ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រំចំពុះទា​នេះ​ពិតជា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​លក់​បាន​ថ្លៃ​ទៀត

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​លើក​ឡើង​ថា ការ​គាំទ្រ​ម្ហូប​ច្នៃ​ពី​គ្រំចំពុះទា មាន​ប្រភព​មក​ពី​តំបន់​ការ​ពរ​ធម្មជាតិ​ពាម​ក្រ​សោម…

ខេត្តកោះកុង ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​លើក​ឡើង​ថា ការ​គាំទ្រ​ម្ហូប​ច្នៃ​ពី​គ្រំចំពុះទា មាន​ប្រភព​មក​ពី​តំបន់​ការ​ពរ​ធម្មជាតិ​ពាម​ក្រ​សោម ដែល​ជា​ការ​គាំទ្រ​ការ​អភិរក្ស​ដើម​កោង​កាង និង​បង្កើន​ចំណូល​សម្រាប់​ប្រជា​សហគមន៍ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០ ។

ការ​លើក​ឡើង​បែប​នេះ របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងបរិស្ថាន អាជ្ញាធរ​ខេត្តកោះកុង ចុងភៅ​ប្រចាំ​សណ្ឋាន​គារ​ឡឺ​រ៉ូ​យ៉ា​ល់​មួយ​ក្រុម ព្រមទាំង​អ្នក​សារព័ត៌មាន​ចុះ​ពិនិត្យ​ការ​ចិញ្ចឹម​គ្រំ ឬ​ខ្យង​ចំពុះទា និង​ការ​កែ​ច្នៃ​ផល​នេសាទ នៅ​ខេត្តកោះកុង ដើម្បី​សិក្សា​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង​។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា ឱជា​រស​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៃ​មុខម្ហូប​ច្នៃប្រឌិត​ខ្ពស់​ចេញពី​គ្រំចំពុះទា ផលិតផល​ក្នុងស្រុក​ចេញពី​សហគមន៍​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប ទឹកដី​ខេត្តកោះកុង ។ ម្ហូប​ដ៏​ចាប់ចិត្ត​ផ្សា​ភ្ជាប់​រវាង​ការ​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍ និង​ការ​អភិរក្ស​ដើម​កោង​កាង ដើម្បី​និរន្តរភាព​បរិស្ថាន​។

លោក នេត្រ ភក្ត្រា បាន​បន្ថែម​ថា សម្រាប់​ជនជាតិ​អឺរ៉ុប និង​បរទេស​មួយ​ចំនួន​ធំ បាន​ស្គាល់​ច្បាស់​ពី​គ្រំចំពុះទា ព្រមទាំង​និយម​បរិភោគ​គ្រំចំពុះទា​នេះ​ដែល​មាន​តម្លៃ​ថ្លៃ ក៏​ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ មួយ​ចំនួន​ធំ​មិនសូវ​ស្គាល់​គ្រំ​ប្រភេទ​ន​នេះ​ប៉ុន្មាន​ទេ ហើយ​គ្រំចំពុះទា​នេះ​ទៀត​សោត គឺ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ប្រកប​របរ​ចិញ្ចឹម​វា​តាំងពី​ទស្ស​វត្ស​ឆ្នាំ​១៩៩០​មក​ម្ល៉េះ ។ ដូច្នេះ លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​បិ​ភោគ​គ្រំ​នេះ ដើម្បី​ផ្សារ​ភ្ជាប់​ជីវិត​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​សហគមន៍​ពាម​ក្រសោប ក៏​ដូច​ជា​ផ្តល់​ការងារ និង​ចូលរួម​អភិរក្ស ព្រៃកោងកាង ជា​ពិសេស​បាន​ចូលរួម​ការពារ​ធនធាន​សមុទ្រ និង​ជីវៈចម្រុះ​ឱ្យ​កាន់តែ​សំបូរ​បែប​របស់​កម្ពុជា​ផង​ដែរ​។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូប​នេះ បាន​បន្ត​ថា ក្នុង​ការ​ពង្រឹង​ទៅ​លើ​ការ​អភិរក្ស​ជាមួយ​ការ​បង្កើត​ស​ដ្ឋ​កិច្ច​មូលដ្ឋាន រដ្ឋមន្ត្រី សាយ សំ​អាល់ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​យកចិត្តទុកដាក់​ការ ផ្សារ​ភ្ជាប់​សហគមន៍​ជាមួយ​ផ្នែក​ទីផ្សារ ហើយ​សហគមន៍​ពាម​ក្រសោប​នេះ ដែល​អាច​ចិញ្ចឹម​ក្នុង​១​ឆ្នាំ​ៗ យ៉ាង​ណោ​ច​ណាស់​ជាង​១០,០០០​តោន ហើយ​គ្រំ​ប្រភេទ​នេះ ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ និង​វៀតណាម ។

ដោយឡែក​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ប្រជាពលរដ្ឋ​ដឹក​តិចតួច​នៅឡើយ ។ ដូច្នេះ ក្រសួងបរិស្ថាន បាន​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​អំពី​ផលិតផល នៅ​ក្នុង​សហគមន៍​ពាម​ក្រសោប ដល់​ម្ចាស់​សណ្ឋាគារ និង​ម្ចាស់​ភោជនីយដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ទៅ​បាន​ស្គាល់ និង​ភ្លក់​រសជាតិ​បាន ។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា សម្រាប់​សហគមន៍​ពាម​ក្រសោប​នេះ មាន​ប្រជាជន​៣៥០​គ្រួសារ បាន​ប្រកប​របរ​ចិញ្ចឹម​គ្រំចំពុះទា​នេះ ក្រៅពី​របរ​នេសាទ​សមុទ្រ និង​អាច​ប្រមូល​ផល​បាន ចាប់ពី​ខែតុលា ដល់​ខែឧសភា ដោយឡែក​នៅ​ឆ្នាំ​២០២០​នេះ ដោយសារ​តែ​អាកាសធាតុ​អំណោយផល គ្រំចំពុះទា​នេះ ត្រូវ​បាន​ប្រមូល​ផល​រហូត​ដល់​ខែមិថុនា ឬ​ខែកក្កដា ខាង​មុខ​នេះ ។

បើ​តាម​លោក វង់ ដា​រ៉ា ជា​អ្នក​ចិញ្ចឹម​គ្រំចំពុះទា ក្នុង​តំបន់​សហគមន៍​ពាម​ក្រសោប ខេត្តកោះកុង បានឱ្យ​ដឹង​ថា ក្រៅពី​មុខរបរ​នេសាទ​សមុទ្រ ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ជាង​៧០​ភាគរយ បាន​ប្រកប​របរ​ចិញ្ចឹម​គ្រំចំពុះទា ដើម្បី​ចូលរួម​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​។

លោក​បាន​ថ្លែង​ថា គ្រំចំពុះទា ចាប់ផ្តើម​ពង​កូន រយៈពេល​៣​ខែ គឺ​ចាប់ពី​ខែ​១០ ដល់​ខែ​១២ ដូច្នេះ ប្រជា​នេសាទ​ទាំង​ក្នុង​សហគមន៍ ត្រូវ​ចាប់ផ្តើម​បោះបង្គោល រាយ​ខ្សែ​ដើម្បី​ឱ្យ​គ្រំ​នេះ​មក​តោង ដើម្បី​ពង​កូន ហើយ​ការ​ចិញ្ចឹម​គ្រំចំពុះទា​នេះ គឺ​តាម​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ មិន​ប្រើប្រាស់​បច្ចេកទេស ឬ​ដាក់​សារធាតុ​គីមី​ណាមួយ​នោះ​ទេ ក្រោយ​ដាក់​បង្គោល​បាន​៣​ខែ ប្រជា​នេសាទ​មើលឃើញ​កូន​គ្រំ​តោង​ជាប់​នឹង​បង្គោល ឬ​ខ្សែ​ដែល​ពួក​គាត់​បាន​ដាក់​នៅ​តាម​ទីតាំង​រៀង​ៗ​ខ្លួន អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គ្រំ​នេះ​មិន​អាច​ផ្លាស់​ទី​ពី​បង្គោល​មួយ ទៅ​កាន់​បង្គោល​មួយទៀត​បាន​នោះ​ទេ ជា​ហេតុ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជា​សហគមន៍ ដែល​ប្រកប​អាជីព​ចិញ្ចឹម​គ្រំ​ប្រភេទ​នេះ ។

សម្រាប់​ការ​ប្រមូល​ផល​គ្រំចំពុះទា​នេះ​វិញ លោក វង់ ដា​រ៉ា បាន​បន្ថែម​ថា ក្រោយ​ញាស់​បាន​រយៈពេល​៦​ខែ ប្រជា​សហគមន៍​អាច​ប្រមូល​គ្រំ​នេះ​បាន ដែល​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ហៅ​ថា «​គ្រំ​ក្រមុំ​» ក៏​ប៉ុន្តែ ទំហំ​របស់​គ្រំ​នេះ​នៅ​តូច ក៏​ប៉ុន្តែ បើ​គ្រំ​ធំ​ល្អ គឺ​មាន​រយៈពេល​១២​ខែ នៃ​ការ​ចិញ្ចឹម ។ លោក​ថា សម្រាប់​រយៈពេល​នៃ​ការ​ប្រមូល​ផល​គ្រំចំពុះទា​នេះ មាន​រយៈពេល​៦​ខែ គឺ​ចាប់ពី​ខែ​១០ រហូត​ដល់​ខែ​៤ មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។

គួរ​បញ្ជាក់​ថា គ្រំចំពុះទា ត្រូវ​បាន​ប្រជា​សហគមន៍​នៅ​ខេត្តកោះកុង អាច​ចិញ្ចឹម​លក់​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​ត្រឹមតែ​២៥០០ ដល់​៣០០០​រៀល​ប៉ុណ្ណោះ ខណៈ​គេ​លក់​នៅ​បរទេស​មាន​តម្លៃ​ខ្ពស់​ដែល​មាន​ចាប់ពី​ជិត​១០​ដុល្លារ ឡើង​ទៅ ៕