន ។

សព្វថ្ងៃ​ប្រភេទ​ទូក​សំប៉ាន និង​សំពៅ ក្មេង​ជំនាន់​ក្រោយ​អាច​ស្គាល់​ត្រឹមតែ​នៅ​ក្នុង​រឿងព្រេង​និទាន​ប៉ុណ្ណោះ »​។

ចម្លាក់​បាយ័ន ៖ ចុះ​ពី​សំពៅ​ឡើង​សំប៉ាន ចុះ​ពី​សំប៉ាន​ទ្បើ​ង​ផ្សារ
ដោយឡែក​ឯកសារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ពណ៌នា​ពី​សំប៉ាន​ភ្ជាប់​នឹង​ជីវភាព​រស់នៅ​របស់​ជនជាតិ​ខ្មែរ​យើង នៅ​លើ​ចម្លាក់​នៃ​ប្រាសាទបាយ័ន ត្រង់​ថែវ​ខាងក្រៅ នា​ទិស​ខាងត្បូង ។ រូបភាព​នោះ​មាន​ទិដ្ឋភាព​មួយ​ដែល​និយាយ​អំពី​ជំនួញ​ផ្លូវទឹក​របស់​ខ្មែរ​បុរាណ​ជាមួយ​ប្រទេស​ជិតខាង ជា​ពិសេស​ប្រទេស​ចិន ។ បើ​គេ​មើល​មួយ​ភ្លែត ឬ​មើល​ដោយ​ក្រសែភ្នែក​ធម្មតា ដែល​មិនមែន​ជា​អ្នក​ស្រាវជ្រាវ អាច​នឹង​មិន​យល់​ពី​ដំណើរ​សាច់​រឿង​នេះ​ឡើយ ។

អ្នក​ស្រាវជ្រាវ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​វ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិ​ទ្ធី បាន​ពន្យល់​នូវ​ខ្លឹមសារ​នៃ​ចម្លាក់​ត្រង់​ទិដ្ឋភាព​នេះ​ថា វា​ជា​ភស្តុ​តាង​រូបភាព​មួយ​ដែល​នាំ​ឲ្យ​យើង​ដឹង​ថា ប្រទេស​ខ្មែរ​មាន​ជំនួញ​ផ្លូវទឹក​ជាមួយ​ប្រទេស​ជិត​ខាង​នា​ពេល​នោះ បើ​ទោះជា​បច្ចុប្បន្ន​គេ​មិន​ទាន់​ដឹង​ថា កំពង់​ផែ​នៅ​ពេល​នោះ​ស្ថិត​នៅ​កន្លែង​ណា​ច្បាស់​ក៏​ដោយ ។

ចម្លាក់​នោះ​មើលទៅ​រាង ឆ្នូត​ៗ កោង​ៗ គឺជា​រាង​សំពៅ ដើរ​សមុទ្រ​ប្រើ​ក្តោង​២ ដែល​មាន​ផ្ទុក​ទំនិញ និង​មនុស្ស​ជា​ច្រើន ។ មនុស្ស​ពីរ​នាក់​ឡើង​លើ​ដងទង់​ដ៏​ខ្ពស់ ដើម្បី​មើលផ្លូវ​ជា​ប្រចាំ ចៀសវាង​ការ​វ​ង្វែ​ង ។ នៅ​ក្បែរ​សំពៅ គេ​ឃើញ​កូន​សំប៉ាន ដែល​ចូល​ទៅ​ផ្ទេរ​ទំនិញ​ចុះ ដោយ​សារ​​ទឹក​រាក់ សំពៅ​ចូល​មិន​ដល់​ច្រាំង ។ នៅ​តាម​មាត់ច្រាំង​ចម្លាក់​បង្ហាញ​ពី​ផ្សារ ដែល​សំប៉ាន​ដឹក​ទំនិញ​ពី​សំពៅ​ទ្បើ​ង​គោក ឃើញ​មនុស្ស​ម្នា​ដើរ​ចុះឡើង លក់ដូរ​យ៉ាង​កុះករ ។ ជា​ទូទៅ​នៅ​ខាង​ក្រោយ​ផ្សា​រតែង​មាន​ល្បែង ។ នៅ​ទី​នេះ​ក៏​មាន​លេងល្បែង​ប្រជល់​មាន់​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ