ខេត្តស្ទឹងត្រែង ៖ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ថ្ងៃទី១៨ មិថុនា ឆ្នាំ២០២០ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិដល់យោធិននៃកងរាជអាវុធហត្ថសរុបចំនួន៣៩នាក់ ក្រោមការអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អៀង វ៉ានឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ថ្នាក់វរៈសេនីយ៍ទោ២នាក់ ថ្នាក់វរៈសេនីយ៍ត្រី៩នាក់ ថ្នាក់អនុសេនីយ៍ឯក៥នាក់ អនុសេនីយ៍ត្រី១០នាក់ នាយចំណង់១នាក់ និងព្រិន្ទបាលឯកចំនួន១២នាក់។
ក្នុងឱកាសបំពាក់ឋានន្តរសក្តិជូនដល់យោធិននៃកងរាជអាវុធហត្ថខាងលើនេះដែរ លោក អៀង វ៉ាន់ឌី មេ បញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបង្កត់ធ្ងន់ថា ថ្ងៃនេះជាថ្ងៃដ៏រីករាយ ប៉ុន្តែក៏សោកស្តាយផងដែរដោយយោធិននៅមូលដ្ឋានខេត្តស្ទឹងត្រែងខ្លះមានជម្ងឺ និងខ្លះទៀតបានបាត់បង់ជីវិត។
លោកបន្តថា ទាក់ទិនសកម្មភាពរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងខេត្តស្ទឹងត្រែង លោកនាយឧត្តមឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគ១បានកោតសរសើរចំពោះកងរាជអាវុធហត្ថយើងដែលបានបំបែកសំណុំរឿងធំៗពិសេសពាក់ព័ន្ធករណីចោរគាស់ផ្ទះពលរដ្ឋនៅក្រុងស្ទឹងត្រែងយ៉ាងកក្រើក កាលពី ពេលថ្មីៗ ហើយប្រមូលបានមកវិញនូវទ្រព្យសម្បត្តិមួយចំនួនប្រគល់ជូនម្ចាស់ដើមវិញផងដែរ។
លោកមេបញ្ជាការបានផ្តាំផ្ញើទៅយោធិននៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងត្រូវបន្តយកចិត្តទុកដាក់បំពេញភារៈកិច្ចទួនាទីរបស់ខ្លួនអោយកាន់តែប្រសើរជាងនេះបន្តទៀតដើម្បីធានាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ថែមទៀត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ