ពិតជាដំណឹងរីករាយមួយ ដែលអង្គការសុខភាពពិភពលោក (WHO) បានប្រកាសស្វាគមន៍ចំពោះលទ្ធផលដំបូង នៃការសាកល្បងដោយជោគជ័យពីចក្រភពអង់គ្លេស ដែលបង្ហាញថា ថ្នាំ dexamethasone អាចជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ១៩ ដែលមានសភាពធ្ងន់ធ្ងរបាន ពោលគឺចំពោះអ្នកជំងឺដែលប្រើម៉ាស៊ីនជំនួយដង្ហើមក្នុងការព្យាបាលត្រូវបានបង្ហាញថា អាចកាត់បន្ថយអត្រាមរណភាព បានប្រហែលមួយភាគបី ហើយចំពោះអ្នកជំងឺដែលត្រូវការត្រឹមអុកស៊ីសែនតែប៉ុណ្ណោះ អត្រាមរណភាពត្រូវបានកាត់បន្ថយប្រហែលមួយភាគប្រាំ ។ នេះបើយោងតាមគេហទំព័ររបស់ (WHO) ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ ។
ទោះជាយ៉ាងណា អត្ថប្រយោជន៍នៃថ្នាំនេះ ត្រូវបានគេមើលឃើញចំពោះអ្នកជំងឺកូវីដ១៩ដែលធ្ងន់ធ្ងរ ហើយមិនត្រូវបានគេសង្កេតឃើញ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាស្រាល នោះទេ ។
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា «នេះគឺជាការព្យាបាលដំបូងបង្អស់ ដែលត្រូវបានបង្ហាញ ដើម្បីកាត់បន្ថយអត្រាមរណភាពចំពោះអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ ដែលត្រូវការការគាំទ្រដោយបំពង់អុកស៊ីសែន ឬម៉ាស៊ីនជំនួយខ្យល់ ។ នេះជាដំណឹងដ៏អស្ចារ្យ ហើយខ្ញុំសូមអបអរសាទរ ដល់រដ្ឋាភិបាលចក្រភពអង់គ្លេស ពិសេសសាកលវិទ្យាល័យ Oxford និងមន្ទីរពេទ្យ និងអ្នកជំងឺជាច្រើន នៅចក្រភពអង់គ្លេស ដែលបានចូលរួមវិភាគទានបែបវិទ្យាសាស្ត្រដែលជួយសង្គ្រោះជីវិតនេះ» ។
Dexamethasone គឺជាប្រភេទថ្នាំ ស្តេរ៉ូអ៊ីតកម្រិតទាប ដែលត្រូវបានប្រើតាំងពីទសវត្សឆ្នាំ១៩៦០ ដើម្បីកាត់បន្ថយការរលាក ក្នុងលក្ខខណ្ឌមួយចំនួន រួមមានជំងឺរលាកសន្លាក់ និងមហារីកមួយចំនួន ។ វាត្រូវបានចុះក្នុងបញ្ជីថ្នាំ គំរូរបស់អង្គការសុខភាពពិភពលោក ចាប់តាំងពីឆ្នាំ១៩៧៧ ក្នុងទម្រង់ផ្សំជាច្រើន ហើយបច្ចុប្បន្ននេះវាមានតម្លៃថោកសមរម្យ នៅក្នុងប្រទេសភាគច្រើន ។
សូមរម្លឹកដែរថា ថ្នាំ Dexamethasone មានតម្លៃថោក អាចសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ ដែលធ្ងន់ធ្ងរបាន
ការព្យាបាលមានរយៈពេល១០ថ្ងៃ នៃ dexamethasone អស់តម្លៃប្រហែល ៥ដុល្លារ សម្រាប់អ្នកជំងឺម្នាក់ ។ ដូច្នេះចាំបាច់ ត្រូវចំណាយ៣៥ផោន ដើម្បីសង្គ្រោះជីវិត ។ នេះគឺជាថ្នាំ ដែលមាននៅទូទាំងពិភពលោក ។ ព្រោះវាមានតម្លៃថោក វាក៏អាចមានអត្ថប្រយោជន៍យ៉ាងធំធេង នៅក្នុងប្រទេសក្រីក្រ ដែលកំពុងតស៊ូជាមួយនឹងចំនួនអ្នកជំងឺ Covid-19 កើនខ្ពស់ផងដែរ ៕
ចែករំលែកព័តមាននេះ