ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនសិស្ស​ផ្តើម​នឹក​សាលា និង​មិត្ត​ភ​ក្តិ​ក្រោយ​សាលារៀន​បាន​បិទទ្វារ​មួយ​រយៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

សិរី​ជា​សិស្ស​រៀន​ថ្នាក់​ទី​៦ នៅ​សាលា​ឯកជន​មួយ គាត់​ផ្តើម​រអ៊ូ​ថា អផ្សុក និង​ចង់​វិល​ទៅ​សាលារៀន​វិញ ។ សិស្ស​អាយុ​១២​ឆ្នាំ​ម្នាក់​នេះ​និយាយ​ថា គាត់​ខាន​បាន​ទៅ​សាលា​តាំងពី​ចុង​ខែមករា​មក ។ ចាប់ពី​ពេល​នោះ​មក​គាត់​មិន​បាន​ជួប​មិត្ត​ភ័​ក្ត…

សិរី​ជា​សិស្ស​រៀន​ថ្នាក់​ទី​៦ នៅ​សាលា​ឯកជន​មួយ គាត់​ផ្តើម​រអ៊ូ​ថា អផ្សុក និង​ចង់​វិល​ទៅ​សាលារៀន​វិញ ។ សិស្ស​អាយុ​១២​ឆ្នាំ​ម្នាក់​នេះ​និយាយ​ថា គាត់​ខាន​បាន​ទៅ​សាលា​តាំងពី​ចុង​ខែមករា​មក ។ ចាប់ពី​ពេល​នោះ​មក​គាត់​មិន​បាន​ជួប​មិត្ត​ភ័​ក្ត និង​គ្រូ​របស់​គេ​ឡើយ ។

សិរី​និយាយ​ថា «​ពេល​នេះ​ខ្ញុំ​ចង់​វិល​ទៅ​សាលារៀន​វិញ​»​។ គាត់​បាន​និយាយ​បន្ត​ដោយ​ទឹកមុខ​មាំ​ថា «​សាលា​ខ្ញុំ​បាន​ផ្ញើ​មេរៀន​ឲ្យ​ធ្វើ​តាម​តេ​ឡេ​ក្រាម ។ ខ្ញុំ​បាន​ធ្វើ​កិច្ច​ដែល​សាលា​ឲ្យ​ហើយ​បាន​ផ្ញើ​ទៅ​លោកគ្រូ​វិញ​។ » ក្រៅពី​មិន​បាន​ចេញ​ទៅ​រៀន កូនសិស្ស​រូប​នេះ​ក៏​មិនសូវ​បាន​ចេញ​ទៅ​ក្រៅ​ដែរ គាត់​បាន​និយាយ​ថា ទោះបី​ឪពុក​ម្តាយ​គេ​បបួល​គាត់​ចេញ​ក្រៅ ដើម្បី​ទទួលទាន​អាហារ​ក៏​គាត់​មិន​ចង់ទៅ​ដែរ​។

«​កាលពី​ប៉ុន្មាន​ខែ​មុន ខ្ញុំ​មិន​ចង់​ចេញ​ទេ ដោយសារ​ពេល​ខ្ញុំ​ចេញ​ទៅ​ម្តង​ៗ​ដូច​ជា តឹងតែង​ណាស់ យើង​ប្រយ័ត្ន​ណាស់ ត្រូវ​លាងដៃ​ភ្លាម ក្រោយ​កាន់​អ្វី​បន្តិច តែ​ពេល​ចុង​ក្រោយ​នេះ​ខ្ញុំ​ឃើញ​មនុស្ស​ទូទៅ​មិនសូវ​ប្រយ័ត្ន​ទេ ។ គេ​នៅ​ជិត​ៗ គ្នា​ពេល​អង្គុយ​ទទួលទាន​អាហារ​» ។

សិរី​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ជា​ច្រើន​នាក់​ទៀត ដែល​មាន​អារម្មណ៍​នឹង​សាលារៀន និង​មិត្តភក្តិ ។ ចាប់តាំងពី​ពី​ពាក់កណ្តាល​ខែមករា មក​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទ​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។ ការ​បិទ​សាលា​ទំនង​ត្រូវ​អូស​បន្លាយ​យូរ​ទៀត​ព្រោះ​កន្លង​មក​ធ្លាប់​មានការ​ស្នើ​សុំ​បើក​សាលា​វិញ ពី​គ្រឹះស្ថានសិក្សា​ឯកជន​ខ្លះ​ដែរ តែ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បដិសេធ ។

លោក​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា បាន​លើក​ឡើង​ថា ការ​បើក​សាលារៀន​ឡើង​វិញ គឺជា​ការ​ប្រថុយ​មួយ ហើយ​ថា ក្រសួង​មិន​គួរ​យកអាយុ​ជីវិត​សិស្ស និង​បុគ្គលិក​អប់រំ​ទៅ​លេងសើច​បាន​ឡើយ ។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ដរាបណា​កូ​វី​ដ​១៩ គ្មាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ទេ​នោះ វា​តែង​ជា​បញ្ហា​ប្រឈម ។

ជាមួយ​ការ​បិទទ្វារ​សាលារៀន ក្រសួង​អប់រំ​បាន​ជំរុញ​ឲ្យ​មានការ​បង្រៀន​តាម​អន​ឡាញ ដើម្បី​ធានា​ពី​ការ​ផ្តល់​ការ​អប់រំ​ដល់​សិស្ស​នៅ​គ្រា​លំបាក​នេះ ប៉ុន្តែ​សេវា​អប់រំ​ពី​ចម្ងាយ​នោះ​ត្រូវ​គេ​មើលឃើញ​ថា មិនសូវ​ទទួលផល​ឡើយ ។ មិន​ទទួលផល​ដោយសារ​សិស្ស​ជា​ច្រើន​ទំនង​មិន​បាន​ទទួល​សេវា​អប់រំ​នោះ ដោយសារ គ្មាន​ឧបករណ៍ សម្ភារៈ ដូច​ជា ទូរស័ព្ទ​ដៃ​ទំនើប​ដែល​ភ្ជាប់​អ៊ិ​ន​ធឺ​ណែ​ត​នោះ ។

លោកគ្រូ​បង្រៀន​នៅ​ជនបទ​ម្នាក់ បាន​និយាយ​ថា កូនសិស្ស​ថ្នាក់​ទី​១០ ដល់​ថ្នាក់​ទី​១២ នៅ​ជនបទ​មួយ​ក្នុង​ខេត្តបាត់ដំបង មាន​ទូរស័ព្ទ​ទំនើប​ប្រើ​អាច​មើល​ការ​បង្រៀន​តាម​អន​ឡាញ​បាន មាន​ចំនួន​ប្រហែល​៣០%​ប៉ុណ្ណោះ ។

ចំណែក​អ្នកស្រី សុផល រស់នៅ​ភ្នំពេញ មានកូន​ពីរ​នាក់​នៅ​ក្នុង​បន្ទុក​បាន​និយាយ​ថា ការ​បង្រៀន​តាម​អន​ឡាញ មើលទៅ​កូន​របស់​គាត់​ហាក់​មិន​ចង់​រៀន​ទេ ។

ស្ត្រី​ជា​ម្តាយ​រូប​នេះ​បាន​ព្រួយបារម្ភ​ពី​ការ​សិក្សា​របស់​កូន និង​ចង់​ឲ្យ​សាលា​បើក​បង្រៀន​ឡើង​វិញ​ដែរ ។ «​ពេល​កូន​ខ្ញុំ​កាន់​ទូរស័ព្ទ​ដៃ​ភាគច្រើន​គេ​លេង​ហ្គេ​ម ច្រើន​ជាង​រៀន ។ ខ្ញុំ​ដាស់តឿន​គេ​ឲ្យ​រៀន តែ​គេ​ឆ្លើយ​ថា ពិបាក​រៀន​ពីព្រោះ​សួរ​គ្រូ​មិនកើត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ