បើទោះបីជា Conor McGregor អតីតអ្នកលេងគុនចម្រុះរបស់ UFC ដែលទើបតែបានប្រកាសចូលនិវត្តន៍ពីវិស័យមួយនេះ កាលពីថ្ងៃទី៦ ខែមិថុនាកន្លងទៅថ្មីៗនេះ ក៏រូបគេនៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីប្រាក់ចំណូលរបស់គេ ។
បើយោងតាមប្រភព Forbes ក្លាយជាកីឡាករ UFC អាចរកចំណូលបានពីស្ថាប័នមួយនេះរហូតដល់ជាង ១០០លានដុល្លារអាមេរិក ចាប់ទាំងពីឈានជើងចូល UFC ក្នុងឆ្នាំ២០១៣។ ហើយរូបគេក៏ជាកីឡាកររកចំណូលបានច្រើនបំផុតពីស្ថាប័នមួយនេះផងដែរ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺ បើទោះបីជាចូលនិវត្តន៍ពីវិស័យនេះក៏ពិតមែន ប៉ុន្តែបុរសជនជាតិអៀរឡង់វ័យ ៣១ឆ្នាំរូបនេះ នៅតែអាចរកចំណូលពីប្រភពចំនួន២ បានយ៉ាងច្រើនគឺ៖
១-ប្រភពចំណូលជំនួញផ្ទាល់ខ្លួន ៖ Conor McGregor មានជំនួញផ្ទាល់ខ្លួន ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ និងជាប្រភពចំណូលដ៏សំខាន់គឺ ក្រុមហ៊ុនផលិតស្រាវីស្គីម៉ាក Proper No.12 ដែលរូបគេធ្លាប់ប្រកាសថា ការលក់ឆ្នាំដំបូងសម្រាប់ស្រាវីស្គីខ្លួន អាចរកចំណូលបានជិត ១ពាន់លានដុល្លារ។ ហើយរូបគេក៏បានព្យាករណ៍ថា Proper No.12 នឹងក្លាយជាផលិតផលល្បីល្បាញបំផុតរបស់អៀរឡង់ ហើយនឹងបន្តរហូតដល់រយៈពេល ២៥០ឆ្នាំទៅមុខទៀត។
២-ប្រភពចំណូលពីដៃគូឧបត្ថម្ភ ៖ ដោយសារតែភាពល្បីល្បាញរបស់ Conor McGregor បានធ្វើឱ្យក្រុមហ៊ុនជាច្រើន តម្រង់ជួរគ្នាចុះកិច្ចសន្យា ដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ ដោយធ្វើឱ្យ McGregor អាចរកចំណូលបានជិត ១០លានដុល្លារក្នុងមួយឆ្នាំពីដៃគូឧបត្ថម្ភ ដែលមានដូចជា៖ Monster Energy, Reebok, Electronic Arts និង Wynn Resorts រួមជាមួយដៃគូមួយចំនួនផ្សេងទៀត៕ (ដកស្រង់ចេញពី The Sun)
ចែករំលែកព័តមាននេះ