ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត​កាំភ្លើង និង​កាំភ្លើង​កែ​ច្នៃ​ជា​ច្រើន​ក្នុង​ដែន​ឧ​ទ្យា​នុ​រក្ស

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មន្ទីរ​បរិស្ថាន​ខេត្ត នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រុម​ទី​២ បាន​សហការ​ជាមួយ​អង្គការ​MJP ចុះ​ល្បាត​នៅ​ចំណុច​ភ្នំ​ខៀវ ដកហូត​បាន​កាំភ្លើង…

ខេត្ត​ប៉ៃលិន ៖ មន្ទីរ​បរិស្ថាន​ខេត្ត នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រុម​ទី​២ បាន​សហការ​ជាមួយ​អង្គការ​MJP ចុះ​ល្បាត​នៅ​ចំណុច​ភ្នំ​ខៀវ ដកហូត​បាន​កាំភ្លើង CKC ​កាត់​ស្វាយ​កាត់​កាណុង ១​ដើម កាំភ្លើង​ស្នប់១​ដើម និង​កាំភ្លើង​កែ​ច្នៃ​ឆ្នុក​ដូង​២​ដើម មក​រក្សា​ទុក ខណៈ​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រុម​ទី​១ ប្រចាំ​ស្នាក់​ការ​ភ្នំ​ដំបង ចុះ​ល្បាត​នៅ​ចំណុច​គគី​ប្រហោង ជួប​រោង​តង់​កៅស៊ូ ១​កន្លែង ដោយពេល​នោះ ក្រុមការងារ បាន​រុះរើ​ដុត​កម្ទេច​ចោល​រោង​នេះ​នៅ​ហ្នឹង​កន្លែង​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់​កោះ សន្តិភាព​ថ្ងៃ​ទី ១៥ ខែមិថុនា​នេះ​ថា «​យើង​ធ្វើ​ការងារ​នេះ គ្រប់​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស ជា​ពិសេស​កន្លែង​ក្នុង​ដែនដី​អភិរក្ស សត្វព្រៃ​ឬ​សត្វ​កម្រ​ជាដើម ដោយ​យើង​ធ្វើការ​ចុះ​ល្បាត​ជា​ប្រចាំ (​រាល់​ម៉ោង​និង​រាល់ថ្ងៃ​) ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ រួម​ទាំង​ការ​កាប់ បំផ្លាញ​ព្រៃឈើ ការ​ទន្ទ្រាន​កាន់កាប់​ដី និង​ការ​បរបាញ់​សត្វ​ខុសច្បាប់​ទាំងនោះ​»​។

មិន​ត្រឹមតែ​ចុះ​ល្បាត​រាល់​ម៉ោង និង​ថ្ងៃ​ទេ ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ក៏​បាន​សហការ ចុះ​អប់រំ​ផ្សព្វផ្សាយ​ស្តី​ពី​អត្ថប្រយោជន៍​នៃ​ព្រៃឈើ និង​ផល​ប៉ះពាល់​នៃ​ការ​បាត់បង់​ព្រៃឈើ ព្រមទាំង​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន នៅ​ក្នុងភូមិ​កន្ទួត ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ផង​ដែរ​។

លោក នេត្រ ភក្ត្រា បាន​បន្ត​ថា រយៈពេល ៤ ខែ​ដើមឆ្នាំ ២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បាន​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​បាន​ចំនួន​២​៣៣៣​ករណី​ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់ បទល្មើស​លួច​កាប់​ឈើ និង​បទល្មើស​ធនធានធម្មជាតិ​ផ្សេង​ទៀត​។

លោក​បន្ត​ដូចនេះ​ថា ក្នុង​ចំណោម​បទល្មើស​ធនធានធម្មជាតិ​ទាំងនេះ មាន​១៧៩​ករណី​មាន​ការ​ពាក់ព័ន្ធ នឹង​មនុស្ស​ជិត ២០០​នាក់​ត្រូវ​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ជំនុំ​ជម្រះក្តី​តាម​នីតិវិធី និង​បាន ធ្វើការ​ផាកពិន័យ​អន្តរកាល​បាន​ចំនួន​៤០៣ករណី និង​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​បាន​ចំនួន​៦១៣​ករណី​ពាក់ព័ន្ធ​នឹង​មនុស្ស​ចំនួន​៦២៤​នាក់​ អនុលោម​តាម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ