«​កុក​តែងតែ​ភ្លេច​ជង់ តែ​ជង់​មិន​ដែល​ភ្លេច​កុក​ឡើយ​»


ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ដែល​ចូល​ចិត្ត​រកស៊ី​កុហក​បោកប្រាស់​គេ​តែងតែមាន​វាសនា​មិនល្អ នោះ​ទេ ចុង​ក្រោយ​គឺ​គេច​មិន​ផុត​ពី​ការ​ចាប់ខ្លួន​របស់​ពី​សំណាក់​សមត្ថកិច្ច​ឡើយ​។ ជាក់ស្ដែង ឈ្មួញ​គួ​ក​ជេ​ដី​ដ៏​ល្បី​ពេញ​ស្រុក​ឧដុង្គ ដែល​តាំង​ខ្លួនឯង​ថា​ជា​ឧកញ៉ា​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​លើក​ទី​២ ពាក់ព័ន្ធ​ករណី​បោកប្រាស់​រឿង​លក់​ដី​។ ឧកញ៉ា​ត្បាញ​អាយ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​លក់​ដី​ខ្យល់​មានឈ្មោះ សូ សា​រឹម ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​លោកស្រី ទិ​ត ដា​លី​ន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ សូ សា​រឹម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​គួ​ក​ជេ​ដី​រស់នៅ​ភូមិ​អង្គ្រង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឆបោក ប្រព្រឹត្ត​នៅ​ភូមិ​រំលេច ឃុំ​ព្រះ​ស្រែ និង​ភូមិ​ស្ដុក​ក្រល ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។

ប្រភព​បន្ត​ថា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​ឈ្មោះ ហម សា​វុ​ធ ចង់​ទិញ​ដី​នៅ​ខេត្តកំពង់ស្ពឺ និង​បាន​ទំនាក់ទំនង​ឈ្មោះ គង់ សុខ​លី​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ក្រុមប្រឹក្សា​ស្រុក​ឧដុង្គ ដើម្បី​ឲ្យ​ជួយ​រក​ទិញ​ដី​នៅ​ពេល​នោះ​ឈ្មោះ គង់ សុខ​លី​ន បាន​ណែនាំ​ឲ្យ​ឈ្មោះ ហម សា​វុ​ធ ស្គាល់ឈ្មោះ សូ សា​រឹម ដើម្បី​ទំនាក់ទំនង​ក្នុង​ការ​ទិញ​ដី​ទិញ​ដី ដូរ​ឈ្មោះ គង់ សុខ​លី​ន អះអាង​ថា ឈ្មោះ សូ សា​រិម មាន​ដី​ជា​ច្រើន​កន្លែង​នៅ​តំបន់​ខាងលើ​។

បន្ទាប់​ពី​មានការ ទាក់ទង​គ្នា​រួច​មក​ជន​រង​គ្រោះ​ឈ្មោះ ហម សា​វុ​ធ បាន​ប្រាប់​ថា ខ្លួន​ចង់​ទិញ​ដី​ចំនួន​ពីរ​ប្លង់ ដែល​ប្លង់​ទី​១ ទំហំ​២​ហិ​កតា តម្លៃ ៨.៥​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​រំលេច ឃុំ​ព្រះ​ស្រែ និង​ប្លង់​ទី​២ ទំហំ​៣​ហិ​កតា តម្លៃ​១០.៥ ក្នុង​មួយ​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​ស្ដុក​ក្រល ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ទំនាក់ទំនង​គ្នា​រួចរាល់​ជន​រង​គ្រោះ បាន​ប្រគល់​ប្រាក់​កក់​ចំនួន ៧០,០០០​ដុល្លារ (​ប្លង់​ទី​១ ចំនួន​ន ៤០,០០០​ដុល្លារ និង​ប្លង់​ទី​២ ចំនួន ៣០,០០០​ដុល្លារ​) ទៅ​ឱ្យឈ្មោះ សូ សា​រឹម ដោយ​មានឈ្មោះ គង់ សុខ​លី​ន ផ្ដិត​មេដៃ​ធ្វើ​ជា​សាក្សី​។

ពេល​ដែល​ទទួល​លុយ​ហើយ​ឈ្មោះ សូ សា​រឹម មិន​បាន​ទំនាក់ទំនង ទៅ​ជន​រង​គ្រោះជា​ម្ចាស់​លុយ​នោះ​ទេ ហើយ​ចេះ​តែ​គេច​មុខ​ជន​រង​គ្រោះជា​ម្ចាស់​លុយ រហូត​បើ​ទោះជា​ទូរស័ព្ទ​ចូល​ហើយ​ក៏​ឈ្មោះ សូ សា​រឹម មិន​លើក​ដែរ បើ​លើក​វិញ​គ្រាន់តែ ប្រាប់​ថា​រវល់ នៅ​ជាមួយ​ឧកញ៉ា តែ​គេ​មិនដឹង​ថា​ឧកញ៉ា​ណា​នោះ​ទេ ហើយ​ក៏​ចុច​ទូរស័ព្ទ​បិទ តែ​ម្ដង​ទៅ​។ ដោយ​អស់ជំនឿ​ទៅ​លើ​ឈ្មោះ សូ សា​រឹម ជន​រង​គ្រោះជា​ម្ចាស់​ដី​បាន​ដាក់​ពាក្យ បណ្ដឹង​ទៅ​តុលាការ​ក្រោយមក​ត្រូវ​បាន​លោកស្រី ទិ​ត្យ ដា​លី​ន ជា​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ សមត្ថកិច្ច​យើង​ឃាត់ខ្លួន​តែ​ម្ដង​។

ការ​ដែល​ជន​រង​គ្រោះជា​ម្ចាស់​លុយ​សម្រេច​ដាក់​ពាក្យបណ្ដឹង នេះ គឺ​ដោយសារ​តែ​ដឹង​ថា ឈ្មោះ សូ សា​រឹម មិន​មាន​ដី​ប្រគល់​ឲ្យ​ខ្លួន​តាម​កិច្ចសន្យា​នោះ ទេ​ទើប​សម្រេចចិត្ត​ប្ដឹង​បែប​នេះ​តែ​ម្ដង​ទៅ​។ មហាជន​ជា​ច្រើន​រស់នៅ​ស្រុក​ឧ​ដ្ដុ​ង្គ បាន​លើក​ឡើង​ថា ការ​រកស៊ី​របរ​បោកប្រាស់​របស់​ឈ្មោះ សូ សា​រឹម នេះ​មិនមែន​ទើបតែ កើត​ឡើងជា​លើក​ទី​១ នោះ​ទេ ជាក់ស្ដែង​ដី​មួយ​កន្លែង​នៅ​ម្ដុំ​អូរ​សំ​រ៉ែ បច្ចុប្បន្ន​ស្ថិត​ក្នុង ឃុំ​ក្សេមក្សាន្ដ (​អតីត​ឃុំ​ចាន់​សែន​) ត្រូវ​បាន​ឈ្មោះ សូ សា​រឹម ទិញ​ពី​ម្ចាស់​ដី​មិន​ពិត ប្រាកដ​បង្ក​ឲ្យ​មាន​ជម្លោះ​ប្ដឹងផ្ដល់​គ្នា​រហូត​ដល់​តុលាការ​រហូត​មក​ដល់​ថ្ងៃនេះ​រយៈពេល​ជិត​ពីរ​ឆ្នាំទៅ​ហើយ នៅ​មិន​ទាន់​មានការ​ដោះស្រាយ​នៅឡើយ​ទេ​។

សូម​រំលឹក​ថា​លោក ឧកញ៉ា​ត្បាញ​អាយ សូ សា​រឹម ធ្លាប់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​កាហ្វេ​មួយ​កន្លែង នៅ​ខាង​មុខ​ភូមិ​គ្រឹះ​របស់​លោក​ស្មៀនឃុំ​ព្រះ​ស្រែ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​លួច​លក់​ដី​របស់​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​រំលេច ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ប៉ុន្តែ​លោក​ឧកញ៉ា សូ សា​រឹម រូប​នេះ​មានសំណាង​ល្អ ត្រូវ​បាន​លោក ពេជ្រ ចិន្តា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង ខេត្តកំពង់ស្ពឺ សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​សិន​កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩៕ ដោយ ៖ វង្ស សន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ