ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានជួបសំណះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលក់ដូរតាមរទេះដូចជា លក់ដូរសម្លៀកបំពាក់ បន្លែ ត្រីសាច់ និងភេសជ្ជៈផ្សេងៗនៅតាមផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។ ជាមួយនេះ ក៏មានពលរដ្ឋមួយចំនួនមកពីខេត្តផ្សេងៗ
បានស្នាក់នៅលើរទេះរ៉ឺម៉ករបស់ពួកគាត់តែម្តង ដោយពុំមានកន្លែងស្នាក់នៅត្រឹមត្រូវ តែបងប្អូនពលរដ្ឋមួយចំនួនទៀត គាត់ក៏មានកន្លែងស្នាក់នៅ ឬជួលផ្ទះនៅត្រឹមត្រូវដែរ ។
លោក អ៊ី សុខឡេង ថ្លែងថា សម្រាប់ក្រុងព្រះសីហនុ ដាច់ខាតមិនត្រូវឲ្យមានអ្នកលក់តាមរ៉ឺម៉កម៉ូតូតាមផ្លូវសាធារណៈទៀតទេ ព្រោះជាហេតុនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ។ ដោយសារមានពលរដ្ឋជាអ្នកលក់ដូរតាមរទេះនេះ ភាគច្រើនមកប្រកបរបរចិញ្ចឹមជីវិតនៅក្រុងព្រះសីហនុ ដូច្នេះលោកបានប្រាប់ថា បើសិនមានតូបជួលលក់ដូរត្រឹមត្រូវ និងមាន
កន្លែងស្នាក់នៅត្រឹមត្រូវ អាចបន្តលក់ដូរទៀតបាន តែសម្រាប់អ្នកដែលមិនគោរពតាម និងពុំ
មានទីតាំងត្រឹមត្រូវទេ គឺលោកទុករយៈពេល១សប្តាហ៍ ។
បើពលរដ្ឋមកពីខេត្តណា អញ្ជើញរៀបចំទៅស្រុកកំណើតខ្លួនវិញ ព្រោះក្រុងព្រះសីហនុកំពុងអភិវឌ្ឍន៍ ទាក់ទាញភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងមិនបន្តឲ្យមានការលក់ដូរបែបនេះទៀតទេ។
ដោយឡែក បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ ភាគច្រើនមកពីតាមបណ្ដាខេត្ត បានសំណូមពរដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សូម
មេត្តាយោគយល់ និងជួយសម្រួលដល់ពួកគាត់ផង ព្រោះពួកគាត់បច្ចុប្បន្នកំពុងតែជួបនូវបញ្ហាសេដ្ឋកិច្ចគ្រួសារយ៉ាងធំធេង ។
អ្វីៗគឺពឹងផ្អែកទៅលើរបរអាជីវកម្មនៅលើរ៉ឺម៉កម៉ូតូតែប៉ុណ្ណោះ ព្រោះពួកគាត់ពុំមានលទ្ធភាពជួលផ្ទះគេ ជួលតូបឬស្តង់ណាមួយសម្រាប់ប្រកបអាជីវកម្មនោះទេ។ ដូចនេះ ពួកគាត់មានតែការអង្វរករ សូមការយោគយល់ បើអាចសូមសម្រួលទីតាំងណាមួយ ដល់ពួកគាត់ ដើម្បីប្រកបអាជីវកម្មផង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ