ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា និង​ចិនអាច​ត្រូវ​ចុះហត្ថ លេខា​ជា​ផ្លូវការចុងឆ្នាំ​២០២០​

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សង្ឃឹមថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា និង​ចិន អាច​ត្រូវ​ចុះហត្ថលេខា​ជា​ផ្លូវការ នៅ​ចុងឆ្នាំ​២០២០​នេះ…

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សង្ឃឹមថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា និង​ចិន អាច​ត្រូវ​ចុះហត្ថលេខា​ជា​ផ្លូវការ នៅ​ចុងឆ្នាំ​២០២០​នេះ ខណៈ​ពេល​នេះ​ក្រុមការងារ​បច្ចេកទេស​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​អស់ហើយ លើ​អត្ថបទ​ខ្លឹមសារ​កិច្ចព្រមព្រៀង​នោះ ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​ចិន ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំបូង​របស់​កម្ពុជា ។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា នៅ​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះ ក្លាយជា​ឯកសារ​ផ្លូវការ ការ​នាំ​ចេញ​របស់​កម្ពុជា​នឹង​កើនឡើង​ប្រមាណ​២០% ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ចិន បាន​កើត​មាន​ឡើង ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក លី គឺ​ជាំ​ង (Li Keqiang) នាយក​រដ្ឋមន្ត្រី​ចិន នៅ​ក្នុង​ជំនួប​ទ្វេភាគី​នា​ថ្ងៃ​ទី​២០-២៣ ខែមករា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េ​កាំ​ង ។

កិច្ចព្រមព្រៀង​នេះ មាន​គោលដៅ​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ សេវា និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​របស់​ប្រទេស​ទាំង​ពីរ ។

កម្ពុជា​រំពឹង​ថា ប្រទេស​ចិន​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់​ក្នុង​ការ​ទិញ​កសិផល​ខ្មែរ​ដូច​ជា អង្ករ ស្វាយ ចេក និង​ដំណាំ​ផ្សេង​ៗ​ទៀត ។

គ្រាន់តែ​៥​ខែ​ដើម ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​មាន​ចំនួន​១៣.៦​ម៉ឺន​តោន បើ​ធៀប​ជាមួយនឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៩ មានការ​កើនឡើង​២៥% ស្មើនឹង​៤០%​នៃ​ការ​នាំ​ចេញ​សរុប ។

ជាមួយនឹង​ការ​ប្រាប់​ដំណឹង​ល្អ​នេះ ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៅ​ខេត្ត​កែប កាលពី​ថ្ងៃ​ទី​១៩​មិថុនា លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ឱ្យ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ត្រូវ​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ល្អ និង​ត្រូវ​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និង​សេវាកម្ម ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត ពិសេស​ពង្រឹង​ការ​អនុវត្ត​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ថ្មី​ៗ នានា ដែល​ទាក់ទង​នឹង​ក្រសួងពាណិជ្ជកម្ម តួយ៉ាង​ដូច​ជា ការ​គ្រប់គ្រង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ដែល​ច្បាប់​នេះ​ទើបតែ​ដាក់​ឱ្យ​ប្រើប្រាស់​ថ្មី​ៗ​នេះ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ