ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី​បានជា​អ្នកស្រី​ខៃ​លី​កុហក​ថា​ខ្លួន​ជា​មហាសេដ្ឋី?

3 ឆ្នាំ មុន

អ្នកស្រី​ខៃ​លី ជេន​នើ (Kylie Jenner) ដែល​មាន​អាយុ ២២​ឆ្នាំ មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ដល់​ប្រហែលជា​មិន​អាច​ចាយ​អស់​ក្នុង​មួយ​ជីវិត​នេះ​ផង​។ ក្រុមហ៊ុន Kylie Cosmetics…

អ្នកស្រី​ខៃ​លី ជេន​នើ (Kylie Jenner) ដែល​មាន​អាយុ ២២​ឆ្នាំ មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ដល់​ប្រហែលជា​មិន​អាច​ចាយ​អស់​ក្នុង​មួយ​ជីវិត​នេះ​ផង​។ ក្រុមហ៊ុន Kylie Cosmetics ប្រៀប​បានជា​និមិត្ត​រូ​បង្ហាញ​ពី​ទ្រព្យ​ដ៏​ស្តុកស្តម្ភ​របស់​អ្នកស្រី​ដែរ ខណៈ​ដែល​អ្នកស្រី​បន្ត​បង្ហាញ​សាធារណៈជន​ពី​ជីវិត​ដ៏​ឡូយឆាយ​របស់​ខ្លួន​តាម​រយៈ​ប្រព័ន្ធ​សង្គម​។

កាលពី​ឆ្នាំ​មុន​មាន​សេចក្តីរាយការណ៍​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា​អ្នកស្រី​បាន​ចាយវាយ​ប្រមាណ ១៣០​លាន​ដុល្លារ​ឯណោះ​។ ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​មានការ​លេច​ធ្លាយ​ថា ទ្រព្យសម្បត្តិ​សរុប​របស់​អ្នកស្រី​គឺ​មិន​មាន​ច្រើន​ដូច​ការ​អះអាង​ទេ​។

ទស្សនាវដ្តី Forbes ធ្លាប់​ផ្តល់​តំណែង​ជា​មហាសេដ្ឋី​ដែល​មាន​វ័យក្មេង​ជាងគេ​លើ​លោក​ឲ្យ​ទៅ​អ្នកស្រី​ខៃ​លី ប៉ុន្តែ​បាន​ដក​អ្នកស្រី​ចេញពី​បញ្ជី​ឈ្មោះ​សេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​លើស​១​ប៊ី​លាន​ដុល្លារ​វិញ​បន្ទាប់​ពី​មានការ​ស៊ើបអង្កេត​ដែល​បង្ហាញ​ថា អ្នកស្រី និង​ម្តាយ​របស់​ខ្លួន​បាន​ក្លែងបន្លំ​ឯកសារ​ពន្ធ​។

Forbes បាន​ប្រទះ​ឃើញ​ថា Kylie Cosmetics រក​ចំណូល​បាន​តែ ១២៥​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៨ ខណៈ​ដែល​រកបាន ៣០៧​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦ និង ៣៣០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧ ដែល​បាន​បង្ក​ឲ្យ​មានការ​ងើយ​ឆ្ងល់ ហើយ Forbes ក៏​បាន​សម្រេច​ផ្លាស់​ប្តូរ​ការ​ព្យាករណ៍​ពី​ទ្រព្យសម្បត្តិ​រួម​របស់​អ្នកស្រី​មក​ស្មើ ៩០០​លាន​ដុល្លារ​វិញ​។

យោង​ទៅ​តាម​អ្នកស្រី ម៉​ល​លី បូ​មេន ហេ​យ​ម៉ុ​ន (Molly Borman Heymont) ដែល​ជា​អ្នកជំនាញ​ផ្នែក​ម៉ាឃីតធីង​បាន​ឲ្យ​ដឹង​ថា កត្តា​ដែល​ជំរុញ​ឲ្យ​អ្នកស្រី​ខៃ​លី​កុហក​ប្រហែល​មក​ពី​សម្ពាធ​ដែល​ទទួល​បាន​ពី​ប្រព័ន្ធ​សង្គម និង​មនុស្ស​ជុំវិញ​ខ្លួន ដែល​ធ្វើ​ឲ្យ​រូបភាព​នៃ​ការ​ជោគជ័យ​មាន​សារៈសំខាន់​ជាង​ការ​ជោគជ័យ​ពិតប្រាកដ​។

ជាក់ស្តែង អ្នកស្រី​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ហើយ និង​ជា​ស្ត្រី​ដែល​ល្បីឈ្មោះ​ទូ​ទាំង​ពិភពលោក​ថែម​ទៀត​។ ប៉ុន្តែ​ចំនួន​អ្នកគាំទ្រ​មិន​ប្រាកដ​ថា​ស្មើនឹង​ភាព​ជោគជ័យ​របស់​មនុស្ស​ម្នាក់​បាន​ទេ​ជា​ពិសេស​សម្រាប់​រឿង​លុយ ព្រោះ​មិនមែន​អ្នកគាំទ្រ​ទាំង ១៧៩​លាន​នាក់​របស់​អ្នកស្រី​នឹង​ទិញ​ផលិតផល​របស់​អ្នកស្រី​គ្រប់​រូប​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ