មហាសេដ្ឋី​ផ្តល់​ដំបូន្មាន​ដល់​អ្នកមាន​ដែល​ឈ្លោះ​គ្នា​ដណ្តើម​ទ្រព្យ


លោក​ខេ​វី​ន អូ​លា​រី (Kevin O’Leary) ដែល​ជា​មហាសេដ្ឋី និង​វិនិយោគិន​ប្រចាំ​កម្មវិធី Shark Tank នៅ​សហរដ្ឋអាមេរិក​មិន​ដែល​អៀនខ្មាស​ក្នុង​ការ​ផ្តល់​ដំបូន្មាន​ផ្នែក​អាជីវកម្ម​ដល់​អ្នក​ដទៃ​ទេ​។ ក្នុង​ពេល​ថ្មី​ៗ​នេះ លោក​បាន​ចាប់ផ្តើម​កម្មវិធី​អន​ឡាញ​មួយ​ដែល​មានឈ្មោះ​ថា Got a Money Dispute​? Ask Kevin និង​បាន​ជួយ​ស្ត្រី​ម្នាក់​ដែល​ឈ្មោះ​ថា​ដេ​នី​ស (Denise) ដែល​កំពុង​ឈ្លោះ​ជាមួយ​ក្រុម​គ្រួសារ​រឿង​មរតក​។

ដេ​នី​ស​កំពុង​តែ​ឈ្លោះ​ជាមួយនឹង​បងប្រុស​ថ្លៃ​របស់​ខ្លួន​ដណ្តើម​រថយន្ត​សម្រាប់​វាយ​កូន​ហ្គូ​ល​មួយ​របស់​ម្តាយក្មេក​។ ដេ​នី​ស​ក៏​ចង់​ឲ្យ​ទៅ​បងប្រុស​ថ្លៃ​ដែរ តែ​ដោយសារ​តែ​បងប្រុស​ថ្លៃ​របស់​ខ្លួន​តែងតែ​ស្អប់ និង​ចូល​ចិត្ត​និយាយ​អាក្រក់​ពី​ក្រៅ​ខ្នង​ខ្លួន ដេ​នី​ស​ក៏​មិន​លែងដៃ​ទៅ​។

បងប្រុស​ថ្លៃ​របស់​ដេ​នី​ស​ចង់បាន​រថយន្ត​នោះ​ព្រោះ​បាន​និយាយ​ថា​លោក​បាន​ប្តូរ​ថ្ម​សម្រាប់​រថយន្ត​នោះ ទោះជា​ក្រុម​គ្រួសារ​បងប្រុស​ថ្លៃ​ម្នាក់​នេះ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​រហូត​អាច​ទិញ​រថយន្ត​ទាំងនោះ​រាប់​គ្រឿង​ពិតមែន​ក្តី​។

លោក​បាន​និយាយ​ថា «​មិន​មាន​អ្វី​ដែល​ស្ត្រេ​ស​ជាង​រឿង​ជម្លោះ​លុយ​ទេ មិន​ថា​ឈ្លោះ​ជាមួយ​ដៃគូ​អាជីវកម្ម ឬ​សមាជិក​ក្នុង​គ្រួសារ​ឡើយ ហើយ​ក្នុង​ពេល​ដ៏​គួរ​ឲ្យ​សោកស្តាយ​នេះ ស្ថាន​ការ​គឺ​កាន់តែ​តានតឹង​ថែម​ទៀត​។​» លោក​បាន​បន្ត​ថា «អ្នក​មិន​ចាំបាច់​ស្ត្រេ​ស​ទេ​។ អ្នក​ត្រូវការ​ដំណោះស្រាយ​។​»

លោក​អូ​លា​រី​បាន​វែកញែក​ថា «​វា​ជា​រថយន្ត​សម្រាប់​វាយ​កូន​ហ្គូ​ល​ដែល​ត្រូវ​បាន​ប្រើ​រួច​មួយ​គ្រឿង​ដែល​មាន​ថ្ម​ថ្មី​។ តើ​វា​មាន​តម្លៃ​ប៉ុន្មាន​ទៅ?ប្រសិនបើ​វា​ជា​រថយន្ត​វាយ​កូន​ហ្គូ​ល​យីហោ Rolls Royce នោះ វា​ប្រហែលជា​ថ្លៃ​ប្រមាណ​តែ ២,៥០០​ដុល្លារ​ទេ​។ ជាក់ស្តែង​សម្រាប់​រថយន្ត​មួយ​នេះ​ថ្លៃ​តែ ៥០០​ដុល្លារ​ប៉ុណ្ណោះ​។​”

យោង​តាម​ការ​វែកញែក​នេះ លោក​អូ​លា​រី​សួរ​សំណួរ​សំខាន់​មួយ​ថា «​តើ​វា​ពិតជា​មាន​តម្លៃ​ដល់​ថ្នាក់​ឈ្លោះ​ដណ្តើម​គ្នា​ទេ? ខ្ញុំ​មិន​គិត​ថា​វា​មាន​តម្លៃ​ទេ​។ វា​មិនមែន​ជា​កូន​ក្មេង​ម្នាក់​ឡើយ​។ វា​ជា​រថយន្ត​សម្រាប់​វាយ​កូន​ហ្គូ​ល​ប៉ុណ្ណោះ​!»

លោក​អូ​លា​រី​បាន​លើក​ឡើង​នូវ​រូបភាព​ជា​ការ​ដាស់តឿន​ដល់​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ចំណាយធនធាន និង​កម្លាំង​លើ​ការ​ឈ្លោះ​ដណ្តើម​របស់​ដែល​គ្មាន​តម្លៃ​ទាល់តែ​សោះ​ព្រោះតែ​ចង់​ឈ្នះ​ភាគី​ម្ខាង​ទៀត​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ