ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនដឹង​ទេ? ម្ហូប​ដ៏​ពេញ​និយម​ប្រចាំ​ខេត្ត​ស្វាយ​រៀង​មានអ្វីខ្លះ​​?

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ សូម​ស្គាល់​មុខម្ហូប​ដែល​អ្នក​ខេត្តស្វាយរៀង ​តែងតែ​ធ្វើ​ម្ហូប​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ និង​នៅ​ពេល​មាន​ពិធី​តូច-ធំ ។ ​មានមុខ​ម្ហូប​ជា​ច្រើន ដែល​អ្នក​ស្វាយ​រៀង​ចូល​ចិត្ត​ធ្វើ​បរិភោគ ​ឬ​ទទួលភ្ញៀវ​ហើយ​​មហាជនដែល​មក​ពី​ខេត្ត​ផ្សេង​ៗ មក​លេង​សាច់ញាតិ​ត្រូវ​ដឹង​អំពី​មុខម្ហូប​ទាំង​អស់នេះ​មិន​ថា នៅ​ជន​បទ…

ខេត្តស្វាយរៀង៖ សូម​ស្គាល់​មុខម្ហូប​ដែល​អ្នក​ខេត្តស្វាយរៀង ​តែងតែ​ធ្វើ​ម្ហូប​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ និង​នៅ​ពេល​មាន​ពិធី​តូច-ធំ ។ ​មានមុខ​ម្ហូប​ជា​ច្រើន ដែល​អ្នក​ស្វាយ​រៀង​ចូល​ចិត្ត​ធ្វើ​បរិភោគ ​ឬ​ទទួលភ្ញៀវ​ហើយ​​មហាជនដែល​មក​ពី​ខេត្ត​ផ្សេង​ៗ មក​លេង​សាច់ញាតិ​ត្រូវ​ដឹង​អំពី​មុខម្ហូប​ទាំង​អស់នេះ​មិន​ថា នៅ​ជន​បទ ឬ​បណ្តា​ស្រុក ក្រុង​នានា​ ដែល​កំពុង​ក្លាយជា​ម្ហូប​ប្រចាំ​ត្រកូល​ក្នុង​ខេត្តស្វាយរៀង ។ សូម​មក​ស្គាល់​មុខ​ម្ហូប​ចំនួន​៥​មុខ ដែល​បងប្អូន​អ្នក​នៅ​ខេត្តស្វាយរៀង តែងតែ​ធ្វើ​ជា​ប្រចាំ​សម្រាប់​បរិភោគ និង​ទទួលភ្ញៀវ​ក្នុង​ពិធី​ផ្សេង​ៗ​។ យើងខ្ញុំ​សូម​បង្ហាញ​ជួន​ដូច​ខាងក្រោម​៖

ទី​១-​សម្លរ​កកូរ​កណ្តៀង ជាទី​ពេញ​និយម​សម្រាប់​មន្ត្រីរាជការ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្តស្វាយរៀង ហើយ​តាម​រយ​:​មុខម្ហូប​មួយ​នេះ គេ​នឹង​អាច​សម្គាល់​ដឹង​បាន​ថា​ជា​ម្ហូប​អ្នក​ខេត្ត​ស្វាយ​រៀង និង​មាន​លក់​នៅ​តាម​ហាង ឬ​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ត ព្រមទាំង​ពេញ​និយម​ផង​ដែរ ក្នុង​ការ​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ​និង​ពេល​មាន​ពិធី​ផ្សេង​ៗ ។ សម្លរ​កកូរ​កណ្តៀង គេ​ជ្រើ​រើស ត្រី​រ៉ស់ ឬ​ត្រី​អណ្តែង​ធំ​ៗ កាត់​ជា​កង់​ហើយ​អ្នកខ្លះ​ចិញ្ច្រាំ ឬ​ហាន់សាច់​ជ្រូក​បី​ជាន់​លាយ ។ អ្នកខ្លះ​គេ​ប្រើ សាច់​មាន់ អ្នកខ្លះ​ទៀត​ចូល​ចិត្ត​ស្លរ​ជាមួយ​កូន​ត្រី​ជញ្ជាត់ ។

ទី​២-​ផ្អកត្រីប្រៃ ឬ​ផ្អក​ត្រី​ក្រឹម ដោយ​ប្រើ​ខ្ញី​ហាន់​មួយ​ៗ អ្នកខ្លះ​ប្រើ​ម្ទេស​អាចម៍សត្វ​និង​មាន​អន្លក់​បន្លែ​ព​ពាយ ត្រប់ស្រួយ ត្រសក់ ។ ផ្អកត្រីប្រៃ​ឬ​ផ្អក​ត្រី​ក្រឹម នេះ​គេ​មាន​អាំងត្រី​រ៉ស់​ត្រី​អណ្តែងទន់​ផ្ទាប់​ជាមួយ​ផង​ដែរ ។ ចំពោះ​ផ្អកត្រីប្រៃ ឬ​ផ្អក​ត្រី​ក្រឹម ក៏​ជា​ម្ហូប​ប្រចាំ​សម្រាប់​ខេត្តស្វាយរៀង គឺ​សម្បូរ​នៅ​រដូវវស្សា​និង​ក្រោយ​រដូវវស្សា​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​មាន​គេ​ទុក​រហូត​ដល់​ខួប​វិញ​ក៏​មាន​ដែរ ។

ទី​៣-​ជ្រក់ត្រាវ ចំពោះ​ជ្រក់ត្រាវ​នេះ​ក៏​គេ​មិន​ចោល​ផង​ដែរ​ព្រោះ​ជ្រក់ត្រាវ​គេ​តែងតែ​យក​ផ្ទាប់​ជាមួយ​ត្រីអាំង​គ្រប់​ប្រភេទ​ដែល​បង្ហាញ​ឱ្យ​ដឹង​ថា មុខម្ហូប​អ្នក​ខេត្តស្វាយរៀង ។

ទី​៤-​សាច់​ជ្រូក​លីង​ជាមួយ​ជ្រក់​សណ្តែក គឺ​និយម​មែនទែន សាច់​ជ្រូក​លីង​ជាមួយ​ជ្រក់​សណ្តែក​នេះ​ដែរ អ្នក​ខេត្តស្វាយរៀង​គេ​មិន​ដែល​ចោល​នោះ​ទេ គេ​តែងតែ​យក​មក​ធ្វើ​ម្ហូប​នៅ​ក្នុង​កម្មវិធី​មង្គលការ​និង​បុណ្យ​ទាន​ផ្សេង​ៗ​ហើយ​សាច់​ជ្រូក​លីង​ជ្រក់​សណ្តែក​នេះ​ក៏​គេ​អាច​សម្គាល់ថា​ជា​អ្នក​ខេត្តស្វាយរៀង​ផង​ដែរ ។

ទី​៥-​ខ​ខ្នុរ​ជើង​ជ្រូក គេ​ជ្រើសរើស​ផ្លែ​ខ្នុរ ចាស់ ឬ​ស្រគាល គេ​ចិត​សម្បក​បន្លា​ចេញ ហើយ​កាប់​ដុំ​ៗ​ប៉ុនកដៃ ជើង​ជ្រូក​និង​សាច់​ជ្រូក គេ​កាប់​ប៉ុន​ៗ​កំភួនដៃ ខ ពិតជា​ឆ្ងាញ់​មែន ។

ចំណែក​អាហារ​ពេល​ព្រឹក​ពេញ​និយម​នោះ​គឺ នំ​បញ្ចុក​សម្លរ​ខ្មែរ ពេល​មាន​ពិធីបុណ្យ​ទាន​គេ​មិន​ចោល​នំ​បញ្ចុក​ទេ ។ ចំពោះ​បបរ​បាញ់​កាញ់ បបរ​បាញ់​កាញ់​ជា​អាហារ​មួយ​ផង​ដែរ សម្រាប់​អ្នក​ខេត្តស្វាយរៀង​គេ​តែងតែ​ឃើញ​យក​បបរ​បាញ់​កាញ់ មក​ធ្វើ​នៅ​ក្នុង​កម្មវិធី​បុណ្យ​គ្រប់​ប្រភេទ​និង​ទទួលភ្ញៀវ​ក្នុង​ពិធីហែជំនូន​និង​ពិធី​ឡើងផ្ទះ​ជាដើម​មិន​ប្រើ​បបរស​ទេ ។

នៅ​មានមុខ​ម្ហូប​ជា​ច្រើន​ទៀត​គួរតែ​ដឹង ដោយ​អ្នក​ស្វាយ​រៀង​មានមុខ​ម្ហូប​ជា​ច្រើន ដែល​ខេត្ត​នានា​មិន​មាន​មុខ​ម្ហូប​ប្រចាំ​ត្រកូល​ដូច ។ យើងខ្ញុំ និង​លើកយក​មក​បង្ហាញ​នៅ​ពេល​ក្រោយ​ទៀត ៕ ​

អត្ថបទសរសេរ ដោយ