ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​បុណ្យ​សមុទ្រ​ឆ្នាំ​២០២០ ប្រាប់​អន្តរជាតិ​កម្ពុជា​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួងទេសចរណ៍​គ្រោង​កំណត់​យក​ការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​២០២០ ដ៏​ខ្លី​ខាង​មុខ​នេះ ជា​ឱកាស​ផ្សព្វផ្សាយ​ប្រាប់​អន្តរជាតិ​ថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព និង​គុណភាព សេវាកម្ម​ប្រសើរ​ជាង​មុន ។ លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួងទេសចរណ៍​គ្រោង​កំណត់​យក​ការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​២០២០ ដ៏​ខ្លី​ខាង​មុខ​នេះ ជា​ឱកាស​ផ្សព្វផ្សាយ​ប្រាប់​អន្តរជាតិ​ថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព និង​គុណភាព សេវាកម្ម​ប្រសើរ​ជាង​មុន ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​១៦ ខែមិថុនា​នេះ បាន​ដឹកនាំ​មន្ត្រីរាជការ កម្លាំង​សមត្ថកិច្ច និង​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ បើក​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ និង​បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្ដែង​មួយ​ចំនួន ដើម្បី​ដាក់​ផែនការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នា​ចុងឆ្នាំ​២០២០ ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក ថោ​ង ខុន បាន​លើក​ឡើង​ថា «​ក្នុង​ករណី​ដែល​សភាពការណ៍​កូ​វី​ដ​បាន​ធូរស្រាល ហើយ​រាជរដ្ឋាភិបាល​អនុញ្ញាត ក្រសួងទេសចរណ៍​គ្រោង​កំណត់​យក​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ចុងឆ្នាំ​២០២០​នេះ ជា​យុទ្ធនាការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធានា​បាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​ថា កម្ពុជា​នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព និង​មានគុណ​ភាព​សេវាកម្ម​ទេសចរណ៍​ល្អ​ប្រសើរ​ជាង​មុន​» ។

ក្នុង​នាម​គណៈកម្មាធិការ​គ្រប់គ្រង​ការ​អភិវឌ្ឍ​តំបន់ឆ្នេរ គ​.​អ​.​ឆ​.​ក ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និង​បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​រៀបចំ​ឱ្យ​បាន​នូវ​បង្គន់​អនាម័យ​សាធារណៈ​ឱ្យ​បាន​ច្រើន​កន្លែង និង​មាន​ស្ដង់ដា​ត្រឹមត្រូវ ដើម្បី​ដាក់​បម្រើ​ជូន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ ។

លោក ថោ​ង ខុន ក៏​បាន​បន្ត​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​រៀបចំ​កែ​លម្អ​ឡើង​វិញ នូវ​បញ្ជា​ព័ត៌មាន​ទេសចរណ៍ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួយ​ដល់​ទេសចរ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ទេសចរណ៍​នៅ​ក្នុង​ខេត្ត ឬ​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា ពិសេស​ត្រូវ​រៀបចំ​ឱ្យ​មាន​សៀវភៅ​បង្ហាញផ្លូវ​ទេសចរណ៍ (Book Guide) និង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ​។

ក្រៅពី​នេះ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​អំពី​ការ​បន្ត​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​បន្ថែម អំពី​ភាព​ទាក់ទាញ​នានា​ដែល​បាន និង​កំពុង​កើតឡើង​ថ្មី​ៗ​នេះ​ដូច​ជា ចំណេះដឹង​ពាក់ព័ន្ធ​នឹង​មហាវិថី និង​វិ​ថី​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​កសាង​ជិត​រួចរាល់​នេះ ពីព្រោះ​ឃើញ​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មានការ​ចាប់អារម្មណ៍​ច្រើន ។

ម្យ៉ាងវិញទៀត ត្រូវ​បើក​ការ​បណ្ដុះបណ្ដាល​ដល់​បុគ្គល​និយោជិត​ក្នុង​វិស័យ​ទេសចរណ៍​ដែល​បាត់បង់​ការងារ​ក្នុង​ពេល​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ឱ្យ​ពួក​គេ​មាន​ជំនាញ​កាន់តែ​ល្អ​ជាង​មុន​សំដៅ​ត្រៀម​ទទួល​វត្តមាន​ភ្ញៀវ​ទេសចរ​ដែល​នឹង​ត្រឡប់​មក​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ​វិញ ក្រោយ​ពេល​ចប់​វិបត្តិ​កូ​វី​ដ​-១៩ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា នៅ​ក្រុងព្រះសីហនុ ការ​រៀបចំ​ទីក្រុង​ទំនើប​បាន និង​កំពុង​ធ្វើ​ប្រកបដោយ​ភាព​ទាក់ទាញ​ប្លែក​ភ្នែក រីឯ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ក៏​ជិត​បង្ហើយការ​រៀបចំ​ដែរ ប៉ុន្តែ​គុណភាព​សេវាកម្ម​ទេសចរណ៍ និង​ការ​រៀបចំ​កែ​លម្អ​រមណីយដ្ឋាន ឆ្នេរសមុទ្រ ក៏​ត្រូវ​បន្ត​ការ​រៀបចំ​ឱ្យ​ល្អ​ប្រសើរ​ផង​ដែរ ដើម្បី​ត្រៀម​ឱ្យ​បាន​រួច​ស្រេច​នៅ​ពេល​កំណើន​ភ្ញៀវ​ទេសចរ​ងើបឡើង​វិញ ពិសេស​នៅ​ពេល​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​កំពុង​មាន​សកម្មភាព​ងើបឡើង​វិញ បូក​រួម​នឹង​ការ​ដាក់​ឱ្យ​អនុវត្ត​ក្រុម​ប្រតិបត្តិ និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ថ្មី (New Normal) ដែល​មាននៅ​ក្នុង​សេវាកម្ម​ទេសចរណ៍​នានា ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​អភិបាលខេត្ត គួ​ច ចំរើន ក៏​បាន​ណែនាំ​ទៅ​កាន់​មន្ទីរ​ជំនាញ អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​អនុវត្ត​កិច្ចការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ខាង​មុខ​នេះ​ឱ្យ​បាន​សស្រាក់សស្រាំ ពិសេស​មន្ទីរ​រ៉ែ និង​ថាមពល​ត្រូវ​ព​ន្លឿ​ន​លើ​ការងារ​ត​បណ្ដាញ​អគ្គិសនី​នៅ​តាម​ផ្លូវ​ថ្មី​ៗ ។

ចំណែក​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ត្រូវ​ព​ន្លឿ​ន​កា​រត​បណ្ដាញទឹក​ស្អាត​នៅ​តាម​តំបន់​ផ្សេង​ទៀត​ផង​ដែរ ពិសេស​គឺ​ទៅ​ដល់ទី​តាំង​ដែល​ត្រៀម​ប្រារព្ធ​ពិធី​ឱ្យ​បាន​កាន់តែ​ឆាប់ ។ ក្រោយ​ចប់​កិច្ចប្រជុំ​ខាងលើ ថ្នាក់ដឹកនាំ​ទាំង​ពីរ​រួម​ទាំង​មន្ត្រីរាជការ​មួយ​ចំនួន​ក៏​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ផ្លូវ ឆ្នេរ និង​ចុះ​កំណត់​ទីតាំង​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ផង​ដែរ ក្នុង​នោះ​មាន​ពីរ​ទីតាំង​ដែល​ស្ថិត​ក្នុង​ការ​ពិចារណា គឺ​នៅ​បរិវេណ​រង្វង់​មូល​ព្រះថោង​នាងនាគ និង​មួយ​ទីតាំង​ទៀត​នៅ​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ ដែល​នៅ​ជិត​ដើមឈើ​ចាំ​ស្នេហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ