ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ជា​ភូមិ​រស​់​ប្រទាញ​ប្រទង់​រវាង​កង​ទ័ព​ខ្មែរក្រហម ពេលនេះ ក្លាយជាបែប​ណា?

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ភូមិ​ខ្វិត គឺជា​ភូមិ​មួយ​ដែល​នៅ​ដាច់​ស្រយាល​ជាង​ភូមិ​នានា ក្នុង​ចំណោម​ភូមិ​ជា​ច្រើន​នៅ​ក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ។​ ហើយទោះបី​ប្រទេស​ជាតិ​បាន​រៀបចំ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣ ដែល​រៀប​ចំ​បោះ​ឆ្នោត​ដោយ​អ៊ុ​ន​តាក់ ​​ប៉ុន្តែ​ភូមិ​នេះ​​នៅ​តែ​មាន​អសន្តិសុខដដែល…

ខេត្តកំពង់ឆ្នាំង ៖ ​ភូមិ​ខ្វិត គឺជា​ភូមិ​មួយ​ដែល​នៅ​ដាច់​ស្រយាល​ជាង​ភូមិ​នានា ក្នុង​ចំណោម​ភូមិ​ជា​ច្រើន​នៅ​ក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ។​ ហើយទោះបី​ប្រទេស​ជាតិ​បាន​រៀបចំ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣ ដែល​រៀប​ចំ​បោះ​ឆ្នោត​ដោយ​អ៊ុ​ន​តាក់ ​​ប៉ុន្តែ​ភូមិ​នេះ​​នៅ​តែ​មាន​អសន្តិសុខដដែល ដោយសារ​តែ​ទីនេះ​ជា​តំបន់​ប្រទាញប្រទង់ រវាង​កងទ័ព​ព្រៃ​ខ្មែរក្រហម ជាមួយកងទ័ព​រាជរដ្ឋាភិបាល ។

​យ៉ាង​ណា​ក្តី ភូមិ​មួយ​នេះ​​ក៏បាន​ទទួល​សុខ​សន្តិភាព​ដូច​គេ​វិញ​ដែរ​ នៅ​ពេល​ដែល​រាជរដ្ឋាភិបាលបាន​ដាក់​ចេញ​​គោលនយោបាយ​ឈ្នះ=ឈ្នះ និង​បាន​ធ្វើ​សមា​ហរ​ន្ត​កម្មនៅ​ឆ្នាំ​១៩៩៨ ។

មេ​ភូមិ​ខ្វិតឃុំ​ក្បាលទឹក ស្រុក​ទឹក​ផុស លោក​អ៊ុ​ន ហិន អាយុ៦០​ឆ្នាំ ជា​ជន​ពិការ បាន​បញ្ជាក់​ប្រាប់កោះ​សន្តិ​ភាព​ថា​ លោក​បាន​ក្លាយជា​ជន​ពិការ ដោយសារ​ជាន់​មីន រង​របួស​នៅ​ក្នុង​ឆ្នាំ​១៩៨៤ កាល​ណោះ គាត់​ជា​សេនា​ជនភូមិ ហើយ​បាន​គ្រោះ​នៅ​សមរភូមិ ភ្នំ​ថ្ម​អង្គនៅ​ជិត​ភ្នំ​ឱ​រ៉ា​ល់ ដោយ​បាន​ដាច់​ជើង​ខាងឆ្វេង ។ បន្ទាប់​​ពិការ​ភាព លោក​ត្រូវ​បាន​តែងតាំង​ជា​មេ​ភូមិខ្វិត នៅ​ឆ្នាំ​១៩៨៤ ។

បច្ចុប្បន្ន​ ប្រជាជន​រស់នៅ​ក្នុងភូមិ​ខ្វិត ​មាន​ចំនួន​១០៣​គ្រួសារ មាន​មនុស្ស​ចំនួន៤៣៧ នាក់​(​ស្រី២១៦​នាក់​) ។ ក្រោយ​ពេល​សមា​ហរ​ន្ត​កម្ម បញ្ចប់សង្គ្រាម​ផ្ទៃក្នុងរវាង​ខ្មែរ​និង​ខ្មែរ នៅ​អំឡុង​ឆ្នាំ​១៩៩៨ ប្រជាពលរដ្ឋ​ក៏​បាន​ចូល​រស់នៅ​លើ​ដី​ភូមិ​ចាស់​របស់​ខ្លួន​វិញ ដោយ​កាលនោះ ខ្មែរក្រហម​បាន​ទម្លាក់អាវុធ​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល ទើប​ប្រជាពលរដ្ឋ​បាន​សុខ​សន្តិភាព ។​ ពេល​នោះ​ប្រជាពលរដ្ឋ​បាន​ចាប់ផ្តើម​ធ្វើស្រែ​លើ​ដី​ចាស់​របស់​ខ្លួនដែល​បាន​បោះបង​ចោល​យូរ​ឆ្នាំ​ណាស់​មក​ហើយ ។​ ខ្លះ​ទៀត​ បាន​ចាប់​ពង្រាបដី​ថ្មី​ដោយ​កាប់​គាស់​គល់ឈើ​ដើម្បី​បង្ករ​បង្កើន​ផល​​ ​គឺ​ចាប់ពី​ពេល​នោះ​មក ​ប្រជាពលរដ្​បាន​សុខ​សន្តិភាព ធ្វើស្រែ ធ្វើ​ចម្ការ និង​ការ​កាប់​ឈើ​លក់ ដោយ​ពុំ​មាន​ខ្លាច​សង្គ្រាម​ដូច​មុន​ទៀត​ឡើយ​។ ក្រោយ​ការ​កាប់​ឈើ អស់ពី​ក្នុង​ព្រៃ ប្រជាពលរដ្ឋ បាន​បន្ត​ការ​កាប់​ឬ​ស្សី​លក់​បន្ត​ដល់​សព្វថ្ងៃ ។

បច្ចុប្បន្ន ប្រជាពលរដ្ឋ រស់នៅ​ដោយ​សុខ​សន្តិភាព មាន​ជីវភាព​មធ្យម នឹង​ធូរធា ផ្ទះ​ណា​ក៏​ដូច​ជា​ផ្ទះ​ណា​ដែរ យ៉ាង​ហោច​ណាស់ ក៏​មាន​ត្រឹម​ម៉ូតូ​១​គ្រឿង​ដែរ មាន​ទូរទស្សន៍​ពណ៌​មើល មាន​អគ្គិសនី​ប្រើប្រាស់​។ ថ្វីបើ​ផ្លូវ​ចូល​មក​ក្នុងភូមិ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ 53 ដែល​មាន​ចម្ងាយ​ជាង ៤ គីឡូ​ក៏ ជា​ផ្លូវ​ដីក្រហម​ពិតមែន ប៉ុន្តែ ក្នុងភូមិ មាន​ផ្លូវ​ខ្វែងខ្វាត់ ដែល​អាច​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ប្រកប​អាជីវកម្ម​បាន​ងាយស្រួល​ដែរ ។ រំលឹក​ឡើង​វិញ​ពី​អតីតកាល លោក​មេ​ភូមិ​ខ្វិត បាន​បន្ថែម​ថា​៖ ទោះបី​ក្រោយ​ការ​បោះ​ឆ្នោត អណ​ត្តិ​ទី​១ នៅ ឆ្នាំ​១៩៩៣ ដែល​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​ក៍​ពិតមែន ប៉ុន្តែ​ប្រជាពលរដ្ឋ នៅ​តែ​មិន​ទាន់​ទទួល​បាន​សេចក្តីសុខ​ដែរ ។

ពួក​គាត់​នៅ​តែ​រង​ការ​គេច​គ្រាប់រំសេវ ដោយសារ​តែ​កងទ័ព ខ្មែរក្រហម នៅ​តែ​បន្ត​ធ្វើសង្គ្រាម ដោយ​មិន​ព្រម​ចុះចូល​ជាមួយ រាជរដ្ឋាភិបាល ម្លោះ​ហើយ សង្គ្រាម​នៅ​តែ​បន្ត​ប្រយុទ្ធ​គ្នា ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​នេះ​ជួប​ការ​លំបាក​ខ្លាំង​ក្រៃ​លែង អ្នកខ្លះ​ក៏​បាន​ចាក​ចេញពី​ភូមិ ទៅ​រស់នៅ​ឯ​ជាមួយ​បងប្អូន ដែល​មាន​សុខ​សន្តិភាព ។ តែ​ខ្លះ​ទៀត​ដោយសារ​តែ​ស្រឡាញ់​ភូមិឋាន​របស់​ខ្លួន ក៏​បាន​នៅ​ក្រាញននាល​រស់នៅ​ជាមួយ​ខ្មែរក្រហម​ផង ជាមួយ​ទាហាន​រដ្ឋាភិបាល​ផង​ប្រៀប​ដូច​មនុស្ស​ក្បាល ២ ខាង​ខ្មែរក្រហម ក៍​ត្រូវ ខាង​រាជរ​ដ្ឋា​ភិ បាល ក៍​ត្រូវ គឺ​ត្រូវ​ចេះ​ដោះខ្លួន រស់​តាម​កាលៈទេសៈ ។

ជា​ចុង​ក្រោយ​ លោក​មេ​ភូមិ​ខ្វិតបាន​បញ្ជាក់​ថា​ ទោះបី​មាន​ផ្លូវលំ ភ្លើងអគ្គិសនីពិតមែន ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុងភូមិ នៅ​ខ្វះ​ទឹក​ប្រើប្រាស់ ដោយហេតុ​នេះ​ហើយ ​ក្នុង​នាម​អាជ្ញាធរ​ភូមិជំនួស​មុខ​ឱយ ប្រជាពលរដ្ឋ​លោក សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត ក្រសួង​ពាក់ព័ន្ធ មេត្តា​ជួយ​ធ្វើ​អណ្ដូងទឹក និងលើក​ទំនប់​ទប់​ស្ទឹង​ដើម្បី​យក​ទឹក ជូន​ដល់​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​ខិ្វ​ត ដែល​កំពុង​ខ្វះខាត​នេះ​ផង​ ។

អត្ថបទសរសេរ ដោយ