ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ទីតាំង​ភូមិសាស្ត្រ​» និង​ប្រវត្តិ​ «​តំបន់​កំពង់ស្វាយ​» ដ៏​ល្បី​ពី​ដាវ​ដែក

3 ឆ្នាំ មុន
  • ភ្នំពេញ

«​ដាវ​ដែក​កំពង់ស្វាយ​» គឺជា​កិត្តិនាម​ដ៏​ល្បី​មួយ ។ បានជា​ហៅ​ដាវ​ដែក​កំពង់ស្វាយ ដ្បិត​មាន​ប្រភព​ទីតាំង​តំបន់​កំពង់ស្វាយ ។ ដូច្នេះ​សូម​បង្ហាញ​ពី​ប្រវត្តិ​តំបន់​កំពង់ស្វាយ និង​ទីតាំង​ភូមិ​សាស្ត្រ ។ ឃុំ​កំពង់ស្វាយ​ជា​ឃុំ​មួយ​ស្ថិត​នៅ​ស្រុក​កំពង់ស្វាយ…

«​ដាវ​ដែក​កំពង់ស្វាយ​» គឺជា​កិត្តិនាម​ដ៏​ល្បី​មួយ ។ បានជា​ហៅ​ដាវ​ដែក​កំពង់ស្វាយ ដ្បិត​មាន​ប្រភព​ទីតាំង​តំបន់​កំពង់ស្វាយ ។ ដូច្នេះ​សូម​បង្ហាញ​ពី​ប្រវត្តិ​តំបន់​កំពង់ស្វាយ និង​ទីតាំង​ភូមិ​សាស្ត្រ ។

ឃុំ​កំពង់ស្វាយ​ជា​ឃុំ​មួយ​ស្ថិត​នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ឃុំ​កំពង់ស្វាយ គឺ​កាលពីដើម​ឡើយ​ល្បីល្បាញ​ជា​ពិសេស​ខាង​ផលិត​ដាវ​ដែក គឺ​ដាវ​ដែក​កំពង់ស្វាយ ។ តំបន់​នោះ​សំបូរ​ទៅ​ដោយ​ដើម​ស្វាយ​ជា​ច្រើន​ដុះ​តាម​មាត់​ស្ទឹង ។ ហេតុនេះ​ហើយដោយ​សារ​តែ​សម័យ​នោះ​ល្បី និង​ពូកែ ទើប​គេ​ដាក់​ឈ្មោះ​តំបន់​ទាំងមូល​ថា ឃុំ​កំពង់​សា្វ​យ ឬ​ស្រុក​កំពង់​សា្វ​យ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

នៅ​ឃុំ​កំពង់ស្វាយ ប្រជាជន​ភាគច្រើន​ជា​កសិករ និង​ខ្លះ​ទៀត​លក់​គ្រឿងទេស​បន្ដិចបន្តួច​។
នៅ​តំបន់​កំពង់ស្វាយ មាន​ស្ទឹង​មួយ​ដែល​ហូរ​កាត់ គឺ​ស្ទឹង​សែន ។ ស្ទឹង​នេះ​ហើយ​ដែល​អ្នកស្រុក​នេសាទ​ដើម្បី​ចិញ្ចឹមជីវិត ព្រមទាំង​យក់​ទៅ​លក់​ដើម្បី​រក​កម្រៃ ខ្លះ​ៗ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ លើស​ពី​នេះ​ប្រជា​កសិករ​ធ្វើស្រែ​មួយ​ឆ្នាំ​បាន​ពីរ​រដូវ គឺ​រដូវវស្សា និង​រដូវប្រាំង ។ ស្រែប្រាំង​គេ​ចាប់ផ្តើម​ធ្វើ​ពី​ខែតុលា​ទៅ ហើយ​អំឡុង​ខែមីនា ទើប​ទទួល​បាន​ផល ។

កាលពីមុន​ប្រជាជន​មាន​ជីវភាព​លំបាក​ដោយសារ ធ្វើស្រែ​តាម​វិធីសាស្ត្រ​បុរាណ ប្រើ គោ ក្របី ។ បច្ចុប្បន្ន​ប្រជាជន​មាន​ជីវភាព​ធូរធារ មាន​របស់របរ​ប្រើប្រាស់​ទំនើប​ជាង​មុន ដូច​ជា គោ​យន្ត ជា​ដើម ។

នៅ​កំពង់​សា្វ​យ មិន​មាន​កន្លែង​កម្សាន្ត​គួរ​ជាទី​ចាប់អារម្មណ៍​ទេ គឺ​មាន​តែ​វត្ត​អារាម សម្រាប់​ការ​គោរព និង​ជា​កន្លែង​កម្សាន្ត​ពេល​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​កឋិនទាន ជាដើម ។
ខាងលើ​នេះ​បើ​តាម​ឯកសា​រវិ​គី​ភី​ឌា ហើយ​បើ​តាម​ឯកសារ​ផ្សេង​ទៀត​បង្ហាញ​ថា​«​ទឹកដី​ខេត្ត​កំពង់ធំ​នៅ​ពេល​បច្ចុប្បន្ន​នេះ កាលពី​នៅ​សតវត្ស​ទី​១០​មានឈ្មោះ​«​ស​ន្ទុ​ក​» ។ ឈ្មោះ​នេះ​បាន​បន្ត​ប្រើប្រាស់​ដល់​សម័យ​កណ្តាល​នៅ​អំឡុង​សតវត្សរ៍​ទី​១៧​នៃ​គ្រឹ​ស្ត​សករាជ​ដែ​លេ​ហៅ​ថា​«​ខេត្ត​អាស​ន្ទុ​ក ឬ​ស្រុក​ស​ន្ទុ​ក​» ពាក្យ​«​ស្រុក​» នៅ​សម័យ​កណ្តាល​មាន​ន័យ​ស្មើ​ខេត្ត​សព្វថ្ងៃ ។

ទីប្រជុំជន​ខេត្ត​ដំបូង​ស្ថិត​នៅ​ភូមិ​ព្រះឥន្ទ្រ​កុមារ ហើយ​ក្រោយមក​លើក​ទៅ​ភូមិ​កំពង់ស្វាយ​វិញ តាម​ដងស្ទឹង​សែន ហើយ​សម្ដេចចៅពញា​ចន្ទ​រាជា​ទ្រង់​អនុញ្ញាត​ឲ្យ​ឧកញ៉ា​ចៅពញា​ឧទ័យ​រាជា ជា​ចៅហ្វាយស្រុក​អាស​ន្ទុ​ក​និង​ជា​មេទ័ព ។

ក្រោយមក​នៅ​ក្នុង​រាជ្យ​របស់​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​គ​.​ស​.១៦០៧–១៦១៨ ទ្រង់​បាន​ចាត់​ឱ្យ​ឧកញ៉ា​តេ​ជោ​បុ​រាជ​មាស ឬ​តេ​ជោ​មាស​ឬ​ហៅ​ថា​ឧកញ៉ា​ក្រហម​ក​ធ្វើ​ជា​ចៅហ្វាយស្រុក​អាស​ន្ទុ​ក ។ ពេល​នោះ​ហើយ​ឧកញ៉ា​តេ​ជោ​មាស​បាន​ស្នើ​ប្ដូរ​ឈ្មោះ​ស្រុក​«​អាស​ន្ទុ​ក​»​មក​ជា​ស្រុក​«​កំពង់​ស្វាយ​»​វិញ ។ ស្រុក ឬ​ខេត្ត​កំពង់ស្វាយ​មាន​ផ្ទៃ​ដ៏​ធំធេង​ណាស់ គឺ​ព្រំប្រទល់​ផែនដី​ជាប់​រហូត​ដល់​ដែនដី​ស្រុក​លាវ ។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា​កាលពីមុន​ខេត្តកំពង់ធំ​មានឈ្មោះ​ថា​«​កំពង់​ស្វាយ​» ។

ទឹកដី​ស្រុក​កំពង់ស្វាយ​នៅ​ពេល​នោះ មាន​ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​កួយ​រស់នៅ​ផង ។ ជនជាតិ​កួយ គឺជា​ពូជពង្ស​អ្នក​ស្លដែក​ដ៏​ពូកែ​សម្រាប់​ប្រើប្រាស់​នៅ​សម័យ​បុរាណ ។ មុន​ពេល​ស្ល​ជា​ដែក​បាន គឺ​ត្រូវ​កាត់​ថ្មភ្នំ​ដែល​មាន​រ៉ែ​ដែក​យក​មក​ស្ល​ក្នុង​គុក​ចង្ក្រាន​ដែល​ហៅ​ថា​«​សន្លុង​»​ក្នុង​សីតុណ្ហភាព​យ៉ាងតិច​៣០០០​អង្សា​សេ ទើប​រលាយ​ក្លាយជា​ផ្នែក ។ ភ្នំ​ដែល​ថ្ម​មាន​ជាតិ​រ៉ែ​ដែក​ច្រើន​នោះ គឺ​ភ្នំ​ដែក​ស្ថិត​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​សព្វថ្ងៃ អតីត​ជា​ដែនដី​នៃ​ខេត្ត​កំពង់ស្វាយ ។ អ្វី​ដែល​ពិសេស​បំផុត​នៃ​ផលិតផល​ដែក​នោះ គឺ​ដាវ​ដែល​ជា​អាវុធ​មួយ​ប្រភេទ​យ៉ាង​មាន​សារ​សំខាន់​សម្រាប់​ប្រើប្រាស់​ក្នុង​សឹកសង្គ្រាម​នា​សម័យ​បុរាណ ។

ដោយសារ​ដាវ​ដែក​មាន​សារសំខាន់​បែប​នេះ​ហើយ​ទើប​មាន​កិត្តិនាម​ក្នុង​ទំនុកច្រៀង​បុរាណ​ថា​«​ដាវ​អើយ​ដាវ​ដែក ដាវ​ល្អ​ចម្លែក ដាវ​ដែក​កំពង់ស្វាយ ផ្លែ​កេរ​ពី​ឪពុក ស្រោម​កេរ​ពី​ម្ដាយ ដាវ​ដែក​កំពង់ស្វាយ កម្ចាយ​អស់​មារ​សត្រូវ​…»​។​ទំនុកច្រៀង​នេះ​នៅ​មាន​មក​ដល់​បច្ចុប្បន្ន ជា​បទ​ប្រពៃណី​​ប្រគំ​ក្នុង​មង្គលការ ។

បច្ចុប្បន្ន​«​ដាវ​ដែក​កំពង់ស្វាយ​» តាំង​បង្ហាញ​នៅ​ត្រង់​ផ្លូវ​ច្រមុះជ្រូក​កំពង់ធំ​-​សៀមរាប និង​កំពង់ធំ​-​ព្រះ​វិហារ ក្នុងភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ប្ញ​ស្សី​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ