កូវីដ១៩ បានធ្វើអោយការធ្វើដំណើររបស់មនុស្សនៅលើពិភពលោកធ្លាក់យ៉ាងគំហុកនិងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោក ដោយរួមទាំងកម្ពុជាផង។
វិស័យទេសចរណ៍ គឺជាផ្នែកដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ ការធ្លាក់ចុះវិស័យទេសចរណ៍នេះ និងវិស័យកាត់ដេរដោយសារការវាយប្រហារនៃជំងឺកូវីដ១៩ បានបញ្ចប់ ការរីកចម្រើនប្រមាណ៧ភាគរយក្នុងរយៈពេលពីរទស្សវត្សរ៍នៅប្រទេសកម្ពុជា។
ជើងហោះហើរបានធ្លាក់ចុះខ្លាំង សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាច្រើន បានបិទទ្វារ។ ចំណែកអ្នកប្រកបការងារ និងមុខរបរ ទាក់ទងនឹងវិស័យ ទេសចរណ៍ ជាច្រើនត្រូវតស៊ូនឹងវិបត្តិដែលមិនធ្លាប់មាននេះដោយអ្នកខ្លះត្រូវបាត់បង់ការងារ និងអ្នកខ្លះទៀតមិនអាចប្រកបរបរបានដូចធម្មតា។
នៅពេលដែលមិនទាន់មានការទស្សន៍ទាយដ៏ពិតប្រាកដមួយថា តើនៅពេលណាទើបមនុស្សហ៊ានធ្វើដំណើរឆ្លងប្រទេស និងទ្វីបដូចដើមវិញ0x017d7 ឬថា តើពេលណាទើបកូវីដ១៩ អាចត្រូវបានគ្រប់គ្រងបានទាំងស្រុងជាសកលនោះ0x017d7 ការជំរុញទេសចរណ៍ ក្នុងស្រុក គឺជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជាបានមួយផ្នែក និងដើម្បីជួយដល់ជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅដោយពឹងផ្អែកលើចំណូលពីវិស័យទេសចរណ៍។
ដើម្បីអោយវិស័យទេសចរណ៍ក្នុងស្រុករស់រវើកឡើងវិញនោះ កិច្ចការជាច្រើន នឹងត្រូវ ធ្វើដើម្បីទាក់ទាញប្រជាជនកម្ពុជាអោយធ្វើដំណើរកម្សាន្ត ហើយទន្ទឹមពេលជាមួយគ្នានោះនឹងមិនមានហានិភ័យនៃការឆ្លងកូវីដ១៩ឡើយ។
ក្រៅអំពីការធ្វើការឃោសនាអំពីតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញនានានៅតាមបណ្តាខេត្តនានានោះ វាក៏ចាំបាច់ផងដែរ ដែលត្រូវពង្រឹងសេវាកម្មទេសចរណ៍អោយកាន់តែមានប្រសិទ្ធភាព។ ជាពិសេសនោះ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវបង្កើនការយល់ដឹង និងអនុវត្តគោលការណ៍នានា ដែលចេញដោយក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លង និងចម្លងពីជំងឺកូវីដ១៩។
នៅពេលដែលប្រជាជនកម្ពុជា បានយល់ដឹងអំពីភាពទាក់ទាញនៃតំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា មិនថានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្ត កំពត ខេត្តកោះកុង ឬក៏ខេត្តផ្សេងទៀត វានឹងជាការអូសទាញទឹកចិត្តមួយ ដើម្បីអោយ ពួកគេចាប់ផ្តើមនាំគ្នាធ្វើដំណើរកម្សាន្តទៅកាន់ខេត្តទាំងនោះ។
ប៉ុន្តែខណៈដែលមនុស្សគ្រប់គ្នាបារម្ភអំពីបញ្ហាឆ្លងកូវីដ១៩នោះ វាចាំបាច់នឹងត្រូវបញ្ជួន សារមួយ ដល់ពួកគេថា ពួគេនឹងមានសុវត្ថិភាពគ្រប់គ្រាន់ ហើយមិនឆ្លងកូវីដ១៩នៅពេលដែលពួកគេចូលទៅសម្រាកនៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់ ឬក៏នៅពេលដែល ពួកគេចូលទៅបរិភោគអាហារនៅតាមភោជនីដ្ឋាន ឬកន្លែងលក់ម្ហូបអាហារណាមួយ។
នៅក្នុងករណីនេះ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងកន្លែងទេសចរណ៍នានា ត្រូវតែយល់ច្បាស់ និងអនុវត្តអោយមានប្រសិទ្ធភាពគោលការណ៍ដែលចេញដោយក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង និងចម្លងកូវីដ១៩។
នៅពេលដែលប្រជាជនកម្ពុជាគ្រប់រូបមានអារម្ភថា នឹងមានសុវត្ថិភាពក្នុងការធ្វើដំណើរហើយនោះ ពួកគេនឹងមិនរួញរានៅក្នុងការធ្វើដំណើរ កម្សាន្តទៅកាន់តំបន់ ទេសចរណ៍ប្រកបដោយភាពទាក់ទាញនានានៅក្នុងប្រទេសកម្ពុជាឡើយ។
ចំណែកប្រជាជនកម្ពុជាទាំងអស់ក៏ត្រូវយល់ដឹង និងអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការណ៍ ដើម្បីបង្ការការឆ្លង និងចម្លងមេរោគកូវីដ១៩ ដូចជាត្រូវរក្សាគម្លាតពីរគ្នាអោយបាន២ម៉ែត្រ ការពាក់ម៉ាស ការលាងសម្អាតដៃអោយបានញឹកញាប់ជាដើម។
បើសិនជាប្រជាជនកម្ពុជាជាច្រើនចាប់ផ្តើមធ្វើដំណើរកម្សានឡើងវិញ ទៅតាមបណ្តា ខេត្តនានានោះ ពួកគេនឹងបង្កើនការចំណាយក្នុងស្រុក ហើយនឹងជួយដល់ជីវភាព ប្រជាជននានា ដែលធ្វើការងារ និងប្រកបរបរទាក់ទងនឹងទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន នៅតាមបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។
ដូច្នេះ វានឹងតម្រូវអោយក្រសួងទេសចរណ៍ និង អាជ្ញាធរខេត្តនានាធ្វើការងារយ៉ាង សកម្ម ដើម្បីធ្វើយ៉ាងណាអោយវិស័យទេសចរណ៍នៅក្នុងស្រុកនេះមានសន្ទុះខ្លាំងឡើង។
អ្វីដែលជាសញ្ញាវិជ្ជមាននោះ មួយរយៈពេលកន្លងមកនេះ គេបានឃើញថា មនុស្ស កាន់តែច្រើនជាងមុនបាននាំគ្នាធ្វើដំណើរទៅកាន់ខេត្តមួយចំនួន ពិសេសគឺខេត្តនៅជាប់សមុទ្រ។
ដូច្នេះ បើសិនជាការធ្វើដំណើរកម្សាន្តនេះ មានសន្ទុះខ្លាំង និងរាលដាលដល់ខេត្តជា ច្រើនោះ វានឹងជួយមួយផ្នែកដល់សេដ្ឋកិច្ចកម្ពុជា ហើយជួយដល់ជីវភាពរបស់អ្នក ដែលពឹងផ្អែកលើវិស័យទេសចរណ៍។
ប៉ុន្តែអ្វីដែលត្រូវចាំនោះ គឺដើរលេងមិនត្រូវនាំទុក្ខឡើយ ពោលគឺគ្រប់គ្នាត្រូវតែអនុវត្តអោយបានមានប្រសិទ្ធភាពនូវវិធានការប្រឆាំងកូវីដ១៩ដ៏សាហាវនេះ៕
ចែករំលែកព័តមាននេះ