រាជធានីភ្នំពេញ ៖ ចាត់ទុកថា ជាសំណាង១ ក្នុងចំណោម១ពាន់គ្រោះថ្នាក់ទៅចុះ ខណៈដែលក្មេងប្រុសអាយុជាង១០ឆ្នាំចំនួន៣នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នា ហើយបត់ឆ្វេងដៃអត់មើលក្រោយស្របពេលនោះមានរថយន្តដឹងកុងតឺន័រ១គ្រឿង បើកក្នុងល្បឿនលឿនដែរ បានទៅដល់បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យដួល ។
ដោយក្មេងប្រុសទាំង៣នាក់នោះបានខ្ទាតបែកខ្ញែកគ្នាចេញផុតពីក្រោមកង់រថយន្ត ទើបមានសំណាងបានរួចផុតពីសេចក្ដីស្លាប់ ដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ចំណែកម៉ូតូវិញបានជាប់ក្រោមក្បាលរថយន្តអូសជាច្រើនម៉ែត្រទើបរថយន្តឈប់ស្ងៀម ។
ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្មេងប្រុសទាំង៣នាក់មិនត្រូវបានស្គាល់ឈ្មោះទេ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-7501។ ចំណែករថយន្តដឹកកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង មានស្លាកលេខដែរ ប៉ុន្តែក្រោយពីមានឧប្បត្តិហេតុកើតឡើងម្ចាស់បានដោះយកស្លាកលេខនោះចេញបាត់ ព្រោះខ្លាចអ្នកសាព័ត៌មានថតជាប់ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសទាំង៣នាក់ខាងលើ បានជិះម៉ូតូឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងដៃឆ្លងផ្លូវ ដោយមិនបានមើលក្រោយ ស្របពេលនោះក៏ត្រូវបានរថយន្តកុងតៃន័រខាងលើ ពណ៌លឿង បើកបរក្នុងទិសដៅពីកើតទៅលិច ជាន់ហ្វ្រាំងមិនទាន់ គេចចេញក៏មិនទាន់ ក៏ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យដួលប្រាវតែម្ដង ។ ប៉ុន្តែជាសំណាងបំផុត ដែលខណៈពេលដួលក្មេងប្រុសទាំងនេះបានខ្ទាតចេញផុតពីក្រោមកង់រថយន្តទើបមិនត្រូវបានរថយន្តកិនស្លាប់ ហើយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ តែក៏ទទួលរងនូវការភិតភ័យមិនតិចដែរ ។
ប្រភពដដែលបានបន្តថា ចំណែកឯម៉ូតូបានកៀបជាប់ពីក្រោមក្បាលរថយន្តដឹកកុងតឺន័រនោះ និងត្រូវរថយន្តអូសជាច្រើនម៉ែត្រ បន្ទាប់មកម្ចាស់រថយន្តដឹកកុងតឺន័រខាងលើបានដោះយកស្លាកលេខរថយន្តចេញទៅបាត់ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅបាញ់ថ្នាំដៅចំណាំកន្លែងកើតហេតុ រួចទាញយកម៉ូតូចេញ ហើយឲ្យអ្នកបើកបរបើកថយន្តទៅខាង បន្ទាប់មកឲ្យភាគីទាំង២ និងសម្របស្រួលគ្នា ហើយភាគីខាងរថយន្តបានជួយចេញសងថ្លៃខូចខាតម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ