ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អេកូ​ទេសចរណ៍​លើ​ភ្នំ​ចង្ក្រាន​រយ ទេសភាព​ស្រស់​ស្អាត​មិន​អាច​បំភ្លេច​បាន

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្តសៀមរាប​បាន​ដឹកនាំ​ក្រុម​សហគ្រិន​វ័យក្មេង ទៅ​ពិនិត្យ​មើល​តំបន់​អេកូ​ទេសចរណ៍​លើ​ភ្នំ​ចង្ក្រាន​រយ ស្ថិត​ក្នុង​ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ថា តើ​យើង​ត្រូវ​រៀបចំ​អ្វី​បន្ថែម​ទៀត​នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២០ នោះ…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្តសៀមរាប​បាន​ដឹកនាំ​ក្រុម​សហគ្រិន​វ័យក្មេង ទៅ​ពិនិត្យ​មើល​តំបន់​អេកូ​ទេសចរណ៍​លើ​ភ្នំ​ចង្ក្រាន​រយ ស្ថិត​ក្នុង​ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ថា តើ​យើង​ត្រូវ​រៀបចំ​អ្វី​បន្ថែម​ទៀត​នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២០ នោះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ឲ្យ​មក​ទស្សនា​កាន់តែ​ច្រើន​ថែម​ទៀត ។

បើ​តាម​ប្រសាសន៍​របស់​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា សហគមន៍ ព្រៃឈើ​ចង្ក្រាន​រយ​នេះ មិន​ត្រឹមតែ​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​យុទ្ធ​សាស្ដ្រ មួយ​ជួយ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ ពីព្រោះ​ព្រៃ​សហគមន៍​នោះ មាន​ទាំង​ព្រៃ ស្រោង និង​ព្រៃរបោះ ដែល​គ្របដណ្ដប់​ដោយ​ព្រៃឈើ​ប្រមាណ​ជិត​១ ម៉ឺន​ហិ​កតា​ឯ​ណោះ​។ ម្យ៉ាងទៀត តំបន់​អេកូ​ទេសចរណ៍​ទាំងនេះ កំពុង​បង្ហាញខ្លួន ដើម្បី​រង់ចាំ​អ្នក​ទេសចរណ៍​មក​កំសាន្ដ ដោយ​មាន​ទាំង​តំបន់​ទេ​ចរណ៍​ធម្មជាតិ និង​ប្រវត្ដិសាស្ដ្រ​ផង​ដែរ ។

លោក​បាន​បន្ដ​ថា តំបន់​នេះ វា​មានការ​ទាក់ទាញ​អ្នក​ទេសចរណ៍ បែប​ពនេចរ ដើរ​ផ្សងព្រេង​គ្រប់​ជាតិ​សាសន៍​ជាដើម​។ ដោយឡែក​ចំពោះ​ព្រៃឈើ វា​ជួយ​កាត់​បន្ថយ​នូវ​ភាព​បន្សាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ នឹង​ចូលរួម​លើកកម្ពស់​ជីវភាព​ក្នុង​ការ​រស់នៅ​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​នេះ និង​ការ​អភិរក្ស​ប្រកបដោយ​និរន្ដរភាព​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​។

ចំណែក​លោក គឹ​ម លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត មាន​ប្រសាសន៍​ថា សក្តានុពល​នៃ​សហគមន៍​ចង្ក្រាន​រយ នេះ មាន​តំបន់​ទេសចរណ៍​អេកូ​ធម្មជាតិ​ប្រមាណ​ជាង​៤០​កន្លែង ដែល​នៅ​លើ​ខ្នងភ្នំ​ចង្ក្រាន​រយ ស្ថិត​ក្នុង​ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប មាន​ចំងាយ​ប្រហែល​៨០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​សៀមរាប​។ តំបន់​ទេសចរណ៍​ព្រៃឈើ​នេះ វា​បាន​គ្របដណ្តប់​ដោយ​ទេសភាព​ព្រៃឈើ​នៅ​លើ​ផ្ទៃដី​ចំនួន​ប្រមាណ​ជាង ៩.០០០ ហិ​កតា ដែល​ជា​ជម្រក​សត្វព្រៃ និង​ជីវចម្រុះ​គ្រប់​ប្រភេទ អាច​ជួយ​ដល់​ការ​រៀបចំ​អេកូ​ទេសចរណ៍​តាម​បែប​ធម្មជាតិ ។

អ្វី​ជា​ពិសេស​ជាង​នេះ​ទៀត​នោះ ចំពោះ​ភាព​ទាក់ទាញ​នៃ​តំបន់​នេះ ជា​រួម​មាន​ដូច​ជា កន្លែង​ទឹក​ជ្រោះ​នឹង​អាច​ហែល​ទឹក​លេង​នា​រដូវវស្សា ទស្សនា​សត្វព្រៃ និង​សត្វ​មេអំបៅ រួម​ជាមួយ​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​គយគន់​សមុទ្រ​ឈើ ល្អាង​ប្រជៀវ និង​ភ្នំ​ចាន់​ក្រហម ហើយ​ក៏​អាច​នាំ​គ្នា​ជិះ​គោ​យន្ដ ឬ​ជិះ​កង់​កំសាន្ត និង​ស្វែង​យល់​ពី​វប្បធម៌​ធម្មជាតិ ទស្សនា​ថ្ម នានា ដូច​ជា​រូប​ចង្ក្រាន រាប់រយ រាប់​ពាន់ នៅ​លើ​ភ្នំ​នោះ​ទៀត​ផង ហើយនឹង​រីករាយ​ជាមួយ​ការ​រស់នៅ​បែប​ជនបទ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​ទេសចរណ៍​ក៏​អាច​បោះ​ត់ង​ស្នាក់​នៅ​ដោយ​ភាព​សប្បាយ​រីករាយ​ផង​ដែរ

ជាមួយ​គ្នា​នោះ លោក គឹ​ម សួ ប្រធាន​សហគ្រិន​វ័យក្មេង​ខេត្តសៀមរាប បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមការងារ​របស់​យើង​មក​ធ្វើ​ទស្សនកិច្ច ក៏​ដូច​ជា​ការ​មក​ពិនិត្យ​ពី​សក្តានុពល​នៃ​សហគមន៍​ចង្ក្រាន​រយ ដែល​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់បំព្រង​មួយ​នេះ ដែល​ពី​មុន​មក​មាន​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ តែង​តេ​ចូល​មក​កំសាន្ត​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​ភាគច្រើន​សុទ្ធ​ជា​អ្នក​ទេសចរណ៍​បែប​លក្ខណ​ជា​ក្រុម​ៗ ។ អ​ញ្ចឹ​ង​ហើយ​ក្រុមការងារ​សហគ្រិន​វ័យក្មេង យើង​បាន​ចុះ​មក​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ថា យើង​ត្រូវធ្វើ​អ្វី និង​រៀបចំ​អ្វី​បន្ថែម​ទៀត​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូល​មក​ទស្សនា​ឲ្យ​បាន​ច្រើន​ជាង​មុន​នោះ ។

លោក​បាន​បន្ត​ថា ខាង​សហគ្រិន​របស់​លោក​គ្រោង​នឹង​បង្កើត​កន្លែង​មើល​សត្វ​គ្រប់​ប្រភេទ និង​កន្លែង​បោះ​តង់ ក្នុង​ការ​សាក​ល្បងមើល​ជា​ជំហាន​ទី​១ ថា តើ​នៅ​តំបន់​នោះ​មាន​សុវត្ថិភាព​ចំពោះ​ភ្ញៀវ​ឬ​ក៏​អត់? ហើយ​ក៏​កន្លែង​ទាំងនោះ​មាន​អ្វី​ប្លែក​ៗ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ចាប់អារម្មណ៍​ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ