ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងវរសេនាតូច​ព្រំដែន​វៀតណាម បំផ្លាញ​ក្រុម​ជួញដូរ​គ្រឿងញៀ.ន​ឆ្លង​ដែន​បាន​ជោគជ័យ

3 ឆ្នាំ មុន

វៀតណាម ៖ យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម បាន​ឲ្យ​ដឹង​ថា ក្រុម​ពិសេស​ព្រំដែន ភាគ​ខាងត្បូង នៃ​កងវរសេនាតូច​ព្រំដែន​វៀតណាម (​កងវរសេនាធំ​ទី​៣) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មិថុនា…

វៀតណាម ៖ យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម បាន​ឲ្យ​ដឹង​ថា ក្រុម​ពិសេស​ព្រំដែន ភាគ​ខាងត្បូង នៃ​កងវរសេនាតូច​ព្រំដែន​វៀតណាម (​កងវរសេនាធំ​ទី​៣) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មិថុនា ថា​អង្គភាព​នេះ​បាន​បំផ្លាញ​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ជោគជ័យ និង​ដកហូត​បាន ថ្នាំ​ញៀន​មួយ​ចំនួន​ធំ ដែល​បាន​ដឹក​ចេញពី​កម្ពុជា​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា​នេះ ក្រុមការងារ​មួយ​ក្រុម រួម​មាន​៖ ទាហាន ៣០​នាក់ មក​ពី​អង្គភាព​ផ្សេង​ៗ បាន​ស្ទាក់​ចាប់​តាម​បណ្តោយ​ព្រំដែន​រវាង​វៀតណាម និង​កម្ពុជា បាន​រក​ឃើញ និង​ចាប់ខ្លួន​មនុស្ស ៣​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ ២​គ្រឿង​។ នៅ​ពេល​ចុះ​ត្រួតពិនិត្យ​គេ​បាន​រក​ឃើញ​ថា ជន​ទាំង ៣​នាក់​នោះ​បាន​ដឹក​ថង់​ប្លា​ស្ទីក​ចំនួន ១២​កញ្ចប់ (​កញ្ចប់​នីមួយ​ៗ​ទម្ងន់ ១​គីឡូក្រាម​) មាន​ផ្ទុក​នូវ​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ថា​ជា​មេ​តំ​ហ្វេ​តា​មីន​។

បន្ទាប់​ពី​ការ​សួរ​ចម្លើយ​ហើយ សមត្ថកិច្ច​នៃ​ប្រទេស​វៀតណាម​តាមដាន​ចាប់​បាន​បក្ខពួក​ចំនួន​៣ នាក់​ទៀត និង​នៅ​កន្លែង​ចាប់ខ្លួន​បាន​រក​ឃើញ​ថង់​ប្លា​ស្ទីក​ចំនួន ១៨​កញ្ចប់ (​កញ្ចប់​នីមួយ​ៗ​ទម្ងន់​១ គីឡូក្រាម​) ត្រូវ​បាន​រឹបអូស​រួម​មាន​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ថា​ជា​មេ​តំ​ហ្វេ​តា​មីន និង ថ្នាំ​ញៀន​មួយ​ម៉ឺន​គ្រាប់​។ បន្ទាប់​ពី​ពង្រីក​វិសាលភាព​នៃ​ការ​ស៊ើបអង្កេត នៅ​រសៀល​ថ្ងៃ​ទី​១៥ សមត្ថកិច្ច​បាន​បន្ត​ចាប់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ និង​រឹបអូស​បាន​ថង់​ប្លា​ស្ទីក​មួយ​កញ្ចប់ (​ទម្ងន់ ១​គីឡូក្រាម​) ដែល​មាន​ផ្ទុក​នូវ​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ថា ជា​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន និង ថ្នាំ​ញៀន ២០០​គ្រាប់​។

សមត្ថកិច្ច​បាន​ចាប់ខ្លួន​មុខសញ្ញា​ចំនួន​៦​នាក់​ក្នុង​រយៈពេល​៣​ថ្ងៃ និង​រឹបអូស​បាន មេ​តំ​ហ្វេ​តា​មីន ៣១​គីឡូក្រាម និង​ថ្នាំ​ញៀន ១០ ២០០ គ្រាប់​។ យោង​តាម​ការ​ស៊ើបអង្កេត​បឋម មុខសញ្ញា​ដែល​បាន​រៀបរាប់​ខាងលើ បាន​សារភាព​ថា គ្រឿងញៀន​ទាំងអស់​ត្រូវ​បាន​ដឹក​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​ពី​ប្រទេស​កម្ពុជា​តាម​តំបន់​ព្រំដែន នៃ​ខេត្ត​អាន​យ៉ាង ហើយ​បន្ទាប់​មក​បាន​នាំ​ទៅ​ទីក្រុង ដើម្បី​ប្រគល់​ទៅ​ឱ្យ​អ្នក​ដទៃ​ទៀត​សម្រាប់ ការ​ជួញដូរ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ