ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុស្តិ៍​លេខ​5​បន្ត​បិទ​សង្វៀន ក្រោយ​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​សង្វៀន​ផ្សេង ដែល​បញ្ចប់​ការ​ប្រកួត​មួយ គឺ​បន្ត​ការ​ប្រកួត​មួយទៀត​ភ្លាម បើ​ទោះជា​មាន​បញ្ហា​កូ​វី​ដ​-១៩ ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ចូល​ទស្សនា សង្វៀន​ប៉ុស្តិ៍​លេខ​៥​បែរជា​បន្ត​បិទទ្វារ មិន​ច្បាស់​ថា​នឹង​អាច​បើក​វិញ​ពេល​ណា បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៧…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​សង្វៀន​ផ្សេង ដែល​បញ្ចប់​ការ​ប្រកួត​មួយ គឺ​បន្ត​ការ​ប្រកួត​មួយទៀត​ភ្លាម បើ​ទោះជា​មាន​បញ្ហា​កូ​វី​ដ​-១៩ ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ចូល​ទស្សនា សង្វៀន​ប៉ុស្តិ៍​លេខ​៥​បែរជា​បន្ត​បិទទ្វារ មិន​ច្បាស់​ថា​នឹង​អាច​បើក​វិញ​ពេល​ណា បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៧ ទាំង​បិទទ្វារ ដែល​មិន​ខុស​ពី​ការ​ប្រកួត​បញ្ចប់​បែប​ឧបកិច្ច​។

រំលឹក​ដល់​អំឡុង​ពេល​មុន សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​បើក​កិច្ចប្រជុំ​តម្រូវ​ឱ្យ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ទាំងអស់ ពោល​គឺ​គ្រប់​កម្មវិធី​ប្រដាល់​ប្រចាំ​ស​ប្ដា​ហ៍ ត្រូវ​តែ​បិទ​ចោល ដោយ​ហេតុផល​ថា ការ​ប្រកួត​នេះ នឹង​បណ្ដាល​ឱ្យ​អ្នក​ស្នេហា​ប្រដាល់ និង​កីឡាករ​ផ្ទាល់​តែ​ម្ដង ងាយ​មានឱកាស​ឆ្លង​កូ​វី​ដ​-១៩ ខណៈ​ដែល​សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ស្នើ​សុំ ។

ក្រោយមក​សហព័ន្ធ​ក៏​សម្រេច​ឱ្យ​បណ្ដា​សង្វៀន​ទូរទស្សន៍​អាច​បើក​ការ​ប្រដាល់​ឡើង​វិញ តែ​កំណត់​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​ទស្សនា​នោះ​ទេ ដោយ​តម្រូវ​ឱ្យ​មាន​តែ​កីឡាករ និង​គណៈកម្មការ​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ​ទើប​សង្វៀន​មួយ​ចំនួន​បូក​រួម​ទាំង​សង្វៀន​ប៉ុស្តិ៍​លេខ​៥​ផង ក៏​បាន​បើក​ទ្វារ​ឡើង​វិញ ។ ក្នុង​ចំណោម​សង្វៀន​ទាំងអស់ គឺ​មាន​តែ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​តែ​ប៉ុណ្ណោះ ដែល​បើក​ហើយ​បិទ​វិញ ដោយ​គេ​មើលឃើញ​ថា សង្វៀន​មួយ​នេះ ហាក់​បើកទ្វារ​ដើម្បី​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៧​ដែល​បាន​ផ្អាក​ចោល​កាល​ពី​អំឡុង​កូ​វី​ដ ដើម្បី​បញ្ចប់​ភារកិច្ច ។

មក​ទល់​ពេល​នេះ រំលង​ជាង​៣​ស​ប្ដា​ហ៍​មក​ហើយ​ដែល​សង្វៀន​នេះ ហាក់​មិន​មាន​តម្រុយ​បើក​វិញ ស្រប​ពេល​ដែល​សង្វៀន​ទាំងមូល ក៏​អះអាង​ថា ពិបាក​បើក​វិញ ដោយសារ​តែ​កីឡាករ​ភាគច្រើន គឺ​មិន​ងាយ​នឹង​រក​ស្រាប់​ផង ហើយ​ចំ​ពេល​ភាគី​ខាង​ស្ពុ​នស័​រ មិន​ចង់ឱ្យ​ដំណើរការ​ទៀត ។ ប្រភព​ពី​ស្ថាប័ន​នេះ អះអាង​ថា ខាង​ស្ពុ​ន​ស័​រ​ចង់ឱ្យបម្រាម​បិទទ្វារ​មិន​ឱ្យ​ចូល​ទស្សនា ត្រូវ​បាន​បើក​សិន​ចាំ​បើក​សង្វៀន​ឡើង​វិញ ខណៈ​ដែល​អ្នក​រៀបចំ​ក៏​បាន​បង្ហើប​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ថ្មី នឹង​មិន​អាច​ដំណើរការ​ទេ​ក្នុង​ពេល​កីឡាករ​ដែល​ជា​សមាសភាព​ប្រកួត​ដល់​ទៅ​៣២​រូប គឺ​រក​មិន​គ្រប់ ដោយសារ​តែ​កីឡាករ​មួយ​ចំនួន​មានការ​ខ្វះខាត​មិន​ទាន់​គ្រប់ ហើយ​ការ​ចង់រក​ចំនួន​៣២​នាក់​មក​ប្រកួត​រដូវ​កាល​ថ្មី គឺជា​រឿង​ពិបាក​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា សង្វៀន​ទាំងមូល​នឹង​ត្រូវ​បិទ​ចោល​មួយ​រយៈ​រហូត​​ទាល់តែ​ជម្រើស​បាន​អ្នក​ប្រកួត​ដែល​មាន​គីឡូ​ដូច​គ្នា ទើប​បើក​ដំណើរការ​ប្រកួត​ឡើង​វិញ ។ លោក​ថា ការ​សម្រេច​បិទ​ចោល​នេះ គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​មិន​ទាន់​ស្ងប់​ទាំងស្រុង​ផង និង​ដោយសារ​តែ​មិន​ចង់​បើក​ប្រកួត​ក្នុង​សភាព​បិទទ្វារ​បែប​នេះ​ផង ។ លោក​មិន​ច្បាស់​ថា នឹង​អាច​ដំណើរការ​បាន​ពេល​ណា​នោះ​ទេ តែ​កំពុង​តែ​ដុតដៃដុតជើង និង​កំពុង​ចរចា​ជាមួយ​ដៃគូ​ស្ពុ​ន​ស័​រ​ឱ្យ​បាន​ឆាប់​ផង​។

លោក អូ​ឡា​ឡា ជំនួយការ​កម្មវិធី​ប្រដាល់​របស់​ប៉ុស្តិ៍​លេខ​៥ បាន​អះអាង​ថា ស្ថាប័ន​របស់​លោក​សម្រេចចិត្ត​បិទ​ចោលការ​ប្រកួត ហើយ​មិន​ទាន់​បើក​វិញ គឺ​ដោយសារ​តែ​ហេតុផល​ខាងលើ ។ លោក​ថា ការ​បិទទ្វារ​ជា​ថ្មី​នេះ ពិត​ជា​ប៉ះពាល់​គ្រប់​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ប្រដាល់​ទាំងអស់ តែ​លោក​ថា​ធ្វើ​ម៉េច​បើ​នេះ​គឺជា​បញ្ហា​របស់​ពិភពលោក ហើយ​ប៉ុស្តិ៍​លេខ​៥ ក៏​មិន​ចង់​បើក​ប្រកួត​រដូវ​កាល​ថ្មី​ក្នុង​សភាព​ស្ងប់ស្ងាត់​។

លោក​ថា ការ​ប្រកួត​នៅ​ស្ថាប័ន​របស់​លោក មិនមែន​ជា​ការ​ប្រកួត​មិត្តភាព​នោះ​ទេ គឺជា​ការ​ប្រកួត​ដណ្ដើម​ជើងឯក ដូច្នេះ​ទើប​មិន​ចង់ឱ្យ​ការ​ប្រកួត​នេះ កើតឡើង​ក្នុង​សភាព​ដែល​គ្មាន​អ្នក​ទស្សនា​ដូច​រាល់ថ្ងៃ ។ លោក​ថា ការ​ប្រកួត​នឹង​មិនល្អ​មើល​នោះ​ទេ ខណៈ​ដែល​កីឡាករ​ក៏​មិន​ប្រកួត​អស់​ដៃ ដោយសារ​តែ​ហេតុផល​នេះ ។ លោក​ទទូច​ឱ្យ​កីឡាករ​ដែល​រង​ផល​ប៉ះពាល់ កុំ​បោះបង់​ការ​ហ្វឹកហាត់ កុំ​បណ្ដោយ​ឱ្យ​កម្លាំង និង​សមត្ថភាព​ចុះ​ខ្សោយ ហើយ​លោក​ក៏​ទទូច​ម្ចាស់​ស្ពុ​ន​ស័​រទាំង​អស់​បន្ត​ការ​គាំទ្រ​នៅ​ក្នុង​វិស័យ​មួយ​នេះ ជា​ពិសេស​នៅ​ពេល​ការ​ប្រដាល់​ទាំងមូល​ដំណើរការ​ឡើង​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ