ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​អនុញ្ញាត​ឱ្យ​ប្រមូលផ្ដុំ​ជម្រើស​ជាតិ​ក្រុម​ធំ​​35​ប្រភេទ​ឡើង​វិញ​នា​​ដើមខែ​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឲ្យ​ម​ជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា រៀបចំ​កម្មវិធី​ប្រមូលផ្ដុំ​ជម្រើសជាតិ​ក្រុម​ធំ​ចំនួន​៣៥​ប្រភេទ​កីឡា ឡើង​វិញ​នា​ដើមខែ​ក្រោយ​នេះ ។ ការប្រមូលផ្ដុំ​ធ្វើ​ឡើង​រយៈពេល​៦​ខែ​ចាប់ពី​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឲ្យ​ម​ជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា រៀបចំ​កម្មវិធី​ប្រមូលផ្ដុំ​ជម្រើសជាតិ​ក្រុម​ធំ​ចំនួន​៣៥​ប្រភេទ​កីឡា ឡើង​វិញ​នា​ដើមខែ​ក្រោយ​នេះ ។ ការប្រមូលផ្ដុំ​ធ្វើ​ឡើង​រយៈពេល​៦​ខែ​ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។

បើ​យោង​តាម​តារាង​ចំណត់​ចំនួន​អនុរក្ស គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនី ក្រុម​ជម្រើស​ជាតិ​ដែល​ត្រូវ​ប្រមូលផ្ដុំ​ឡើង​វិញ​នា​ដើមខែ​កក្កដា គឺ​មាន​ក្រុមកីឡា​ជាតិ​៣៥​ប្រភេទ​កីឡា ស្មើនឹង​៤៦៤​នាក់ និង​ក្រុមកីឡា​ជន​ពិការ​ចំនួន​៥២​នាក់ សរុប ៥១៦​នាក់​។

ជាមួយ​ការ​ត្រៀម​ចូល​ជំរំ​ហ្វឹកហាត់​ឡើង​វិញ​នេះ​ដែរ គឺ​ធ្វើ​ឡើង​ក្រោយ​១​ខែ​គត់ បន្ទាប់​ពី​ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​ស​ព័ន្ធ​កីឡា​ជាតិ ធ្វើការ​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិ​ថ្នាល កាលពីដើម​ខែមិថុនា ដែល​អនុវត្ត​ជា​ជំហាន​ៗ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ចូល​រួម​ការពារ និង​ទប់ស្កាត់​រលក​ទី​២ នៃ​ជំងឺ​កូ​វី​ដ​-១៩ ទោះបី​កម្ពុជា​មាន​សភាព​ធូរស្រាល​ច្រើន​យ៉ាងណា​ក៏​ដោយ​។

ចំពោះ​ប្រភេទ​កីឡា​ដែល​ត្រូវ​បាន​កំណត់​ឲ្យ​ធ្វើការ​ប្រមូលផ្ដុំ គឺ​បែងចែក​ជា​៥​ផ្នែក​មាន​ ៖
ទី​១-​កីឡា​មាន​សក្ដានុពល រួម​មាន​កីឡា តេ​ក្វា​ន់​ដូ​WT ប៉េតង់ ជឺ​ជិត​ស៊ូ គុន​ល្បុក្កតោ ប្រដាល់​គុន​ខ្មែរ ប្រដាល់សកល សីដក់ សូ​ហ្វ
តិ​ន្នី​ស ម៉ូតូ​ទឹក និង​ចំបាប់ ។
ទី​២-​កីឡា​ប្រជាប្រិយ រួម​មាន​កីឡាបាល់ទះ និង​កីឡាបាល់បោះ ។
ទី​៣-​កីឡា​ចាំបាច់ រួម​មាន​កីឡាអត្តពលកម្ម និង​ហែល​ទឹក ។

ទី​៤-​កីឡា​កំពុង​អភិវឌ្ឍ និង​ជំរុញ​ដណ្តើម​មេដាយ រួម​មាន​កីឡា​វាយ​កូន​បាល់ វូ​ស៊ូ កាយសម្ព័ន្ធ វាយ​សី ទ្រី​យ៉ា​ត្លុង ទោចក្រយាន គុន​ដាវ ជិះសេះ កា​រ៉ា​តេ ទូក​ប្រពៃណី និង​អន្ដរជាតិ យូ​ដូ ទូកក្ដោង វាយកូនគោល បាញ់កាំភ្លើង និង​កីឡា​រាំ និង
ទី​៥-​កីឡា​ត្រៀម​ប្រកួត​លក្ខណៈ​អន្តរជាតិ រួម​មាន​កីឡា​វ៉ូ​វី​ណា​ម តេ​ក្វា​ន់​ដូ ITF អុកចត្រង្គ និង​កីឡា​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ ។

រី​ឯប្រភេទ​កីឡា​ជន​ពិការ​ទាំង​៥២​នាក់ គឺ​មាន​កីឡាករ​២៨​នាក់ កីឡាការិនី​១២​នាក់ គ្រូបង្វឹក ១០​នាក់ និង​អនុរក្ស​២​នាក់​។

ការ​ហ្វឹកហាត់​នេះ គឺ​ដើម្បី​ស្ដារ និង​ពង្រឹង​សមត្ថភាព​ឡើង​វិញ ត្រៀម​ចូលរួម​ការ​ប្រកួត​អន្ដរជាតិ​នានា ពិសេស​ការ​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២១ នៅ​វៀតណាម និង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​តែ​ម្ដង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ