ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្នប្រជាកសិករបាននាំគ្នាដាំដំណាំគ្រប់ប្រភេទ មិនថាស្រុកណា ជាស្រុកណានោះទេ ដោយផ្លាស់ប្ដូរទម្លាប់ក្នុងការដាំដុះពីការរែកទឹកស្រោច មកចាប់យកបច្ចេកទេសដាំដោយប្រើដំណក់ទឹក (អ្នកភូមិយកទុយោទឹកបង្កប់ក្នុងដី និងបើកឱ្យទឹកស្រក់តក់ៗតាមគល់ដំណាំ)ជំនួសវិញ មិនថានៅទីជនបទ រហូតចុងកាត់មាត់ញក ក៏ធ្វើការដាំដុះដំណាំដោយប្រើពីធីដំណក់ទឹកនេះដែរ ព្រោះវិធីនេះងាយស្រួល ចំណេញ ទាំងកម្លាំងពលកម្ម និងវេលា ហើយធ្វើឱ្យដំណាំលូតលាស់បានល្អទៀត ។
លោក សុខ ប៉ូ ជាកសិកររស់នៅភូមិខ្វិត ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ដែលជាភូមិមួយនៅដាច់ស្រយាល ក៏បានប្រើពិធីដាំត្រសក់ដោយការដំណក់ទឹកនេះដែរ ។ លោកបានបញ្ជាក់ថា វិធីដាំដំណាំដោយប្រើដំណក់ទឹកនេះមានសារៈប្រយោជន៍ខ្លាំងណាស់ ចំណេញទាំងកម្លាំងពលកម្ម មិនពិបាកធ្វើស្មៅ ព្រោះយើងបានគ្របដោយថង់ប្លាស្ទិកនៅតាមរងរបស់វា ហើយម្យ៉ាងវិញទៀតយើងក៏អាចប្រើជីកំប៉ុស្ត ឬជីធម្មជាតិលាយជាមួយទឹកបញ្ចូលបាញ់តាមដំណក់ទឹកបានដែរ ។
កសិករខាងលើបានបន្តថា ការចេះប្រើវិធីដាំដោយប្រើដំណក់ទឹកនេះ គឺចេះតៗគ្នា តែប៉ុណ្ណោះ មិនបានទៅរៀនពីសាលាណាទេ។ បច្ចុប្បន្នដំណាំរបស់គាត់ច្រើនប្រភេទគឺបានដាំដុះដោយការប្រើដំណក់ទឹកនេះទាំងអស់ ។ ដោយឡែកដំណាំត្រសក់របស់គាត់ក៏ទទួលបានផលល្អប្រសើរ ណាស់ ក្នុង១ឆ្នាំគាត់អាចដាំលើផ្ទៃដី ដដែលនេះចំនួន៣ដង ។ ព្រោះត្រសក់គាត់ដាំតែរយៈពេលខ្លីគឺទទួលបានផលហើយ ដោយចាប់ផ្ដើមពីការដាំរហូតដល់ ៣០ថ្ងៃគឺអាចរះជើងក្រោម (បេះផ្លែផ្នែកខាងក្រោម) បានជាបណ្តើរៗហើយ តែមិនច្រើនទេ។
កសិករខាងលើបានបន្តថា បើចាប់ពី៣៥ថ្ងៃឡើងរហូតដល់៥០ថ្ងៃ គឺក្នុងរយៈពេល១៥ថ្ងៃ ត្រសក់ពេញហុចផល ដែលក្នុង១ថ្ងៃចំការគាត់អាចបេះបានជាង១តោន ។ ចំពោះការលក់ទៅឱ្យម៉ូយវិញ ក្នុង១គីឡូក្រាមថ្លៃ១៥០០រៀល ។ បច្ចុប្បន្ន ទោះបីផ្ទៃដីដាំត្រសក់គាត់តូចក៏ពិតមែន ប៉ុន្តែគាត់បានប្រើកម្មករចំនួន៤នាក់ ក្នុងម្នាក់ទទួលបានកម្រៃ២ម៉ឺនរៀលក្នុង១ថ្ងៃ ។ កម្មករទាំងនេះ ធ្វើចាប់ពីការដាំ ការចងខ្យែជាទ្រើង, ការចងដៃត្រសក់ រហូតដល់ពេលបេះផ្លែទើបអស់ការងារធ្វើ ។
កសិកររួបនោះបានបញ្ជាក់ថា ចាប់តាំងពីចេះដាំដំណាំដោយប្រើដំណក់ទឹកនេះមក ធ្វើឱ្យគ្រួសារគាត់មានជីវភាពសមរម្យមួយកំរិតដែរ ។
សូមបញ្ជាក់ដែរថា ភូមិខ្វិត គឺជាភូមិមួយនៅតំបន់ដាច់ស្រយ៉ាល ប្រជាពលរដ្ឋរស់អាស្រ័យផលដោយធ្វើស្រែ ចំការ និងកាប់ឬស្សីលក់ ។ បើចង់ឡើងទៅផ្សារ ឬទៅទីប្រជុំជន គឺអ្នកភូមិនេះត្រូវទៅផ្សារស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឬឡើងទៅផ្សារឧត្តង្គ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយឆ្ងាយដូចគ្នា ៕
ចែករំលែកព័តមាននេះ