រាជធានីភ្នំពេញ ៖ អ្នកនិយមទស្សនាកីឡាប្រដាល់កំពុងតែទន្ទឹងរង់ចាំមើលថា តើរង្វាន់ប្រាក់លានរបស់ក្រុមហ៊ុនខារ៉ាបាវបានទៅលើកីឡាកររូបណាក្នុងកម្មវិធីប្រដាល់លើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីនៅថ្ងៃសៅរ៍ទី២០ មិថុនា ស្អែកនេះ សម្រាប់សមាសភាពប្រកួតទាំង៤រូបនេះ។ នោះគឺអ្នកប្រដាល់ចាស់វស្សានី សុភី មកពីក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងជំនាន់ក្រោយឡៅ ចន្ទ្រាមកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ និងលន បញ្ញា មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ប្រកួតជាមួយឡុង ឡា មកពីក្លិបអប់រំកាយស្រុកអន្លង់វែង។រវាងនី សុភី និងឡៅ ចន្ទ្រា ថ្វីដ្បិតជាអ្នកប្រដាល់មានឈ្មោះបោះ
សំឡេងជាយូរមកហើយ ប៉ុន្តែពួកគេមិនធ្លាប់ជួបប្រកួតគ្នាពីមុនមកទេ។សម្រាប់ការជួបគ្នាជាលើកដំបូងនេះមិនមែនជារឿងចៃដន្យនោះទេគឺជាការរៀបចំដោយផ្អែកលើសមត្ថភាពព្រោះជាការប្រកួតដណ្ដើមប្រាក់លានដែលកីឡាករគ្រប់រូបប្រាថ្នាចង់បាន ។ មិនតែប៉ុណ្ណោះអ្នកតាមដានការប្រកួតភាគច្រើនពិតជាចង់ដឹងខ្លាំងណាស់ រវាងគំពូលអ្នកលេងស្នៀតកែងនិងជង្គង់ទាំងពីររូបនេះអ្នកណាខ្លាំងជាង ។ សម្រាប់ការប្រកួតមួយរយៈកន្លងមកនេះពួកគេទាំងពីរសុទ្ធតែឈ្នះច្រើនជាងចាញ់ដូចគ្នា។
អ្វីដែលធ្វើឱ្យអ្នកតាមដានការប្រកួតកាន់តែចង់ដឹងថែមទៀតនោះគឺនី សុភី ដែលជារៀមច្បង នោះអាចកាច់បំបាក់ធ្មុងសិស្សប្អូនឡៅ ចន្ទ្រាបានឬអត់? ខណៈឡៅ ចន្ទ្រា ក្លាយជាខ្លាកំណាចមួយរូបនៅក្នុងពិភពប្រដាល់ទៅហើយនោះ។ ចំណែកលន បញ្ញា និងឡុង ឡា ដែលជាគូដណ្ដើមប្រាក់លាននៅក្នុងសប្ដាហ៍នេះដែរនោះក៏សុទ្ធតែជាជើងខ្លាំងនៅក្នុងពិភពប្រដាល់ដូចគ្នា។
បើយោងលើប្រវត្តិប្រកួត លន បញ្ញា គ្រាន់តែជាសិស្សប្អូនប៉ុណ្ណោះបើប្រៀបជាមួយ ឡុង
ឡា ប៉ុន្តែឡុង ឡា មិនសូវល្បីឈ្មោះប៉ុន្មានទេ ។ ឯលន បញ្ញាវិញចាប់ផ្ដើមល្បីឈ្មោះ
បណ្ដើរៗហើយ តាមរយៈការប្រកួតឈ្នះច្រើនជាងចាញ់និងគ្មានទម្លាប់ឡើងវាយលាក់ដៃផងទើបផ្ទុះការគាំទ្រខ្លាំងបែបនេះ ។ ចាំមើលគូនេះអ្នកណាមានសំណាងបានក្លាយជាម្ចាស់ប្រាក់លាន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ