រាជធានីភ្នំពេញ ៖ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ បានទៅត្រួតពិនិត្យគម្រោងអភិរក្សនិងអភិវឌ្ឍន៍នានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ។ ការត្រួតពិនិត្យនោះ កាលពីពេល ថ្មីៗកន្លងមក ។
លោកគង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន រួមទាំងមន្ត្រីក្រោមឱវាទជាច្រើនរូបបានទៅពិនិត្យគម្រោងចងក្រងឯកសារ និងអភិរក្សប្រាសាទប្រាង្គ គម្រោងជួសជុលជណ្តើរឈើឡើងប្រាសាទប្រាង្គ គម្រោងពង្រឹងរចនាសម្ព័ន្ធទល់ទ្រប្រាសាទ បន្ទាយពីរជាន់ ទំនប់ស្ទាក់ទឹករហាល និងគម្រោងវង់ទស្សនា។
លើសពីនេះបានពិភាក្សាលើការងារមួយចំនួនទៀតដើម្បីលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរឲ្យកាន់តែមានសក្តានុពល សម្រាប់វិស័យទេសចរណ៍នាពេលខាងមុខ ។ នេះបើតាមការផ្សាយពីផេកហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
នាពេលនោះលោកអគ្គនាយកបានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមមន្ត្រី កម្មករជំនាញ និងកម្មករដែលបាន និងកំពុងអនុវត្តគម្រោង ឱ្យបន្តអនុវត្តការងារដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ៕
ចែករំលែកព័តមាននេះ