ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ផ្ទុះការ​តវ៉ា ក្រោយក្រុមហ៊ុនមិន​បើកប្រាក់ខែ​​ឱ្យ​អស់​៣​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កម្មករ និង​ក្រុម​ជាង​សាងសង់​សំណង់​ផ្សារ​ទំនើប DNC MALL​ ប្រមាណ​៤០​នាក់ ក្នុង​ចំណោម​ប្រមាណ​ជាង​១០០​នាក់​បាន​នាំ​គ្នា​មិន​ធ្វើការ ​ហើយ​​នាំ​គ្នា​លើក​បដា​ព្រោងព្រាត ដើម្បី​ទាមទារ​ប្រាក់ខែ​ចំនួន​៣​ខែ…

រាជធានី​ភ្នំពេញ ​៖ ​កម្មករ និង​ក្រុម​ជាង​សាងសង់​សំណង់​ផ្សារ​ទំនើប DNC MALL​ ប្រមាណ​៤០​នាក់ ក្នុង​ចំណោម​ប្រមាណ​ជាង​១០០​នាក់​បាន​នាំ​គ្នា​មិន​ធ្វើការ ​ហើយ​​នាំ​គ្នា​លើក​បដា​ព្រោងព្រាត ដើម្បី​ទាមទារ​ប្រាក់ខែ​ចំនួន​៣​ខែ ដែល​ក្រុមហ៊ុន​មិន​ទាន់​បើក​អោយ​កម្មករ ។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ មិថុនា ឆ្នាំ ២០២០ ដោយ​កម្មករ និង​ក្រុម​ជាងសំណង់ បាន​នាំ​គ្នា​ឈរ​ត្រៀបត្រា​លើក​បដា​នៅ​មុខ​ទីតាំង​ការ​​ដ្ឋា​នសំណង់​ផ្សារ​ទំនើប DNC MALL ​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​៣១៥ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

នៅ​ព្រឹក​នោះដែរ គេ​ឃើញ​កម្មករ​បាន​នាំ​គ្នា​លើក​បដា​ព្រោងព្រាត ដោយ​មាន​ខ្លឹមសារ ថា «​ក្រុមហ៊ុន មិន​បាន​បើក​លុយ​អោយ​ពួក​យើង​ចំនួន​៣​ខែ​ហើយ​», «​ក្រុមហ៊ុន DNC ត្រូវ​តែ​បើក​លុយ​អោយ​កម្មករ » ជាដើម ។

​តាម​ប្រភពពី​កម្មករ​បានអោយ​ដឹង​ថា រយៈ​ពេល​ប្រមាណ​៣​ខែ​មក​ហើយ ដែល​ក្រុមហ៊ុន​សាងសង់​ផ្សារ​ទំនើប DNC MALL មិន​បាន​បើក​ប្រាក់ខែ​អោយ​ពួក​គាត់ ​ដោយ​សន្យា​រហូត ទើប​ពួក​គាត់​នាំ​គ្នា​លើក​បដា ដើម្បី​ទាមទារ​ប្រាក់ខែ​។

តាម​​ប្រភពពី​ក្រុម​កម្មករ​បានអោយ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ដែល​ជា​ថ្ងៃ​ក្រុមហ៊ុន​សន្យា​ថា​បើក​ប្រាក់ខែ​អោយ​កម្មករ តែ​មិន​មាន​ប្រាក់​បើក​ឱ្យ​ ទើប​កម្មករក៏​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទផ្លូវ​ម្តង​មក​ហើយ​នៅ​វេលា​ល្ងាច ។ ​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ក៏បាន​នាំ​គ្នា​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​ការដ្ឋាន​តែម្តង​ ។

តាម​ប្រភពពី​​កម្មករ​បាន​អោយ​ដឹង​ទៀត​ថា មូលហេតុ​ដែល​មិន​មាន​ប្រាក់​អោយ​កម្មករ ដោយសារ​តែ​ម្ចាស់​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​អាគារ​អត់​ទំលាក់​ប្រាក់​អោយ​ក្រុមហ៊ុន ដែល​ជា​អ្នកម៉ៅការ​សាងសង់​ ហើយ​​ពួក​គាត់​មិនដឹង​ថា មក​មូលហេតុ​អ្វី​នោះ​ទេ ។ ​ប្រាក់​ខែ​របស់​កម្មករ​ក្នុង​១​ខែ ប្រមាណ​២០០​ដុល្លារ​ទៅ​៣០០​ដុល្លារ ។​ ចំណែក​ប្រាក់ខែ​ជាង​វិញ​ប្រមាណ​៤០០​ដុល្លារ ទៅ​៦០០​ដុល្លារ​ជាង ។

លោក​កែ ប៊ុ​ន ហួរ ជា​តំណាង​ក្រុមហ៊ុន​YUTI BUILDING DECORATION ENGINERRING (CAMBODIA) CO;LTD ដែល​ជា​ក្រុមហ៊ុន ម៉ៅ​ការ​សាងសង់ ទាំង​សម្ភា​រះ បានអោយ​ដឹង​ថា ដោយ​សារ​តែ​ក្រុមហ៊ុន​ម្ចាស់​អាគារ​មិន​បាន​ទំលាក់​ប្រាក់​តាម​កិច្ចសន្យា ទើប​ធ្វើ​អោយ​ក្រុមហ៊ុន​របស់​ខ្លួន​ដែល​ជា​អ្នកម៉ៅការ​ពុំ​មាន​ប្រាក់​បើក​​អោយ​ថ្លៃ​ពលកម្ម ។

តាមប្រភពពី​​តំណាង​រូប​នោះ​បានអោយ​ដឹង​ថា សំណង់​ផ្សារ​ទំនើ​ប​​នេះ តាម​គម្រោង​មាន​៣​ជាន់​កន្លះ សាងសង់​រយៈពេល​១​ឆ្នាំ ហើយ​រហូត​មក​ដល់​ថ្ងៃនេះ សង់​មាន​ប្រមាណ​៩០​ភាគរយ​ហើយ ។ មុន​ដំបូង ដំណើរការ​ល្អ ទើបតែ​៣​ខែ​មាន​បញ្ហា ក្រុមហ៊ុន​ម្ចាស់​សំណង់​មិន​បាន​ទំលាក់​ប្រាក់​តាម​កិច្ចសន្យា ទើប​កម្មករ​បាន​ផ្អាក​ការងារ​ប្រមាណ​១​ស​ប្តា​ហ៍​មក​ហើយ ។​ មុន​ការ​តវ៉ា ក្រុមហ៊ុន​ខ្លួន​ដែល​ជា​អ្នកម៉ៅការ​បាន​ស្នើ​សុំ​ប្រាក់​៥០​ម៉ឺន​ដុល្លារ​មិន​បាន ហើយ​បាន​ធ្វើការ​ច​រចា​​ប្រមាណ​៥​ទៅ​៦​ដង មិន​បាន​ ទើប​កម្មករ​នាំ​ផ្អាក​ការងារ​ និង​នាំ​គ្នា​តវ៉ា​ទាមទារ​ប្រាក់ខែ​តែ​ម្តង ។

ទោះបីជា​យ៉ាង​ណា កោះសន្តិភាព​ ពុំ​ទទួល​បាន​ការ​បំភ្លឺ​ណាមួយ​ពី​ក្រុមហ៊ុន​ផ្សារ​ទំនើប DNC MALL​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ