ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ជើង​ថ្មី ​ថៃ រ៉េ​ត ប្រឹង​សាង​កេរ្តិ៍​ឈ្មោះ​​លើ​​សង្វៀន​ប្រដាល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ទី​ថ្ងៃ ២០ មិថុនា ឆ្នាំ​២០២០ កីឡាករ​ជើង​ថ្មី​ថៃ រ៉េ​ត ដែល​គេ​មិនសូវ​ឮ​ឈ្មោះ​ក្នុង​ពិភព​ប្រដាល់ បាន​សាង​កេរ្តិ៍ឈ្មោះ​គួរ​ឱ្យ​សរសើរ…

រាជធានី​ភ្នំពេញ ៖ កាលពី​ទី​ថ្ងៃ ២០ មិថុនា ឆ្នាំ​២០២០ កីឡាករ​ជើង​ថ្មី​ថៃ រ៉េ​ត ដែល​គេ​មិនសូវ​ឮ​ឈ្មោះ​ក្នុង​ពិភព​ប្រដាល់ បាន​សាង​កេរ្តិ៍ឈ្មោះ​គួរ​ឱ្យ​សរសើរ ទាក់ទាញ​អ្នកគាំទ្រ​ឱ្យ​ចាប់អារម្មណ៍ តាម​រយៈ​ឱកាស​យកឈ្នះ​គូប្រកួត​របស់​ខ្លួន គឺ​បង្គោល​ក្រហម សៅ វ​ណ្ណា ដោយ​លោក​ប្រឹង​ប្រកួត​​ឡើង​អស់ពី​សមត្ថភាព បើ​ទោះជា​ការ​ប្រកួត​របស់​លោក និង​ដៃគូ​មិន​មាន​អ្នក​ទស្សនា​ផ្ទាល់​ដោយសារ​ជា​ការ​ប្រកួត​បិទទ្វារ ព្រោះ​សល់​ចំហាយ​កូ​វី​ដ​-១៩​ក្ដី ។ គេ​បាន​ឈ្នះ​ក្នុង​សំឡេង​កោត​សរសើរ​នៅ​លើ​សង្វៀន​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ គឺ​សង្វៀន​«​ប្រដាល់​អន្តរជាតិ​ជើងឯក​ខ្សែ​ក្រវាត់ Carabao»​ដែល​ស្ថាប័ន​នេះ​ផ្អាក​ការ​ប្រកួត​អន្តរជាតិ​ព្រោះតែ​កីឡាករ​ថៃ​មក​ប្រកួត​មិន​បាន​។

ការ​ប្រកួត​មិត្តភាព ដែល​មាន​តែ​អ្នក​ទស្សនា​លើ​កញ្ចក់​ទូរទស្សន៍​នោះ កីឡាករ​បង្គោល​ខៀវ ថៃ រ៉េ​ត ត្រូវ​ប៉ះ​បង្គោល​ក្រហម សៅ វ​ណ្ណា ដែល​សុទ្ធតែ​ជា​កីឡាករ​មិនសូវ​ល្បី និង​មាន​ថ្វីដៃ​ល្អ​មិន​ខុស​គ្នា ។ ការ​ប្រកួត​មួយគូ​នេះ​ម្នាក់​ៗ​មិន​រំពឹង​ថា នឹង​ល្អមើល​នោះ​ទេ ដោយសារ​តែ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​ជើង​ថ្មី ហើយ​បើ​និយាយ​ពី​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​គឺ​អាច​ថា​មិន​មាន​តែ​ម្ដង ម្យ៉ាង​ស្ថិត​ក្នុង​កាលៈទេសៈ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​ផង ។

យ៉ាងណា​ក៏​ដោយ នៅ​ពេល​អ្នក​ទាំង​ពីរ​បើក​ឆាក​ប្រយុទ្ធ​គ្នា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​គណៈ​កម្មការ​ដែល​យល់​ថា​កីឡាករ​ថ្មី​អាច​ប្រកួត​មិនកើត​ក្លាយជា​ដក​ក​ចំហ​មាត់ និង​សរសើរ​មិន​ដាច់​ពី​មាត់ ។ ចប់​ទឹក​ទី​៣ ម្នាក់​ៗ​យល់​ថា កីឡាករ​ទាំង​ពីរ​ក្លាយជា​គូប្រកួត​ពិបាក​ស្វែងរក​ចាញ់​ឈ្នះ ក្នុង​ពេល​ដែល​កីឡាករ​បង្គោល​ក្រហម និង​បង្គោល​ខៀវ សុទ្ធតែ​បញ្ចេញ​ក្បាច់​គុន​បាន​ល្អ ដើម្បី​ស្វែងរក​ឱកាស​បំបាក់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខាង​តែ​បាន​នោះ ។

កីឡាករ ថៃ រ៉េ​ត និង​សៅ វ​ណ្ណា ដ្បិតតែ​មិន​ទាន់​ល្បី និង​មិន​ទាន់​មានបទពិសោធន៍​ច្រើន​នៅ​លើ​សង្វៀន តែ​អ្នក​ទាំង​ពីរ​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​នោះ​ទេ ដោយសារ​ពួក​គេ​សម្រុក​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ល្អ ហើយ​ប្រឹង​សម្រុក​វ័ធ​កែង​ផង ម៉ាត់​ផង ជង្គង់​ផង ហើយ​បើ​ទោះជា​បង្គោល​ក្រហម​វ័ធ​មួយ​កែង​ៗ​ពិបាក​ទប់ ក៏​កីឡាករ​ម្ខាង​ទៀត​សម្រុកចូល​ធ្វើ​ឲ្យ​ការ​ប្រកួត​ល្អមើល​។​មុន​បញ្ចប់​ការ​ប្រកួត ម្នាក់​ៗ​ភ័យ​អរ​មិន​តិច​ទេ ដោយសារ​តែ​មិនដឹង​ថា​អ្នក​ណា​នឹង​ឈ្នះ ជា​ពិសេស​នៅ​ពេល​ម្នាក់​ៗ​ប្រឹង​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ។ ក្រោយ​លទ្ធផល​ស្ដែង​ឡើង​ថា​បង្គោល​ខៀវ​ឈ្នះ​ដោយ​​ពិន្ទុ ម្នាក់​ៗ​សុទ្ធតែ​លាន់មាត់​ថា អ្នក​ឈ្នះ​ពិតជា​មិនធម្មតា បើ​ទោះជា​អ្នក​ចាញ់​រាង​មិន​អស់​ចិត្ត​ក្ដី​។

កីឡាករ​វ័យក្មេង ថៃ រ៉េ​ត ទទួលស្គាល់​ថា ដ្បិតតែ​លោក​បាន​ទទួល​ការ​ប្រកួត​តិចតួច ហើយ​មិន​សូវ​​មានឈ្មោះ​បោះ​សំឡេង ប៉ុន្តែ​លោក​ក៏​មាន​វិធានការ​បង្កើន​កម្លាំង​ឱ្យ​ឈាន​ឡើង​រាល់ពេល​មានការ​ផ្គូផ្គង​ម្ដង​ៗ​ផង​ដែរ ខណៈ​ដែល​លោក​ក៏​តែង​ប្រកាន់​ជំហរ​ប្រកួត​មិន​ខ្លាច​គ្រោះថ្នាក់​សំខាន់​ឱ្យ​តែ​ឈ្នះ ។

ជាក់ស្ដែង​លោក​បាន​ធ្វើ​សកម្មភាព​ហាត់​រត់​កុំឱ្យ​ឆាប់​ហត់ និង​រមែង​ហ្វឹក​ហាត់​​យ៉ាង​ហោច​១​ស​ប្ដា​ហ៍​យ៉ាងតិច រាល់​មុន​ពេល​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ម្ដង​ៗ​ផង ទើប​សមត្ថភាព​ឡើង​ប្រកួត​ទទួល​​បានការ​សរសើរ​បែប​នេះ ។ ក្នុង​នោះ ការ​ថែរក្សា​សុខភាព និង​វិធានការ​បង្វឹក​ផ្លូវដង្ហើម​កុំឱ្យ​ឆាប់​ហត់ ក៏​មិន​ប្រហែស​នោះ​ដែរ ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​របស់​លោក​នៅ​តែ​រក្សា​បាន​នូវ​កម្លាំង និង​ថាមពល ។ ពួក​លោក​កំពុង​បង្កើន​ការ​ប្រកួត ដោយ​ប្រឹង​ហ្វឹកហាត់ ហើយ​រាល់ពេល​ឡើង​រេញ គឺ​រឹតតែ​ប្រឹង ទើប​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មិន​ខកចិត្ត ដោយ​មិនមែន​សំអាង​មក​ប្រកួត​ដើម្បី​យក​លុយ ហើយ​មិន​ប្រឹង​នោះ​ទេ ។

លោក​បន្ត​ថា បង្គោល​ក្រហម គឺជា​ជើង​ខ្លាំង​ម្នាក់ ដែល​លោក​ក៏​បុក​ពោះ​ដែរ ប៉ុន្តែ​បណ្ដាល​មក​ពី​លោក​មិន​ចុះចាញ់​ចំពោះ​ការ​ប្រកួត ហើយ​ចេះ​តែ​ប្រថុយ​វាយ​សម្រុក ទើប​លោក​ចេះ​តែ​មាន​សំណាង​វាយ​ចូល ហើយ​ធ្វើ​ឱ្យ​លោក​ទទួល​បាន​លទ្ធផល​ឈ្នះ​ដោយ​ពិន្ទុ​។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា កីឡាករ​ទាំង​ពីរ ដ្បិតតែ​ជា​កីឡាករ​មិន​ទាន់​ល្បី ប៉ុន្តែ​ការ​ប្រកួត​របស់​ពួក​គេ មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​ផេ​ក​ខកចិត្ត​នោះ​ទេ ។ លោក​ថា ហេតុផល​កីឡាករ​ទាំង​ពីរ​មិនសូវ​បាន​ឡើង​រេញ គឺ​ដោយសារ​តែ​ការ​ប្រកួត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​ប្រដាល់ តម្រូវ​ឱ្យ​មានការ​ផ្គូផ្គង​វិល​ជុំ ដែល​មាន​ន័យ​ថា​ទម្រាំ​ដល់ គឺ​អាច​ច្រើន​ខែ ។ ម្យ៉ាង​មក​ពី​អ្នក​ទាំង​ពីរ​មិនសូវ​ល្បី​ខ្លាំង​ផង ទើប​យូរ​ៗ​បាន​អាច​ដាក់​ឱ្យ​ប្រកួត ដើម្បី​កុំឱ្យ​អ្នក​ស្ពុ​ន​ស័​រ​ដេញដោល ។

លោក​ថា នឹង​ដាក់​ប្រកួត​ឲ្យ​បាន​ច្រើន​ដើម្បី​ឱ្យ​អ្នក​ទាំង​ពីរ​កសាង​កេរ្តិ៍ឈ្មោះ ។ ការ​ប្រកួត​រវាង​កីឡា​ករ​ទាំង​ពីរ លោក​ថា គឺជា​ជំនួប​សាកល្បង​សមត្ថភាព ដោយ​បង្គោល​ក្រហម​គឺ​អាច​និយាយ​បាន​ថា ឡើង​ប្រកួត​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ក្នុង​នាម​ជា​កីឡាករ​ត្រូវការ​បទ​ពិសោធន៍​បន្ថែម ។

ចំណែក​បង្គោល​ខៀវ​ត្រូវការ​បំផុត​គឺ​ដណ្ដើម​ជ័យជម្នះ​ដើម្បី​ឱ្យ​គេ​ស្គាល់​ច្បាស់​ស្រួល​បាន​ប្រកួត​ញឹក​សន្សំ​លុយ ទើប​ការ​ប្រកួត​មួយគូ​នេះ​ល្អមើល​តាំងពី​ដើម​ទឹក​ទី​៣ ។ មួយគូ​នេះ បើ​មើល​មួយ​ភ្លែត​បង្គោល​ក្រហម​សម​នឹង​ឈ្នះ​ច្រើន​ជាង ស្របគ្នា​ដែល​គេ​ក៏​វាយ​ចេញ​ត្រូវ​ចំ​គោលដៅ​បាន​ច្រើន នៅ​ពេល​បើក​ប្រកួត​ភ្លាម​ៗ ។

លោក​ថា បង្គោល​ខៀវ ទើបតែ​រក​ចំណុចខ្សោយ​បង្គោល​ក្រហម​ឃើញ​ក្រោយ​បញ្ចប់​ទឹក​ទី​២​ប៉ុណ្ណោះ ដោយ​គេ​ចាប់ផ្ដើម​ទាត់​ជើង​ក្រោម និង​វ័ធ​កែង​ម្ដង​ហើយ​ម្ដងទៀត ទើប​បង្គោល​ក្រហម​ចាញ់​ប្រៀប បណ្ដាល​ឱ្យ​ចប់​ការ​ប្រកួត​បង្គោល​ខៀវ​ឈ្នះ​ពិន្ទុ។ ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ ទាំង​បង្គោល​ខៀវ និង​ក្រហម សុទ្ធតែ​បញ្ចេញ​សមត្ថភាព​បាន​ល្អ ដោយ​លោក​ក៏​មាន​គម្រោង​ដាក់​ឱ្យ​មួយគូ​នេះ​ឡើង​ប្រកួត​ជា​ថ្មី​ម្ដងទៀត តែ​រង់ចាំ​ឱ្យ​ម្ខាង​ៗ​អាច​ទទួល​ប្រកួត​កើត​សិន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ