ខេត្តបាត់ដំបង ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ MeyMey បានចូលខ្លួនមកបំភ្លឺ ជុំវិញការសរសេរខ្លឹមសារបង្ហោះ ដោយភ្ជាប់រូបភាពមន្ត្រីនគរបាលចរាចរណ៍ក្នុងកណីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។
នៅចំពោះមុខការសាកសួរបំភ្លឺនេះ ម្ចាស់គណនីខាងលើដែលមានឈ្មោះពិតថា ហេង រស្មី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានសារភាពទទួលស្គាល់កំហុសថា គាត់ពិតជាបានសរសេរខ្លឹមសារថា (ទៅមិនទាន់ដល់ផងមានសត្វចម្លែកនៅខាងមុខកាក់ផ្លូវបើបងប្អូនណាចង់មកលេងប្រាសាទបាណន់ប្រយ័ត្នប្រយ៉ែងផង) ។ ការសរសេរខ្លឹមសារនេះ គាត់មានចេតនាសរសេរសំដៅ ចំពោះមន្ត្រីនគរបាលចរាចរណ៍ ដែលកំពុងឈរបំពេញភារកិច្ចតាមដងផ្លូវនោះថា (ជាសត្វចម្លែក) ប្រាកដមែន ។
ការសរសេរខ្លឹមសារបែបនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ MeyMey បានបញ្ជាក់ថា ជាការសរសេរលេងសើចតែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលបានកើតឡើងនៅពេលនោះ គឺរូបគាត់និងមិត្តភ័ក្ត្រម្នាក់ទៀត ជិះម៉ូតូទៅលេងប្រាសាទបាណន់ ហើយក្នុងចំណោមគ្នាគាត់ពីរនាក់នេះ គឺរូបគាត់ (មិនមានពាក់មួកសុវត្ថិភាព)ទេ ហើយការធ្វើដំណើររបស់គាត់នៅពេលនោះ ក៏មិនត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការផាកពិន័យចំពោះគាត់ឡើយ ប៉ុន្តែចុងក្រោយ ត្រូវបានរូបគាត់ ថតរូបភាពភ្ជាប់ជាមួយមន្ត្រីនគរបាលចរាចរណ៍ នៅខាងក្រោយ រួចសរសេរបង្ហោះ ដោយមានខ្លឹមសារបែបនេះតែម្តង ។
ក្រោយពេលសាកសួររួច ម្ចាស់គណនីហ្វេសប៊ុកMeyMey បានទទួលស្គាល់កំហុស ដែលគាត់បានធ្វើ ជាមួយនេះដែរគាត់បានធ្វើលិខិតសុំការអភ័យទោស ចំពោះកំហុសឆ្គងរបស់គាត់ដែលបានប្រព្រឹត្តមិនគប្បី ចំពោះកងកម្លាំងនគរបាលជាតិទូទៅ ពិសេសនគរបាលចរាចរណ៍ ម្យ៉ាងវិញទៀត គាត់បានអំពាវនាវសូមកុំឱ្យបងប្អូនប្រជាពលរដ្ឋ កុំយកគំរូតាមគាត់ឱ្យសោះ ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។
ទោះជាយ៉ាងណាក៏ដោយ សិទ្ធិក្នុងការសម្រេច ចំពោះចំណាត់ការលើករណីនេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននឹងពិនិត្យពិចារណា សម្រេចនៅពេលបន្ទាប់ ។ និងសូមបន្តចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ