ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ! ក្រៅពី​ចារ​គម្ពីរ ឬ​សា​ស្រា្ត ស្លឹក​រឹត​​អាច​ច្នៃ​ជា​វត្ថុ​ផ្សេង​ៗ​យ៉ាងច្រើន​​​ទៀត​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ ស្លឹករឹត​ត្រូវ​ដូនតា​អ្នកប្រាជ្ញ​ខ្មែរ​យើង​កាលពី​សម័យ​បុរាណ​ប្រើប្រាស់​សម្រាប់​ចារ​គម្ពីរ ក្រាំង សាស្ត្រា បាលី ក្បួនច្បាប់ ផ្សេង​ៗ ហើយ​ក៏​មាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វថ្ងៃ​ផង​ដែរ ជា​ពិសេស​មាន​ច្រើន​នៅ​តាម​ទី​វត្ត​អារាម…

ខេត្តកណ្ដាល ៖ ស្លឹករឹត​ត្រូវ​ដូនតា​អ្នកប្រាជ្ញ​ខ្មែរ​យើង​កាលពី​សម័យ​បុរាណ​ប្រើប្រាស់​សម្រាប់​ចារ​គម្ពីរ ក្រាំង សាស្ត្រា បាលី ក្បួនច្បាប់ ផ្សេង​ៗ ហើយ​ក៏​មាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វថ្ងៃ​ផង​ដែរ ជា​ពិសេស​មាន​ច្រើន​នៅ​តាម​ទី​វត្ត​អារាម ។ ក្រៅពី​នេះ​ស្លឹករឹត​ក៏​អាច​ច្នៃ​ជា​សម្ភារ​ប្រើប្រាស់ ឬ​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ទៀត​បាន​ដែរ ដូច​ជា កន្ត្រក​យួរ កន្ត្រក​ស្លា​ម្លូ បំពង់​ប៊ិ​ច កញ្ច្រែង​ផ្លែ​ឈើ ស្មុគ និង​ផ្លិត ជាដើម​។ ទោះជា​យ៉ាងណា​ក្ដី អ្នកចេះ​ច្នៃប្រឌិត​ស្លឹករឹត​ឲ្យ​ទៅ​ជា​វត្ថុ​ទាំងនោះ​ប្រហែលជា​មាន​តិចតួច​ណាស់ ។

នៅ​រមណីយដ្ឋាន​ភ្នំ​ឧដុង្គ មាន​ផ្សារ​តូច​មួយ​នៅ​ជាប់ជើង​ភ្នំ ដាក់​លក់ វត្ថុ ផ្សេង​ៗ រួម​ទាំង​ម្ហូប​អាហារ​ផង សម្រាប់​ភ្ញៀវ​ទេសចរ ។ ក្នុង​ចំណោម​តូប​ទាំងនោះ​ក៏​មាន​តូប​លក់​សម្ភារ​ច្នៃ​ពី​ស្លឹករឹត​ដែរ ។ អ្នកលក់​បាន​ផលិត​ឡើង​ដោយ​ខ្លួនឯង គឺ​ធ្វើ​បណ្ដើរ​លក់​បណ្ដើរ ។

ស្ថិត​ក្នុង​វ័យ​ជាង​៥០​ឆ្នាំ​ស្ត្រី​ម្ចាស់​តូប​ឈ្មោះ​កង រុន មាន​ទីលំនៅ​ក្នុងភូមិ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្ដាល បាន​ចាប់​យកមុខ​របរ​លក់​សម្ភារ​ច្នៃ​ពី​ស្លឹករឹត រយៈពេល​មិន​តិច​ជាង​៣០​ឆ្នាំ​ទេ ។ ពី​ដំបូង​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០​និង​៩០ គាត់​លក់​រូប​សត្វ និង​ផ្លែ​ឈើ ព្រមទាំង​រូប ផ្សេង​ៗ​ទៀត ធ្វើ​អំពី​ស្លឹក​ត្នោត​នៅ​ម្ដុំ​វត្ត​ភ្នំ មាត់ទន្លេ មុខ​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ​។ ក្រោយ​មក​គាត់​បាន​មក​លក់​កន្ត្រក​យួរ និង​វត្ថុ​ផ្សេង​ទៀត ធ្វើ​អំពី​ស្លឹករឹត​នៅ​រមណីយដ្ឋាន​ភ្នំ​ឧដុង្គ​វិញ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

អ្នកស្រី​កង រុន ខំ​ប្រកប​របរ​នេះ​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ឲ្យ​កូនប្រុស​ស្រី​ចំនួន​៥​នាក់ បាន​រៀនសូត្រ ។ បច្ចុប្បន្ន​កូន​ចំនួន​៤​នាក់ មានគូស្រករ​ហើយ នៅ​សល់​តែ​កូនស្រី​ម្នាក់​ប៉ុណ្ណោះ​នៅ​លីវ តែ​មានការ​ងារ​ធ្វើ រក​កម្រៃ​បាន​ជួយ​ផ្គត់ផ្គង់​គ្រួសារ ។ ក្នុង​ចំណោម​កូន​ទាំង​៥​នាក់​របស់​គាត់ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ចេះ​ធ្វើ​វត្ថុ​ពី​ស្លឹករឹត​ស្ទាត់ជំនាញ ។

សម្ភារ​ដែល​អ្នកស្រី​កង រុន ត្បាញ​មាន​ដូច​ជា កន្ត្រក​យួរ ,​កន្ត្រក​ស្លា​ម្លូ​, បំពង់​ប៊ិ​ច​, កញ្ច្រែង​ផ្លែ​ឈើ ,​ស្មុ​ក និង​ផ្លិត​ជាដើម ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​គាត់​និយាយ​ថា «​វត្ថុ​ទាំងនេះ​បាន​ច្នៃប្រឌិត​ចេញ​អំពី​ស្លឹករឹត ហើយ​ខ្ញុំ​ធ្វើ​វា​ដោយ​ខ្លួនឯង​ពុំ​បាន​ជាវ​ពី​អ្នក​ផ្សេង​យក​មក​លក់​បន្ត​នោះ​ទេ គឺ​មាន​តែ​អ្នក​ផ្សេង​ប៉ុណ្ណោះ​ដែល​បាន​មក​ជាវ​បោះ​ដុំ​ពី​ខ្ញុំ​យក​ទៅ​លក់​បន្ត​យកចំណេញ ។

ដើម្បី​ផលិត​បាន​វត្ថុ​ទាំង​អស់នេះ គឺ​ត្រូវ​ចំណាយ​ប្រាក់​ដើមទុន​ច្រើន​គួរសម​ដែរ ក្នុង​នោះ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ពុម្ព​ដែក​កន្ត្រក ទិញ​ស្លឹករឹត និង​ទិញ​ល័ក្ដ​ដើម្បី​ជ្រលក់​ពណ៌ ។ ក្រៅពី​នេះ​ចំណាយពេល​ត្បាញ​ក្នុង​ភាព​អំណត់​ព្យាយាម​កុំ​ខ្ជិល កុំ​ធុញទ្រាន់​ថែម​ទៀត ទើបបាន​សម្រេច​ចេញ​ជា​លទ្ធផល​» ។

ចេះ​ធ្វើ​សម្ភារ​ទាំង​អស់នោះ​តាំងពី​នៅ​កុមារភាព​ម្ល៉េះ ដោយ​អ្នកស្រី​កង រុន មិន​បាន​ទៅ​រៀនសូត្រ​ពី​ណា​មក​ទេ គឺ​រៀន និង​អនុវត្ត​ផ្ទាល់​ពី​ឪពុក​អ្នក​ម្ដាយ ។ កាល​នៅ​រស់ ឪពុក​ម្ដាយ​គាត់ ក្រៅពី​ធ្វើស្រែ​បាន​ចាប់​យកមុខ​របរ​ត្បាញ​ស្លឹករឹត ហើយ​កាលនោះ​អ្នកស្រី​រុន នៅ​តូច​បាន​ជួយ​ធ្វើ និង​ជួយ​លក់​ពួក​គាត់ នៅ​តាម​ទីប្រជុំជន វត្ត​អារាម ជា​ពិសេស​នៅ​តាម​ពិធីបុណ្យ​ទាន ផ្សេង​ៗ​ដែល​មាន​សម្ដែង​សិល្បៈ​ល្ខោន និង​អា​យ៉ៃ ជាដើម ។ ជំនាន់​នោះ​លក់ដាច់​ណាស់ ដូច្នេះ​ហើយ​គាត់​មាន​អារម្មណ៍​សប្បាយ​រីករាយ ។

បន្ទាប់​ពី​ឪពុក​ម្ដាយ ចែក​ឋាន​ទៅ មុខរបរ​ត្បាញ​ស្លឹក​ស្លឹករឹត​ក៏​បន្ត​មក​អ្នកស្រី​កង រុន រហូត​ដល់​សព្វថ្ងៃ ។ គាត់​ថា «​ខ្ញុំ​ចាត់​ទុក​ថា​ចំណេះដឹង​ដែល​ខ្ញុំ​មាន​មួយ​នេះ គឺជា​កេរដំណែល​ឪពុក​ម្ដាយ​បន្សល់​ទុក​ឲ្យ​ដើម្បី​ចិញ្ចឹមជីវិត និង​គ្រួសារ​បន្ត​រស់​ទៅ​មុខ​ទៀត »​។

ស្លឹករឹត​សម្រាប់​ត្បាញ​ធ្វើ​វត្ថុ ផ្សេង​ៗ អ្នកស្រី​កង រុន បាន​ទិញ​ពី​ខេត្តក្រចេះ​ក្នុង​តម្លៃ ខុស​ៗ​គ្នា គឺ​បើ​ស្លឹករឹត​នៅ​ធម្មតា​មិន​ទាន់​វេញ​ត្រកួញ​ដូច​ជា​ខ្សែ​នោះ ក្នុង​១​គីឡូក្រាម​៤.០០០​រៀ​ល្តែ​បើ​វេញ​ត្រកួញ​ជា​ខ្សែ​រួច​ហើយ​ថ្លៃ​១៥.០០០​រៀល ។ ក្រោយ​ពី​ស្លឹករឹត ត្រូវ​ទិញ​ល័ក្ដ​ពណ៌ ដើម្បី​ជ្រលក់​ឲ្យ​វត្ថុ​ស្រស់​ស្អាត​ទាក់ទាញ​ចិត្ត​ដល់​អតិថិជន ។ ល័​ក្ខ​១​កញ្ចប់​ថ្លៃ​៣.០០០​រៀល អាច​ជ្រលក់​ស្លឹករឹត​បាន​២​ទៅ​៣​គីឡូក្រាម មិន​អាច​ជ្រលក់​បាន​ច្រើន​ជាង​នេះ​ទេ វា​ធ្វើ​ឲ្យ​ពណ៌​ព្រលែត ឬ​ស្ទើរ​ពណ៌​អត់​ស្អាត ។

ក្រៅពី​នេះ​ចំណាយ​ទៅ​លើ​ពុម្ព​ដែក​កន្ត្រក ក្នុង​ពុម្ព​១​ថ្លៃ​៥០.០០០​រៀល ព្រោះ​កន្ត្រក​ត្រូវការ​ប្រើ​ពុម្ព​ទើប​ត្បាញ​មាន​រាង​ស្មើ​ស្អាត​អត់​វៀច អត់​ចែវ ។

អ្នកស្រី​កង រុន ឲ្យ​ដឹង​ថា ស្លឹករឹត​មាន​លក្ខណៈ​ស្វិត​ជាប់​ធន់​ប្រើប្រាស់​បាន​យូរ ព្រោះ​មុន​នឹង​ត្បាញ​ត្រូវ​ត្រាំ​ទឹក​ច្រើន​ថ្ងៃ​សិន​ដើម្បី​កុំ​ឲ្យ​ខ្មូត​សុ​ី ឬ​ឆាប់​ពុក​ផុយ ។ «​ចំពោះ​ការ​ត្បាញ​វិញ​មិន​លំ​បាល​ទេ ព្រោះ​ខ្ញុំ​ចេះ​ធ្វើ​វា ប៉ុ​ន្ត​មិន​អាច​ប្រើ​ពេល​លឿន​ប៉ុន្មាន​ឡើយ ទម្រាំ​បាន​មួយ​គឺ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ម៉ោង ។ ជា​រៀងរាល់ថ្ងៃ​ខ្ញុំ​ចាប់ផ្ដើម​ត្បាញ​ចាប់ពី​វេលា​ព្រឹក​រហូត​ដល់​វេលា​ម៉ោង​១១ ឬ​ម៉ោង​១២​យប់ បាន​កន្ត្រក​ធំ​ត្រឹមតែ​៣​ប៉ុណ្ណោះ តែបើ​កន្ត្រក​ជំទើរ ឬ​តូច​ៗ ចាប់ពី​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច អាច​បាន​៣ ឬ​លើស​ពី​នេះ​» ។

តម្លៃ​ដែល​អ្នកស្រី​កង រុន លក់​ចេញ កន្ត្រក​ធំ​ៗ លក់​បោះ​ដុំ​១​ថ្លៃ​២៥.០០០​រៀល និង​លក់រាយ​១​ថ្លៃ​២៨.០០០​រៀល ។ កន្ត្រក​តូច​លក់​បោះ​ដុំ​១​ថ្លៃ​២៣.០០០ លក់រាយ​ថ្លៃ​២៥.០០០ ។ រីឯ​វត្ថុ​ផ្សេង​ទៀត​លក់​ក្នុង​តម្លៃ ខុស​ៗ​គ្នា​ទៅ​តាម​ទំហំ​តូច ឬ​ធំ និង​ប្រភេទ​វត្ថុ នីមួយ​ៗ ។

កាលពីមុន​ពេល​ជំងឺ​Covid-19 ផ្ទុះ​ឡើង​អ្នកស្រី​កង រុន លក់ដាច់ ព្រោះ​មាន​ភ្ញៀវ​ទៅ​លេង​ច្រើន ។ ប៉ុន្តែ​គាត់​ថា «​ខណៈ​ដែល​ជំងឺ​កាច​សាហាវ​នេះ​ផ្ទុះ​ឡើង​ខ្ញុំ​លក់​មិនសូវ​ដាច់​ទេ ថ្ងៃ​ខ្លះ​ក៏​ដាច់ និង​ថ្ងៃ​ខ្លះ​ទៀត​រកតែ​មួយ​ម៉ូយ​ក៏​គ្មាន​ផង ព្រោះ​គ្មាន​អ្នក​ទៅ​លេង ។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្ដី ខ្ញុំ​នៅ​តែ​តស៊ូ​ជាមួយ​មុខរបរ​ដែល​ជា​កេរ​ដំ​ណែ​ក​ឪពុក​ម្ដាយ​បន្សល់​ទុក​ឲ្យ​នេះ​មិន​បោះបង់​ឡើយ »​។

អំពី​អត្ថប្រយោជន៍​នៃ​ស្លឹករឹត បើ​តាម​លោកតា​ឈួ​ន សូរ អាយុ​៨៣​ឆ្នាំ​ដែល​បាន​ទៅ​លេង​នៅ​រមណីយដ្ឋាន​ភ្នំ​ឧដុង្គ​ជាមួយ​កូនចៅ​បាន​ឲ្យ​ដឹង​ថា គេ​អាច​យក​វា​ទៅ​ច្នៃ​ធ្វើ​ជា​សម្ភារ​ប្រើប្រាស់​ផ្សេង​ទៀត ក្រៅពី​ការ​ចារ​គម្ពីរ ហើយ​ជាប់​ធន់​ប្រើប្រាស់​បាន​យូរ​មិន​ចាញ់​កន្ត្រក​ដែល​ធ្វើ​ពី​ជ័រ​ឡើយ ។ បើ​វេញ​ជា​ខ្សែ​គឺ​ជាប់​ខ្លាំង​ណាស់ ។

លោកតា​នៅ​ចាំ​ថា​កាលពី​កុមារ​គាត់​ធ្វើ​ជា​កូនសិស្សលោក ក្រោយមក​បួស​ជា​សង្ឃ​នៅ​វត្ត​មួយ​ក្នុង​ខេត្តកំពង់ចាម ហើយ​គាត់​ធ្លាប់​បាន​ចារ​គម្ពីរ និង​សាស្ត្រា​ជា​ច្រើន​ជាមួយ​ព្រះសង្ឃ​ឯទៀត​។ នាំ​គ្នា​ចារ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ពេល​យប់​ជួន​ប្រើ​ចង្កៀងប្រេងកាត ជួន​ចង្កៀងម៉ាំងសុង​ដើម្បី​បំភ្លឺ ព្រោះ​គ្មាន​ម៉ា​ស៊ីន​ភ្លើង ឬ​ភ្លើងអគ្គិសនី​សម្បូរ​បែប​ដូច​សព្វ​ថ្ងៃនេះ​ឡើយ ។

​ចាប់តាំងពី​មុន​សម័យ​ប៉ុ​ល ពត ច្រើន​ឆ្នាំ​រហូត​មក​ដល់​សព្វថ្ងៃ លោកតា​មិន​ដែល​បាន​ចារ​គម្ពីរ ឬ​សាស្ត្រា​ស្លឹករឹត​ទៀត​ទេ ប៉ុន្តែ​ក៏​នៅ​ចាំ​មិន​ភ្លេច​ទេ​អំពី​វិធី​បង្កើត​គម្ពីរ​សាស្ត្រា​ស្លឹករឹត​នេះ ។

លោកតា​​ឈួ​ន សូរ ឲ្យ​ដឹ​​ង​ពី​របៀប​បង្កើត​គម្ពីរ​សាស្ត្រា​ស្លឹករឹត​ថា ទម្រាំ​តែ​ចេញ​ជា​លទ្ធផល គឺ​មិន​ងាយស្រួល​ឡើយ ត្រូវ​ឆ្លងកាត់​ជា​ច្រើន​ដំណាក់កាល​គឺ​៖

ទី​១-​ទៅរ​កកាប់​ស្លឹក​ស្លឹក​ទ្រាំង​នៅ​ក្នុង​ព្រៃ​ប៉ុន្តែ​ជំនាន់​នោះ​សម្បូរ​មិន​ខ្សត់​ដូច​ឥឡូវ​ទេ ។ លុះ​កាប់​បាន​ហើយ​ត្រូវ​យក​វា​កាត់​តម្រឹម ជា​កង់​ៗ រួច​ហើយ​យក​ទៅ​ហាលថ្ងៃ​ដោយ ថ្នម​ៗ​បំផុត មិន​ឲ្យ​ស្លឹក​រហែក ឬ​ក៏​ប្រះ​ស្រាំ​ឡើយ ព្រោះ​បើ​វារ​ហែក​គឺ​មិន​អាច​យក​ទៅ​ចារ​អក្សរ​បាន​ទេ ។ លុះ​យប់​ឡើង​ត្រូវ​យក​វា​ទៅ​ហាល​ទឹកសន្សើម​ទៀត ។

ទី​២-​ក្រោយ​ពេល​ហាល​ច្រើន​ថ្ងៃ​រួច​មក​យក​វា​ទៅ​ច្រៀក​យក​ទ្រនុង​ចេញ បន្ទាប់​មក​ទៀត​ជូត​ម្សៅ​ឲ្យ​ស្អាត រួច​យក​វា​តម្រៀប​ចង​តាម​លំដាប់លំដោយ ។

ទី​៣-​យក​ស្លឹករឹត​ទៅ​ដាក់​ចូល​ក្នុង​ឃ្នៀប​កៀប​ស្លឹក​ឲ្យ​ត្រង់​សាច់ ដោយ​ទុក​វា​នៅ​ក្នុង​ឃ្នៀប​នោះ​រយៈពេល​២​ទៅ​៣​ខែ​ក្រោយមក ទើប​យក​ទៅ​ឆ្អើរ ។

ទី​៤-​ក្រោយ​ពេល​ឆ្អើរ​រួចរាល់​ទើប​យក​ទៅ​ចារ ប៉ុន្តែ​មុន​នឹង​ចារ​អក្សរ ត្រូវ​យក​ស្លឹករឹត​ទៅ​វាយ​បន្ទាត់​បណ្ដោយ និង​ទទឹង ទើប​ចារ​បាន​ត្រង់​ល្អ​មាន​របៀបរៀបរយ ។

ទី​៥-​ក្រោយ​ពេល​ចារ​រួច មិន​អាច​មើលឃើញ​អក្សរ​បាន​ភ្លាម​ទេ គឺ​ត្រូវ​យក​ជ័រទឹក និង​ម្រែងភ្លើង​ទៅ​ជូត​ដុស​ពីលើ​ស្លឹករឹត​ដែល​ចារ​រួច​នោះ ទើប​មើលឃើញ​អក្សរ​ច្បាស់ ។

ទី​៦-​ជា​ដំណាក់កាល​ចុង​ក្រោយ​រុញ​បញ្ចូល​ទៅ​ក្នុង​ឃ្នៀប​សា​ជា​ថ្មី​ដើម្បី​សម្អាត និង​ដោត​ខ្សែ​ចង​រៀប​តាម​លំដាប់លំដោយ​នៃ​អត្ថបទ ឬ​ក៏​សាច់​រឿង នីមួយ​ៗ​ដែល​យើង​បាន​ចារ​ចងក្រង ។
ទាំង​នេះ​គឺជា​អ្វី​ដែល​លោកតា​ឈួ​ន សូរ ធ្លាប់​ចេះ​ធ្លាប់​ធ្វើ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​ចេះ​ធ្វើ​តាម​របៀប​ផ្សេង​ក្រៅពី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ