រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញបាត់បង់ជីវិតនៅក្នុងអតីតរោងលក់ដូរមួយកន្លែងស្ថិតក្នុងវិទ្យាល័យច្បារអំពៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។ ពាក់ព័ន្ធនឹងករណីនេះត្រូវបានសមត្ថកិច្ចអះអាងថា បណ្តាលមកពីខ្យល់គ ។
ជនរងគ្រោះខាងលើឈ្មេាះ វ៉ាន ឡាលីន ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករសំណង មានទីលំនៅផ្ទះជួល ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជារឿយៗ គេតែងសង្កេតឃើញជនរងគ្រោះឧស្សាហ៍ទៅដេកលេងនៅលើកន្លែងតូបលក់ដូរក្នុងវិទ្យាល័យខាងលើណាស់ ។
យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ដែលឃើញហេតុការណ៍បានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គាត់បានដើរទៅរោងលក់ដូរខាងលើក្នុងគោលបំណងទៅយកឆ័ត្រដែលទុកនៅទីនោះ ស្រាប់តែឃើញជនរងគ្រេាះដេកស្តូកស្តឹងនៅលើដី ដោយមានសភាពស្លេកស្លាំង និងមានស្រមោចរោមទៀតផង ។ នៅពេលឃើញដូច្នេះ គាត់បានរត់ទៅហៅគេឯងអោយមកជួយមើលដែរ ប៉ុន្តែជាអកុសល នៅពេលពួកគាត់ត្រឡប់មកវិញ ស្រាប់តែជនរងគ្រេាះបានដាច់ខ្យល់បាត់ទៅហើយ ។
ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋាន រួមជាមួយនគរបាលជំនាញកោសល្យវិច្ច័យបានចុះទៅពិនិត្យកន្លែងកើតហេតុ និងជនរងគ្រោះ ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតដោយសារខ្យល់.គ ព្រេាះតែកង្វះអាហារមិនគ្រប់គ្រាន់ ។
តាមប្រភពពីប្រជាពលរដ្ឋដែលជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះញៀននឹងស្រាខ្លាំងណាស់ ថ្ងៃខ្លះគេហូបតែស្រា មិនហូបបាយសោះក៏មានដែរ ។ ម្យ៉ាងទៀតរូបគេក៏មានជំងឺលើសឈាមប្រចាំកាយផងដែរ ។
ក្រោយពីពិនិត្យរួច សពត្រូវសមត្ថកិច្ចធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ