ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាដៃ​សិល្បៈ​ប្លែក​ៗ​របស់​និស្សិត​ខ្មែរ ១២​​​រូប ដាក់​បង្ហាញ​នៅ​វិទ្យាស្ថាន​បារាំង​​​​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា បាន​ធ្វើការ​បង្ហាញ និង​បើក​ការ​តាំងពិព័រណ៍​រូបថត ដែល​​ជា​ស្នាដៃ​សិល្បៈ របស់​​និស្សិត​​នៃ​ស្ទូ​ឌី​យោ​រូបភាព (Studio Image) ទាំង…

រាជធានី​ភ្នំពេញ ៖ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា បាន​ធ្វើការ​បង្ហាញ និង​បើក​ការ​តាំងពិព័រណ៍​រូបថត ដែល​​ជា​ស្នាដៃ​សិល្បៈ របស់​​និស្សិត​​នៃ​ស្ទូ​ឌី​យោ​រូបភាព (Studio Image) ទាំង ១២ នាក់ ក្រោម​ចំណងជើង​ថា «​ឆ្លងកាត់​» កាលពី​ថ្ងៃ​ទី​១៦ ខែ មិថុនា ឆ្នាំ​២០២០​។

ស្នាដៃ​ទាំងនោះ ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នកស្រី ម៉ា​រី ឡឺ​ម៉ុ​យ​នី​ញ៉េ ក្នុង​ខណៈ​ពេល​ដែល​លោកស្រី ស្នាក់​​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​១៨ ខែ មិថុនា ថា សម្រាប់​​អ្នកស្រី​ផ្ទាល់ នេះ​ជា​លើក​ទី​២ ហើយ​ដែល​អ្នកស្រី​បាន​មក​ទស្សនា​កម្ពុជា ដោយ​លើក​ទី​មួយ ​អ្នកស្រី​បាន​មក​ទស្សនា​កម្ពុជា​ក្នុង​នាម​ជា​អ្នក​ទេសចរណ៍ កាលពី ខែឧសភា ឆ្នាំ​២០១៨​។

ក្នុង​ពេល​ដែល​អ្នកស្រី​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាង ១​ខែ កន្លះ​មក អ្នកស្រី​មានការ​ចាប់​អារម្មរណ៍​​ជា​ខ្លាំង ពី​ប្រទេស​កម្ពុជា រួម​មាន​សម្រស់ វប្បធម៌ ជា​ពិសេស​គឺ​ភាពរួស​រាយ ស្វាគមន៍​នៃ​ប្រជាជន​ខ្មែរ​។ ភ្លាម​នោះ អ្នកស្រី​ក៏​គិត​រួច​ជា​ស្រេច​ថា ​អ្នកស្រី​នឹង​ត្រឡប់​មក​កាន់​កម្ពុជា​ជា​លើក​ទី​២ ជាមួយនឹង​គម្រោង​ច្បាស់លាស់​មួយ​មក​ដែរ​។

អ្នកស្រី បាន​និយាយ​ថា «​ខ្ញុំ​មានបទពិសោធន៍​បង្រៀន ១៥​ឆ្នាំ​ហើយ នៅ​អឺរ៉ុប ដែល​ជា​ការងារ​ជា​ក្រុម​ៗ ជាមួយ​យុវជន​ក្មេង​ៗ​ដែល​មាន​បំណង​ចង់​រៀន​ពី​ជំនាញ​ថតរូប​។ ការ​ធ្វើការ​ជាមួយ​យុវជន​ក្មេង​ៗ​នេះ ជួយ​ឲ្យ​ពួក​គាត់​រៀន និង​ផ្លាស់​ប្តូរ​បាន​ច្រើន​ពី​គំនិត​សិល្បៈ និង​ការ​យល់​ឃើញ​ថ្មី​នៃ​យុវជន​សម័យ​ថ្មី​»​។

ដូចនេះ​លើក​ទី​២ នៃ​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្នុង​ខែមករា ឆ្នាំ​២០២០​នេះ អ្នកស្រី​បាន​បង្រៀន​ជាមួយ​ក្រុម​អ្នក​ថតរូប​កម្ពុជា​វ័យក្មេង គិត​ចាប់ពី​ខែកុម្ភៈ​មក រហូត​ដល់​ថ្ងៃ​តាំង​ពិព័រណ៍​រូបថត​។ អស់​រយៈពេល ៥ ខែ​បន្ទាប់​ពី​ការ​ធ្វើ​ការងារ​ជាមួយ​និស្សិត​កម្ពុជា​រួច​មក លោក​ស្រី​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ព្រោះ យុវជន​យើង​ប្រកបដោយ​ច្ឆ​ន្ទៈ​ខ្ពស់​ក្នុង​ការងារ មាន​ភាព​​ស្វាហាប់ និង​មានរ​ភាព​សហការ​ជួយ​គ្នា រហូត​ធ្វើ​ឲ្យ​មាននូវ​ពិព័រណ៍​រូបថត​មួយ អាច​សម្រេច​ទៅ​បាន​ដោយ​ជោគជ័យ លើស​ពី​អ្វី​ដែល​គាត់​រំពឹង​ទុក​។

អ្នកស្រី ម៉ា​រី បាន​បន្ថែម​ថា «​ការ​លំបាក​នៃ​ដំណើរការ​សិក្សា និង​ធ្វើការ​ងារ​ដែល ខ្ញុំ​ជួប​ប្រទះ គឺ​ការ​ធ្វើ​ការងារ​នឹង​បង្រៀន​ពី​ចម្ងាយ ដោយសារ​តែ​មានការ​គំរាម​គំ​ហែង ពី​ការ​ចម្លង​នៃ​វីរុស​កូ​វី​ដ​១៩ ដូចនេះ​វា​ពិតជា​ពិបាក ក្នុង​ការ​ជួប​ប្រជុំ​គ្នា (​ចាប់ពី​កុម្ភៈ ត្រូវ​រៀន​តាម​អន​ឡាញ​)​។ តែ​យ៉ាង​ណា​ក៏​ខ្ញុំ នៅ​តែ​សប្បាយ​រីករាយ ព្រោះ​និស្សិត​យើង នៅ​តែ​បន្ត​ការ​សិក្សា និង​ធ្វើការ​ក្នុង​ចំនួន​ថេរ​ដូច​ដើម​»​។

ក្នុង​ចំណោម​សិល្បៈ ទាំង​១២​រូប អៀ សុ​និ​តា កើត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ជា​និស្សិត​កំពុង​រៀន​នៅ​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ក្នុង​ឆ្នាំ​២០១៩ ដោយ​ស្រឡាញ់​របស់​គាត់ ទៅ​លើ​ថតរូប និង​​ភាពយន្ត គាត់​បាន​ចូលរួម​ថ្នាក់​ថតរូប វគ្គ​ខ្លី​ដែល​បណ្តុះបណ្តាល​ភាពយន្ត​ឯកសារ​។

បន្ទាប់​ពី​ការ​អនុវត្ត និង​ចូលរួម​ជាមួយ​វិស័យ​នេះ​មក សុ​និ​តា ថា​ គាត់​រឹតតែ​យល់​ដឹង​ច្រើន​ជាង​មុន​ពី​​ការ​ថតរូប គំនិត​បើក​ទូលាយ​ជាង​មុន​ផង​ដែរ ដោយ​វា​មិនមែន​ត្រឹមតែ​ចុច​ថត​នោះ​ទេ គឺ​វា​មាន​អ្វី​លើស​ពី​ហ្នឹង​ទៅ​ទៀត​។

រូបថត​របស់ សុ​និ​តា​មានឈ្មោះ​ថា «​អ្នក​ទទួល​ឥទ្ធិពល ២០២០» ដែល​បាន​បង្ហាញ នូវ​យាន្ត​ជំនិះ ដែល​​ប្រជាជន​យើង​និយម​ប្រើប្រាស់ សុ​និ​តា ​និយាយ​ថា «​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​បាន និយម​​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​ដូច​ជា កង់​បី​ខ្មែរ កង់​បី​ឥណ្ឌា ស៊ី​ក្លូ​និង​ម៉ូតូឌុប​។ ប៉ុន្តែ​នៅ​អំឡុង​ពេល​ជំងឺ​​រាតត្បាត​នេះ​កើតឡើង ការ​ប្រើប្រាស់​យាន្ត​ជំនិះ​របស់​ពួក​គាត់ ក៏​ទទួល​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ដែរ ហើយ​រូបភាព​ទាំងនេះ បាន​ចាប់​ថត​នៅ​ពេល​ដែល​ពួក​គាត់​កំពុង​រង់ចាំ​ភ្ញៀវ​»​។

«​ចរាចរណ៍​» ជា​ចំណងជើង​រូបថត​មួយ​ផ្សេង​ទៀត ដែល​ថត​ដោយ​លោក អ៊ុ​ន វ៉ា​ន់​ច័ន្ទ​មក​រា ដែល​រូប​​ទាំងនោះ​លោក​បាន​ថត​ពីលើ​ស្ពាន​អាកាស​ថ្មើរជើង​មួយ​។ ផ្ទាំង​កញ្ចក់​ដែល​អម​ដោយ​ចន្លោះ​តូច​ៗ ហាក់​បង្កើត​បានជា​ឈុត​ឆាក​មួយ​រវាង និម្មិត​ភាព និង​ត​ថា​ភាព​។

មានស្រុក​កំណើត​ក្នុង​ទីក្រុង​ភ្នំពេញ លោក វ៉ា​ន់​ច័ន្ទ​មក​រា បាន​សរសេរ​រៀបរាប់ ពី​រូបភាព​របស់​លោក​​ថា «​រូបភាព​ទាំងនេះ បាន​បង្ហាញ​ពី​រាជធានី​មួយ​មួយ​ដែល​កំពុង​មាន​ចលនា​យ៉ាង​រស់​រវើក (​ឬ​យ៉ាង​មមារ​ញឹក​)​។ ការ​រីក​ចម្រើន នូវ​បច្ចេកវិទ្យា​បាន​ជួយ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ មនុស្ស​ម្នា​ធ្វើ​បំ​លាស់​ទី ជាមួយ​យាន្ត​ជំនិះ ផ្ទាល់ខ្លួន​ឬ​មធ្យោបាយ​ធ្វើ​ដំណើរ​រួម ដោយ​មាន​បុព្វហេតុ និង​គោលដៅ​រួម​មួយ​គឺ ដើម្បី​ជីវិត​រស់នៅ​របស់​ពួក​គេ​»​។

គួរ​បញ្ជាក់​ថា ការ​តាំងពិព័រណ៍​រូបថត​ក្រោម​ការ​ឧបត្ថម្ភ​របស់ Cambodia Airports​។ លោក​អ្នក​អាច​​ចូល​ទស្សនា​បាន នៅ​ក្នុង​វិចិត្រសាល​នៃ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ ចាប់ពី​ថ្ងៃ​នេះ​តទៅ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០២០​នេះ ដោយ​អាស្រ័យ​ទៅ​លើ​ស្ថានភាព កូ​វី​ដ​១៩​ផង​ដែរ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ