រាជធានីភ្នំពេញ ៖ ពាក្យចាស់ថា ទោះបីរបររកស៊ីអ្វីក៏ដោយ ឲ្យតែសុចរិតទៀងត្រង់មិនចេះដាច់ពោះនោះទេ ប៉ុន្តែនោះរបរគាស់ក្លែបសាច់ត្នោតអាចចិញ្ចឹមជីវភាពមួយគ្រាៗ តែបើមើលផ្ទាល់ស្រៀវសាច់តែម្តង ព្រោះមុខកាំបិតមុតផុយ…កាន់ផ្លែត្នោតដោយដៃម្ខាង ដៃម្ខាងទៀតកាន់កាំបិតមុខធំកាប់គាស់យកសាច់បានទាំងមូល ។ បើមិនចេះ កាប់គាស់មិនបានទាំងមូលទេ ច្បាស់ជារយះដាច់ដុំៗមិនខាន ។
ខណៈដែលកំពុងគាស់ក្លែបត្នោតខ្ចីសម្រាប់ដាក់លក់នៅចិញ្ចឹមផ្លូវថ្នល់នៅក្បែរផ្សារព្រែកតូចទាំងប្តីនិងប្រពន្ធលោក ស៊ីម បាននិយាយថា ត្នោតដែលលោកនឹងប្រពន្ធកំពុងកាប់គាស់លើដៃយ៉ាងមមាញឹកនេះបានយកមកពីខេត្តតាកែវ ក្បែរភ្នំតាម៉ៅ ។ ដោយត្នោតទាំងនេះ ពេលខ្លះគាត់ឡើងកាប់ដោយខ្លួនឯង និងខ្លះទៀត បានទិញពីអ្នកស្រុកមកលក់ក្នុងតម្លៃមួយសមរម្យ ។
លោកបន្តថា ត្នោតដែលយកមកលក់នេះ សម្រាប់គេយកទៅធ្វើបង្អែម ឬហូបលេង ព្រោះជាផ្លែត្នោតខ្ចីល្មមហូប មិនមែនជាត្នោតសម្រាប់ស្លរនោះទេ ។ ប៉ុន្តែនៅពេលខ្លះ បើមានម៉ូយចង់ បានផ្លែត្នោតខ្ចីសម្រាប់យកស្លរលោកក៏យកមកឲ្យម៉ូយផងដែរ ។លោកបន្តថា ទោះបីជាមានភាពពិបាកក្នុងការឡើងកាប់ផ្លែត្នោតយ៉ាងណាក្តីដើម្បីជីវភាព គ្រួសារលោកបានខំ ដោយមិនខ្លាចនឿយហត់នោះទេ ព្រោះថាជាមុខរបរមួយ មិនខុសច្បាប់ ហើយអាចចិញ្ចឹមគ្រួសារបានមួយគ្រាៗ នៅពេលមានរដូវត្នោតផ្លែ ។
លោក ស៊ីម ក៏បានលើកឡើងទៀតថាត្នោតដែលយកមកលក់នេះត្រូវបានពុះយកតែសាច់ជាក្លែបៗ ដើម្បីលក់ដោយក្នុងមួយក្លែប៤០០រៀល ពោលគឺ១០ក្លែបតម្លៃ៤.០០០រៀល ។ ប៉ុន្តែ បើមានអតិថិជនឬម៉ូយអាចលក់ធូរថ្លៃជាងនេះបន្តិចប៉ុណ្ណោះហើយអ្នកដែលទិញគេទិញពី១០ទៅ២៥ក្លែប ។
លោកថាក្នុងមួយថ្ងៃ លោកនិងប្រពន្ធបានដើរប្រមូលទិញ ផ្លែត្នោតពីអ្នកស្រុកនិងរបស់ខ្លួន ខ្លះយកមកលក់ ដោយលក់បាន១០ម៉ឺនរៀល ឬលើសពីនេះក៏មាន ទាំងដើមដែលចំណាយទិញពីអ្នកស្រុក ។ លោកក៏បានលើកឡើងទៀតក្នុងមួយរដូវ លោកអាចលក់សាច់ត្នោតដែលយកតែក្លែបនេះបានពី៤ទៅ៦ខែប៉ុណ្ណោះ ព្រោះថាត្នោតមានរដូវផ្កា និងផ្លែ ។ ចំពោះត្នោតដែលយកមកនោះ មិនសង្ឃឹមថាលក់ដាច់ទាំងអស់នោះទេ ពេលខ្លះសល់ក៏ចាស់លក់លែងបានក៏ទុកចោល ឬដឹកទៅវិញដោយទុកដាក់ម្តុំ ដើម្បីឲ្យដុះ យើងអាចកាប់យកកំពីងវាមកលក់ផងដែរ ។
ទាំងប្តីប្រពន្ធបានបញ្ជាក់ថា «ខ្ញុំលក់មួយថ្ងៃគ្រាន់ចិញ្ចឹមជីវភាពបានមួយគ្រា ព្រោះថាបើមិនរកស៊ីរបរនេះមិនដឹងរកអ្វី ហើយវាចំណាយដើមតិច ។ ខ្ញុំមានកូន២នាក់នៅផ្ទះជាមួយយាយតា ។ នៅពេលប្រមូលផ្លែត្នោតបានហើយពួកខ្ញុំយកមកលក់កន្លែងនេះ ជាមួយអ្នកជិតខាងក្បែងនេះ ប្អូនឃើញស្រាប់ហើយ គាត់ក៏លក់ត្នោតខ្ចីដូចខ្ញុំដែរ គាត់ក៏មកពីស្រុកជាមួយខ្ញុំដែរ ។ ខ្ញុំលក់បានមួយថ្ងៃប្រមាណ១០ម៉ឺនរៀល ឬលើសពីនេះ តាមការយកមកច្រើនឬតិច» ។
ចំណែកលោកពូម្នាក់ទៀតដែលកំពុងលើកត្នោតពីជាលដើម្បីមកគាស់យកសាច់លក់ក៏បានឲ្យដឹងដែរថាគាត់បានយកត្នោតមកពីអ្នកស្រុកក្បែរជើងភ្នំតាម៉ៅ ហើយត្នោតនេះខ្លះទិញគេនិងខ្លះទៀតរបស់ខ្លួនឯងដែលឡើងកាប់រួមគ្នា ។ លោកបន្តថា ការលក់មួយថ្ងៃៗបានប្រាក់ប្រហាក់ប្រហែលជា១០ម៉ឺនរៀល ឬលើសពីនេះព្រោះត្នោតដែលបានយកមកលក់គឺប្រហែលនឹងលោកស៊ីម និងអ្នកលក់ផ្សេងទៀត ។ លោកបន្តថាការលក់ត្នោតនេះអាចចិញ្ចឹមជីវភាពបានមួយគ្រាប៉ុណ្ណោះក្រៅពីការធ្វើស្រែ ។
សូមជម្រាបថា កន្លែងពួកគាត់លក់ផ្លែត្នោតខ្ចីស្ថិតនៅលើផ្លូវជាតិលេខ២១ នៅខាងត្បូងផ្សារព្រែកតូច
បើយើងធ្វើដំណើរពីភ្នំពេញ ។ កន្លែងនោះគេឃើញអ្នកលក់ផ្លែត្នោតជាច្រើនមានដាក់ឆត្រជ្រកម្លប់បានតម្រៀបជួរគ្នាដាក់លក់សុទ្ធតែផ្លែត្នោតខ្ចីគាស់យ៉ាងស្អាត គឺធម្មជាតិសុទ្ធសាធ អត់មានថ្នាំគីមីរក្សាគុណភាពអ្វីឡើយ ៕
ចែករំលែកព័តមាននេះ