ការផ្ទុះជំងឺកូវីដ ១៩ បានបង្កការប៉ះពាល់ផ្នែកសុខភាព និងសេដ្ឋកិច្ចដល់ពិភពលោកក្នុងទ្រង់ទ្រាយដែលមិនធ្លាប់កើតមានពីមុនមកក្នុងប្រវត្តិសាស្ត្រ ។ មិនថារដ្ឋាភិបាលព្យាយាមរារាំងការប៉ះពាល់យ៉ាងណាទេ វិស័យជាច្រើនជៀសមិនផុតនឹងប្រឈមមុខនឹងបញ្ហាដែលបង្កឡើងដោយកូវីដ ១៩ ឡើយ ។
ជាលទ្ធផលមនុស្សជាច្រើនក៏ព្រួយបារម្ភពីការងារដែលខ្លួនមានផងដែរ ។ សម្រាប់អ្នកដែលចង់ជោគជ័យក្នុងទីផ្សារការងារសម័យកូវីដនេះ អ្នកត្រូវសួរខ្លួនឯងនូវសំណួរខាងក្រោមនេះ ៖
១. តើវិស័យ និងការងាររបស់អ្នកត្រូវបានប៉ះពាល់ដោយកូវីដ ១៩ យ៉ាងដូចម្តេចខ្លះ?
តើកូវីដ ១៩ នឹងផ្លាស់ប្តូរវិស័យដែលអ្នកកំពុងធ្វើការក្នុងរយៈពេលខ្លីនិងវែងយ៉ាងដូចម្តេច? តើពេលណាទើបវាអាចត្រលប់ដូចដើមវិញ? តើវិស័យរបស់អ្នកនឹងលូតលាស់បន្ថែម ឬរួមតូចវិញ? តើមានការងារអ្វីខ្លះក្នុងវិស័យរបស់អ្នកដែលមានតម្រូវការខ្ពស់?តើមានជំនាញសំខាន់ៗអ្វីដែលអ្នកត្រូវការដើម្បីជោគជ័យក្នុងវិស័យអ្នកនាពេលបច្ចុប្បន្ននេះទេ? តើការងាររបស់អ្នកនឹងមានការផ្លាស់ប្តូរនៅអនាគតទេ?
២. តើអ្នកអាចដោះស្រាយការខ្វះជំនាញរបស់ខ្លួនយ៉ាងដូចម្តេច?
ខណៈដែលការរៀនជំនាញថ្មីៗតែងតែមានសារៈសំខាន់ហើយ អ្នកក៏ត្រូវចេះជ្រើសរើសជំនាញ និងឧបករណ៍ដែលសំខាន់ជាងគេសម្រាប់អ្នកក្នុងកំឡុងពេលនេះ និងបន្ទាប់ពីកូវីដ ១៩ បានកន្លងផុតផងដែរ ។ តើមានវិធីអ្វីដែលអ្នកអាចរៀន និងពង្រឹងជំនាញទាំងនោះបាន?
៣. តើអ្នកអាចរក និងចាប់ឱកាសការងារថ្មីៗយ៉ាងដូចម្តេច?
តើអ្នកត្រូវធ្វើយ៉ាងដូចម្តេចខ្លះដើម្បីត្រៀមខ្លួនសម្រាប់ការដាក់ពាក្យ និងផ្សព្វផ្សាយពីខ្លួន? តើអ្នកត្រូវទាក់ទងនរណាដែរ ឬទេ? តើមានវិស័យផ្សេងទៀតដែលអ្នកអាចប្រើជំនាញរបស់អ្នកទេ? អ្នកត្រូវដឹងថាការរកការងារមិនកើតមានឡើងតាមតែការដាក់ពាក្យនិងទៅសម្ភាសន៍ធម្មតាទេ ។ ប្រសិនបើអ្នកដឹងពីច្រកផ្សេងៗក្នុងការទទួលបានការងារថ្មីនោះ វាអាចនឹងងាយស្រួលសម្រាប់អ្នក ។
៤. តើអ្នកត្រូវធ្វើដូចម្តេចដើម្បីរក្សាស្មារតីមោះមត់ និងកម្លាំងចិត្តក្នុងកំឡុងពេលនេះ?
ការឆ្លងកាត់ស្ថានការបច្ចុប្បន្ននេះអាចដាក់សម្ពាធផ្លូវចិត្តយ៉ាងខ្លាំងដល់មនុស្សគ្រប់រូប ដូច្នេះអ្នកត្រូវមានផែនការច្បាស់លាស់សម្រាប់ឆ្លើយតបនឹងបញ្ហាដែលអ្នកកំពុងតែជួបប្រទះ ។ អ្វីដែលសំខាន់ជាងគេគឺអ្នកត្រូវដឹងពីវិធីដែលជួយរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកដូចជាការចូលដំណេក ទទួលទាន និងធ្វើលំហាត់ប្រាណជាប្រចាំជាដើម ៕
ចែករំលែកព័តមាននេះ