ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា លី ហួរ បង្ហាញ​បទ​ពិសោធន៍​ផ្ទាល់ខ្លួន ៣​ចំនុច​គ្រប់គ្រង​ស្ថាប័ន និង​បុគ្គលិក​ទទួល​បានប្រសិទ្ធភាព​ខ្ពស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​មុខ​ជំនួញ​ជោគជ័យ គឺ​ត្រូវ​រួម​ផ្សំ​នូវ​កត្តា​ជា​ច្រើន មិន​ថា ធនធាន​លុយកាក់ និង​ធនធានមនុស្ស​ឡើយ ជា​ពិសេស គឺ​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់ និង​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ក្នុង​ការ​គ្រប់​គ្រប​គ្រប់គ្រង​ស្ថាប័ន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​មុខ​ជំនួញ​ជោគជ័យ គឺ​ត្រូវ​រួម​ផ្សំ​នូវ​កត្តា​ជា​ច្រើន មិន​ថា ធនធាន​លុយកាក់ និង​ធនធានមនុស្ស​ឡើយ ជា​ពិសេស គឺ​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់ និង​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ក្នុង​ការ​គ្រប់​គ្រប​គ្រប់គ្រង​ស្ថាប័ន និង​បុគ្គលិក ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ ។

លោក ឧកញ៉ា លី ហួរ សហគ្រិន​ជោគជ័យ​មួយ​រូប នៅ​កម្ពុជា​ដែល​កំពុង​ក្តោប​ក្តាប់​នូវ​វិស័យ​ហិរញ្ញវត្ថុ អចល​ទ្រព្យ និង​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ជា​ច្រើន​ក្នុង​ដៃ​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​លោក​ឧកញ៉ា ក្នុង​ការ​គ្រប់គ្រង​ស្ថាប័ន និង​បុគ្គលិក ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សហការី​នៃ​សារព័ត៌មាន​កោះសន្តិភាព​យ៉ាង​ដូច្នេះ​ថា​«​បាទ ពិត​ណាស់ ការ​គ្រប់គ្រង គឺ​សំខាន់​ណាស់ ។

ការ​គ្រប់គ្រង​ឲ្យ​បាន​ម៉ត់ចត់ គឺជា​រឿង​ទី​១ ។ សំខាន់​ត្រង់​ថា យើង​ជា​ម្ចាស់​ក្រុមហ៊ុន ដើម្បី​ឲ្យ​គ្រប់គ្រង​បាន​ដូច​ខ្ញុំ បញ្ជាក់​អ​ញ្ចឹ​ង បុគ្គលិក​ធ្វើការ​ឲ្យ​យើង គឺ​ថ្ងៃ​សៅរ៍ និង​អាទិត្យ គឺ​ឈប់​សម្រាក​ហើយ តែ​យើង​អត់​បាន​ឈប់​ទេ យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​គុណភាព​ការងារ​ដែល​បាន​ដាក់​ឲ្យ​អនុវត្តន៍​កន្លង​មក ត្រឹមត្រូវ​តាម​គោលការណ៍​ដែល​យើង​បាន​ដាក់​ចេញ​ទៅ​ឬ​អត់ ។ នេះ​ដើម្បី​សបញ្ជាក់​ឲ្យ​ឃើញ​ថា ការ​គ្រប់គ្រង​របស់​យើង​ឲ្យ​វា​មាន​និរន្តរភាព និង​នៅ​មានគុណ​ភាព​ដដែល ។ អ​ញ្ចឹ​ង​បើ​យើង​ជា​ម្ចាស់​ក្រុមហ៊ុន យើង​អត់​គ្រប់គ្រង​បាន​ផង យើង​បណ្តោយ​តាម​បុ​គ្គ​លិ​គ​ទាំងអស់​ម្តេច​បាន​ទៅ ។

លោក ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន​លី ហួរ​គ្រុប ដែល​មាន​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័​ន្ឋ​ជិត​១០​ក្រុមហ៊ុន ឬ​អាច​ចាត់ទុកជា​សេដ្ឋី​មួយ​រូប នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​បន្ត​ថា​« ចំណុច​ទី​២- គឺ​យើង​ត្រូវ​ឈរ​លើ​គោលការណ៍​មួយទៀត គឺ​បណ្តុះបណ្តាល​បុគ្គលិក​ជា​ប្រចាំ ។ ត្រង់នេះ គឺ​មាន​ន័យ​ថា យើង​ត្រួតពិនិត្យ​ទៅ​លើ​ការ​អនុវត្ត​ការងារ និង​ការ​បណ្តុះបណ្តាល ។ ការ​គ្រប់គ្រង គឺ​សំខាន់​បំផុត​តាមដាន​មើល​ថា តើ​បុគ្គលិក​នីមួយ​ៗ​អនុវត្ត​តាម​គោលការណ៍ ឬ​អត់ ។

បើ​យើង​ឃើញ​គាត់​អនុវត្ត​ចាក​ឆ្ងាយ​ពី​គោលការណ៍ គឺ​យើង​ត្រូវ​អប់រំ​គាត់ ណែនាំ ហើយ​យើង​បណ្តុះបណ្តាល​ជំនាញ​គាត់ ហើយ​យើង​ត្រូវ​ឲ្យ​អាទិភាព​ទៅ​លើ​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ខ្លួនឯង​នេះ​ឲ្យ​អាទិភាព​ផ្ទៃក្នុង​មុនគេ ដែល​ការ​ឲ្យ​អ​ទិ​ភាព​តំឡើង​ឋានៈ​បុគ្គលិក​ផ្ទៃក្នុង​ជា​រឿង​ទី​៣ សំខាន់​បំផុត ជា​ជាង​យើង​រើស​មនុស្ស​ពី​ក្រៅ​»​។

លោក​ឧកញ៉ា បាន​បន្ថែម​ទៀត​ថា ក្នុង​នាម​ជា​ថៅកែ គឺ​ចាំបាច់​ត្រូវ​តែ​លើកទឹកចិត្ត​បុគ្គលិក​តាម និង​បណ្តុះបណ្តាល​ជាប់​ជា​ប្រចាំ ដោយ​លោក​បង្ហើប​បន្ថែម​ទៀត​ថា «​បុគ្គលិក​ណា​ឆ្នើម​យើង​បណ្តុះបណ្តាល​គាត់​បន្តិច​ទៅ ហើយ​តម្លើង​ឋានៈ និង​តួនាទី​ឲ្យ​គាត់ ជា​ជាង​យើង​ទៅ​រើស​ពី​ខាងក្រៅ​យក​មក​ដាក់ ។ ខ្ញុំ​ជូន​ជា ឧទាហរណ៍ ប្រធាន​ការិយាល័យ​មួយ​ដែល​គាត់​ឈប់​សម្រាក ឬ​ក៏​យើង​បញ្ឈប់​គាត់ បើ​យើង​រើស​ពី​ក្រៅ​មក​ដាក់ យើង​មិន​ប្រាកដ​ថា គាត់​ពូកែ​ទេ ប៉ុន្តែ​អនុប្រធាន​ការិយាល័យ​មួយ​នឹង​ដែល​យើង​គិត​ថា​គាត់​ធ្វើ​បាន គាត់​ពូកែ អ​ញ្ចឹ​ង​បណ្តុះបណ្តាល​គាត់​បន្ថែម និង​ផ្តល់​អាទិភាព​ផ្ទៃក្នុង​មុនគេ ដែល​យើង​គិត​ថា គាត់​ពិតជា​អាច​ធ្វើ​បាន​ដោយ​ឈរ​លើ​ទស្សនៈ​មួយ គឺ​បណ្តុះបណ្តាល ។ អ​ញ្ចឹ​ង​សម្រាប់​លី ហួរ​គ្រុប គឺ​យើង​ឲ្យ​អាទិភាព​ផ្ទៃក្នុង​មុន នេះ គឺជា​ឲ្យ​តម្លៃ​បុគ្គលិក និង​បន្ត​បណ្តុះបណ្តាល​បុគ្គលិក​» ។

សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​រូប​នេះ​បាន​បន្ត​ថា «​បើសិនជា​ក្រុមហ៊ុន​មួយ​ខ្លាច​ការ​ចំណាយ​ទៅ​លើ​ការ បណ្តុះបណ្តាល​នោះ​ក្រុមហ៊ុន​នោះ គឺ​មិន​អាច​រីក​ចម្រើន​បាន​ទេ ។ អ​ញ្ចឹ​ង​ការ​គ្រប់គ្រង​ការងារ​បណ្តុះបណ្តាល​បុគ្គលិក គឺជា​ចំណុច​ស្នូល​សម្រាប់​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន ។

យើង​មិនមែន​បង្កើត​ក្រុមហ៊ុន​មួយ​សម្រាប់​ខ្លួនឯង​តែ​មួយ​មុខ​ទេ យើង​ចង់​ធ្វើ​យ៉ាងណា​សម្រាប់​អនាគត​រីក​ចម្រើន​ផង​ជួយ​ដល់​សង្គម​ផង បុគ្គលិក​រាប់​ពាន់​នាក់​ដែល​ត្រូវ​រក្សា ហើយ​ក៏​ចង់​ធ្វើ​អ្វីមួយ​ដែល​គិត​ថា ទុកជា​កេរ្តិ៍​ដំណែល​នៅ​ក្នុងស្រុក​យើង ក្នុង​ប្រទេស​ជាតិ​យើង​ដែរ អ​ញ្ចឹ​ង​ហើយ​បានជា​ខ្ញុំ មុន​នេះ​ឆ្លើយ​តប​នឹង​សំណួរ​ថា ចង់​វិនិយោគ ឬ​បើក​ក្រុមហ៊ុន​នៅ​ក្រៅប្រទេស ជា​ធម្មតា​យើង​ជា​ម្ចាស់​ក្រុមហ៊ុន​ធំ​តែងតែ​ចង់ តែ​អ្វី​ដំបូង​គេ​ដែល​យើង​ត្រូវ​គិត គឺ​ប្រទេស​យើង​សិន ព្រោះ​ប្រទេស​យើង​កំពុង​តែ​អភិវឌ្ឍន៍​ហើយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​បាន​នឹង​កំពុង​កៀងគរ​បរទេស​មក​វិនិយោគ​នៅ​ក្នុងស្រុក​យើង ហើយ​យើង​បែរជា​វិនិយោគ​នៅ​ក្រៅ​ស្រុក​វិញ​ក៏​វា​ដូច​ជា មិន​ទំនង​ដែរ ។ នេះ​ជា​ការ​គិត​សម្រាប់​ខ្ញុំ​ផ្ទាល់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ