ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាស្តាយណាស់! សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​ត្រូវ​បាន​រក​ឃើញ​ស្លា.ប់​ក្នុង​សភាព​ស្អុយរលួយ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​ត្រូវ​បាន​រក​ឃើញ​ថា ស្លាប់​ក្នុង​សភាព​ស្អុយរលួយ​ កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ ២០២០ នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​នៃ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ក្នុង ភូមិសាស្ត្រ​ខេត្តឧត្តរមានជ័យ​ ។ នេះបើយោងតាមក្រសួងបរិស្ថានចេញផ្សាយនាថ្ងៃទី២០…

សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​ត្រូវ​បាន​រក​ឃើញ​ថា ស្លាប់​ក្នុង​សភាព​ស្អុយរលួយ​ កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ ២០២០ នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​នៃ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ក្នុង ភូមិសាស្ត្រ​ខេត្តឧត្តរមានជ័យ​ ។ នេះបើយោងតាមក្រសួងបរិស្ថានចេញផ្សាយនាថ្ងៃទី២០ ខែមិថុនានេះ ។

នេះ​បើ​តាម​ការ​ថ្លែង​ឱ្យ​ដឹង​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ ២០២០​នេះ ហើយ​ឯកឧត្តម​បានដឹង​ថា​ក្រុមការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ព្រះ​ភិក្ខុ ប៊ុ​ន សា​លួត ព្រះ​មេគណ​ខេត្តឧត្តរមានជ័យ​និង​ជា​ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​មន្ត្រី​នគរបាល និង​ទាហាន​បាន​ធ្វើការ​ពិនិត្យ​លើ​សព​សត្វ​ទន្សោង ហើយ​សន្និដ្ឋាន​ថា​សត្វ​ទន្សោង​ដែល​បាន​ស្លាប់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នេះ​សង្ស័យ​ត្រូវ​បាន​ស្លាប់​ដោយ​ការ​បាញ់​ដោយ​គ្រាប់កាំភ្លើង​ព្រោះ​បាន​រក​ឃើញ​ថា​មាន​បាក់ឆ្អឹង​ជំនី​ចំនួន ២ កាំ​នៅ​ផ្នែក​ខាងឆ្វេង​។

សាកសព​សត្វ​ទន្សោង​នេះ​ត្រូវ​បាន​ដឹក​មក​កាន់​ទីស្នាក់ការ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន ហើយ​បើ​តាម​ព្រះ​ភិក្ខុ ប៊ុ​ន សា​លួត សាកសព​សត្វ​ទន្សោង​នេះ​នឹង​ត្រូវធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​តាម​បែប​ពុទ្ធសាសនា រួច​ហើយនឹង​កប់​ទន្ទឹម​នឹង​សាកសព ទន្សោង​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា​កន្លង​ទៅ​។

នេះ​ជា​សត្វ​ទន្សោង​ទី​៦ ហើយ​ដែល​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយ​នេះ​។ សត្វ​ទន្សោង​ទី​៥ ដែល​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា និង​បាន​ស្លាប់​ដោយ​ការ​ជាប់អន្ទាក់​របស់​ព្រានព្រៃ​ក្រោយ​ពី​ការ​ខិតខំ​ជួយ​សង្គ្រោះ​ជីវិត​សត្វ​ទន្សោង​នេះ​ពី​ពេទ្យសត្វ​ខណៈ​ទន្សោង​ញី​ឈ្មោល​ផ្សេង​ទៀត​ចំនួន ៤ ក្បាល​បាន​ស្លាប់​ដោយ​ជាប់អន្ទាក់ និង​ដោយសារ​អន្ទាក់​ឆក់​កាលពីដើម​ឆ្នាំ ២០២០​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​សត្វ​កម្រ ដោយសារ​ស្នាដៃ​ក្រុម​ព្រានព្រៃ​គ្មាន​ក្តី​មេត្តា ហើយ​បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​នោះ​រួម​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន​បន្ត​សហការ​គ្នា​ស្អិតរ​មួ​ត​បន្ថែម​ទៀត​ដើម្បី​រឹត​បន្តឹងបន្ថែម​លើ​ការ​អនុវត្ត​ច្បាប់ និង​ត្រូវ​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​ដើម្បី​ដកហូត​អនុ​ផល​ព្រៃឈើ​ផ្សេង​ៗ​ដើម្បី​កុំឱ្យ​ពួក​គាត់​លួចលាក់​អាវុធ​ពិត ឬ​អាវុធ​កែ​ច្នៃ អន្ទាក់​ចូល​ទៅ​ក្នុង​ព្រៃ ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ បរបាញ់​សត្វ និង​ដាក់​អន្ទាក់​សត្វ​។ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​ថ្លែង​ថា យើង​ត្រូវ​បន្ត​ស៊ើបអង្កេត​ស្វែងរក​ជនខិលខូច​ដែល​ប្រព្រឹត្ត​បទល្មើស​បរបាញ់​សត្វ​ដាក់​អន្ទាក់​សត្វ ហើយ​សូម​ស្នើ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានដឹង​ព័ត៌មាន​ពី​ជន​បំផ្លាញ​សត្វព្រៃ សូម​ជួយ​ផ្តល់​ការ​សហការ​និង​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ដើម្បី​អនុវត្ត​ច្បាប់​។

លោក​បាន​ថ្លែង​ថា​ចាប់តាំងពី​ខែមករា​ដល់​ខែមិថុនា​នេះ សត្វ​ទន្សោង​យ៉ាង​ហោច​ចំនួន ១០ ក្បាល​ហើយ​ដែល​បាន​រក​ឃើញ​ថា ស្លាប់​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ដែល​ក្នុង​នោះ ១ ក្បាល​រក​ឃើញ​ស្លាប់​ដោយ ជាប់អន្ទាក់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ៦ ក្បាល (​ឈ្មោល ៣ ក្បាល និង​ញី ៣ ក្បាល​) ស្លាប់​ដោយ​ជាប់អន្ទាក់​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ក្នុង​ខេត្តឧត្តរមានជ័យ និង ២ ក្បាល​ក្នុង​តំបន់​ជាប់​នឹង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ដោយសារ​ការ​បាញ់ សម្លាប់ និង​កូន​ទន្សោង​ញី ១ ក្បាល​រក​ឃើញ​ស្លាប់​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ក្នុង​ខេត្តមណ្ឌលគិរី​ដោយសារ​តែ​ជាប់អន្ទាក់​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា សត្វ​ទន្សោង​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ហើយ​កម្ពុជា​មាន​មោទនភាព​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ​ឱ្យ​បាន​គង់វង្ស​ដោយ​និយាយ​ថា​ទេ​ចំពោះ​ការ​ជួញដូរ​សត្វព្រៃ ការ​បរិភោគ​សាច់សត្វ​ព្រៃ និង​កុំ​បរបាញ់ និង​ចាប់​សត្វព្រៃ​៕