ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​​​នៅ​ខេត្ត​ព្រះ​សីហ​នុ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​​ព្រះ​សីហ​នុ ៖ ​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​​លោក​ គួ​ច ចំរើន អភិបាលខេត្ត…

ខេត្ត​​ព្រះ​សីហ​នុ ៖ ​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​​លោក​ គួ​ច ចំរើន អភិបាលខេត្ត ​ព្រះ​សីហ​នុ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការងារ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់ និង​ការ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​​នៅ​ខេត្ត ព្រះ​សីហ​នុ ដោយ​មាន​ការ​ចូលរួម​ពីប្រតិភូ​ក្រសួងទេសចរណ៍ អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បើក​កិច្ចប្រជុំ ដោយ​គូ​សបញ្ជាក់​ថា ឆ្នាំ​២០២០​នេះ ខេត្ត ព្រះ​សីហ​នុ និ​ង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ដែល​យើង​បាន​រៀបចំ​គណៈ​កម្ម​ការ​អន្តរ​ក្រសួង​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ចុងខែ​ធ្នូ​។ ក្នុង​នោះ យើង​មាន​ព្រឹត្តិ​ការណ៍​២ គឺ​ទី​១-រៀបចំ​បុណ្យ​សមុទ្រ​នៅ ខេត្ត​ព្រះ​សីហ​នុ ទី​២-រៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​អាស៊ាន​នៅ​ខេត្តសៀមរាប នៅ​ដើម​ឆ្នាំ​២០២១​។

លោករដ្ឋមន្ត្រី​ក្រសួងទេសចរ​បាន​បន្ត​ថា បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ជម្រើស​២ ទី​១-ធ្វើ​ផ្ទៃក្នុង ទី​២-ជា​លក្ខណៈ​បើក​ទូលាយ ដោយ​មាន​ការ​ចូលរួម​ពី​បណ្តា​ប្រទេស​នានា ដែល​រង់ចាំ​ការ​សម្រេច​ពី​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល ព្រោះ​ពិភពលោក​កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​បាន​បន្ត​ថា ខេត្ត​ព្រះ​សីហ​នុ​មានការ​អភិវឌ្ឍន៍​យ៉ាង​មមាញឹក​មាន​ផ្លូវ​៣៤​ខ្សែ និង​ឆ្នេរ​ខ្សាច់​ជាង​៩​គីឡូ​ម៉ែត្រ ដែល​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​មានការ​កោតសរសើរ​អបអរសាទរ ដែល​ជាស្នាដៃ​កូន​ខ្មែរ ជា​អ្នក​គូស​ប្លង់ និង​សាងសង់ ហើយ​ខ្មែរ​ធ្វើ​បាន​ដែល​សមិទ្ធផល​ទាំងនេះ ឆ្លើយ​តប​ទៅ​នឹង ការ​អភិវឌ្ឍន៍​របស់​ខេត្ត​ព្រះ​សីហ​នុ ជ​ម្រុ​ញ​កំ​ណើ​ន​ទេសចរណ៍ និង​សេដ្ឋកិច្ច បច្ចុប្បន្ន​ភ្ញៀវ​ក្នុង​ស្រុក​មានប្រមាណ​៦០​ម៉ឺន​នាក់ ក្នុង​មួយ​ខែ កាល​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ -១៩ ភ្ញៀវ​ក្នុង​ស្រុក​មាន​ជាង​១​លាន​នាក់​ក្នុងមួយ​ខែ​។

លោករដ្ឋមន្ត្រីក្រសួងទេសចរ​បាន​បន្ត​ទៀត​ថា ទេសចរ​ក្នុង​ស្រុកដំណើរការ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុកបាន​មួយ​ផ្នែក យើង​បាន​លើកទឹកចិត្ត និងធ្វើការ​ណែនាំ​អំពី​សុវត្ថិភាព និង​សុខុមាលភាព​ដល់​ភ្ញៀវ​ក្នុង​ស្រុក​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​រក្សា​បាន​នូវ​គុណភាព និង​សេវាកម្ម ដោយ​ធានា​ថា មិន​មាន​ផល​ប៉ះពាល់​ដល់​ភ្ញៀវ ​ទេសចរ ដោយ​តម្រូវ​ពាក់​ម៉ាស់ លៀង​សម្អាត​ដៃ រក្សា​គម្លាត​ពី​គ្នា និង​ការ​ធ្វើ​អនាម័យ​ជាដើម​។ ខេត្ត​ព្រះ​សីហ​នុ​ជា​គោល​ដៅ​ទេសចរណ៍ ដែល​មាន​ផ្លូវ ឆ្នេរសមុទ្រ កោះ យើង​ក៏​ត្រូវ​រៀបចំ​កន្លែង​ចត​រថយន្ត​ បង្គន់​អនាម័យ បញ្ជរព​័ត៌​មាន ដើម្បី​ក្លាយជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​។

​លោក​ គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ​បាន​មាន​ប្រសាសន៍​ថា ខេត្ត​ព្រះ​សីហ​នុ​មាន​កិត្តិយស​ធ្វើ​ជា​ម្ចាស​់​ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ហើយ​យើង​បាន​ជ្រើសរើស​យក​ទីតាំង​រង្វង់​មូល​ព្រះថោង នាងនាគ ស្ថិត​នៅ​ផ្លូវ​ប្រសព្វ មហាវិថី​រាម និង​មហាវិថី​ជំទាវ​ម៉ៅ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដើម្បី រៀបចំ​ព្រឹត្តិ​ការណ៍​បុណ្យ​សមុទ្រ​ជុំ​ទី​៣​នេះ ដោយ​មាន​រៀបចំពិ​ព័​ណ៌​ពាណិជ្ជកម្ម និង​ផលិតផល​ខ្មែរ ដូច្នេះ​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ចុះ​ទៅ​សិក្សា​ទីតាំង ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និង​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល​។ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ត្រូវ​ត្រៀម​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង ដើម្បី ឱ្យ​ពិធីបុណ្យស​​មុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នា​ពេល​ខាង​មុខ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ