ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បរិភោគ​សាច់សត្វ​ឆ្កែ និង​ឆ្មា អាច​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​រៀបចំ​ថ្លឹង​សាច់​ពិសេស (​សាច់​ឆ្កែ​) យ៉ាង​ញាប់ដៃ​ញាប់​ជើង ដើម្បី​លក់​ឲ្យ​ភ្ញៀវ​នៅ​ទីតាំង​មួយ​កន្លែង​ក្នុង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ការ​ហូប​សាច់​ពិសេស (​សាច់​ឆ្កែ​) មិនមែន​ជា​ទម្លាប់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​រៀបចំ​ថ្លឹង​សាច់​ពិសេស (​សាច់​ឆ្កែ​) យ៉ាង​ញាប់ដៃ​ញាប់​ជើង ដើម្បី​លក់​ឲ្យ​ភ្ញៀវ​នៅ​ទីតាំង​មួយ​កន្លែង​ក្នុង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ការ​ហូប​សាច់​ពិសេស (​សាច់​ឆ្កែ​) មិនមែន​ជា​ទម្លាប់ ឬ​ការ​ចូល​ចិត្ត​របស់​ប្រជាជន​ខ្មែរ​ទេ គឺ​មាន​ភាគតិច​ប៉ុណ្ណោះ។

ជាក់ស្តែង​ជា​រៀង​រាល់​ព្រឹក គេ​សង្កេត​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ផ្ទុក​ដោយ​សាច់​ពិសេស​ស្រស់​ៗ​រាប់រយ​គីឡូ​យក​មក​ទម្លាក់​ឲ្យ​ដេប៉ូ​ជាវដុំ​ដែល​មាន​ទីតាំង​កែង​ផ្លូវ​លេខ​២០៥ និង​៣៧៤ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង ។

លោក យឹ​ម សា​ម៉​ន អ្នកលក់​សាច់​ពិសេស (​សាច់​ឆ្កែ​) នៅ​ម្តុំ​ក្រោយ​ផ្សារ​ជម្ពូ​វ័​ន្ត ដែល​រៀបចំ​ដឹក​សាច់​ឆ្កែ ទើប​ហ្នឹង​ទិញ​បាន​និយាយ​ឲ្យ​ដឹង​ថា ៖ គាត់​ចាប់​យកមុខ​របរ​លក់​សាច់​ពិសេស​(​សាច់​ឆ្កែ​) នេះ រយៈពេល​ប្រហែលជា​៣​ឆ្នាំ​មក​ហើយ ជា​រៀង​រាល់​ព្រឹក​គាត់​ជិះ​ម៉ូតូ​មក​ទិញ​នៅ​ដេប៉ូ​ដែល​មាន​ទីតាំង​ខាងលើ ។

គាត់​មិនដឹង​ថា សាច់​ពិសេស​ទាំងនេះ គេ​ដឹក​មក​ពី​ខេត្ត​ណា​នោះ​ទេ ហើយ​សាច់​នៅ​ស្រស់​ៗ ប្រហែលជា​មានច្បាប់​អនុញ្ញាត​ហើយ​បានជា​ដេប៉ូ​លក់​សាច់​ពិសេស​លក់​ចំហរ​បែប​នេះ ។ ហើយ​គាត់​លក់​សាច់​ពិសេស នៅ​ពេល​ល្ងាច គឺ​លក់ដាច់​ណាស់ បើ​ទោះ​បច្ចុប្បន្ន​មាន​កើត​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ ក្នុង​មួយ​ថ្ងៃ​គាត់​លក់​អស់​៤០​គីឡូក្រាម ដោយ​ក្នុង​មួយ​គីឡូ​គាត់​ទិញ​ចូល​តម្លៃ​១៥០០០​រៀល ។ ចំ​ណែ​គ​សាច់​ពិសេស​នេះ​ដែរ គាត់​យក​មក​ប្រឡាក់​គ្រឿង​អាំង និង​ឆា​ក្តៅ រីឯ​ម៉ូយ​របស់​គាត់​មក​ទិញ​សាច់​ពិសេស ចាប់ពី​ម៉ោង​៤​ល្ងាច​ឡើង​ទៅ ភាគច្រើន​ពួក​គេ​ទិញ​យក​ទៅ​ផ្ទះ ព្រោះ​អ្នកខ្លាច​ឆ្លង​ជំងឺ​កូ​វី​១៩ ។

លោក សា​ម៉​ន បាន​បញ្ជាក់​ថា លោក​ក៏​ជា​មនុស្ស​ចេះ​ដឹង​ផ្នែក​វេជ្ជ​សា​សាស្ត្រ​ខ្លះ​ដែរ គឺ​អ្នក​ដែល​ទទួលទាន​សាច់​ឆ្កែ​ក៏​អាច​ទទួល​រង​នូវ​ផល​ប៉ះពាល់ ដោយ​សារធាតុពុល​ដូច​ជា ប៉ូ​សារធាតុ​ប៉ូ​តា​ស្យូ​ម​ស៊ី​យា​នី​ត ស្ទ្រិ​ច​នី​ន និង​ថ្នាំ​បន្ទន់​សាច់ដុំ​ស៊ូ​ហ្សេ​មេ​ថូ​នៀម ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បំពុល និង​ចាប់​សត្វ​ឆ្កែ​។ ក៏​ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្វះខាត​គ្មាន​ដើមទុន​ច្រើន ទើប​លោក​សម្រេចចិត្ត​ចាប់​យកមុខ​របរ​លក់​សាច់​ឆ្កែ​ដ៏​គ្រោះថ្នាក់ ដើម្បី​ចិញ្ចឹមជីវិត ។

ប្រជាពលរដ្ឋ​មួយ​រូប ដែល​មាន​ទីលំនៅ​ក្បែរ​ដេប៉ូ​បោះ​ដុំ និង​លក់រាយ​សាច់​ពិសេស ដែល​មាន​ទីតាំង​ខាងលើ និយាយ​ឲ្យ​ដឹង​ថា ដេប៉ូ​បោះ​ដុំ និង​លក់រាយ​នេះ កាល​ដើម​ឡើយ គឺ​ពួក​គេ​គ្រាន់តែ​បើក​លក់​សាច់​ពិសេស​សម្រាប់​ភ្ញៀវ​អង្គុយ​ហូប​ធម្មតា​នៅ​ពេល​ល្ងាច ហើយ​ក៏​មាន​ភ្ញៀវ​ខ្លះ​ទិញ​យក​ទៅ​ផ្ទះ ។ ក៏​ប៉ុន្តែ​ប្រហែលជា​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ទីតាំង​លក់​សាច់​ពិសេស​ក្លាយជា​ដេប៉ូ​បោះ​ដុំ និង​លក់រាយ ដែល​មាន​លើក​ស្លាក​យីហោ និង​ដាក់​លេខ​ទូរស័ព្ទ​ដល់​អតិថិជន​ដែល​ត្រូវការ​ទិញ​សាច់​ពិសេស​ទៀត​ផង ។

ពលរដ្ឋ​ដដែល​និយាយ​ទៀត​ថា គាត់​មិនដឹង​ថា ដេប៉ូ​លក់​សាច់​ពិសេស​បោះ​ដុំ និង​លក់រាយ​នេះ គេ​មានច្បាប់​អនុញ្ញាត​ពី​មន្ទីរ​ជំនាញ​ដែល​ឬ​អត់​នោះ​ទេ? ហើយ​គាត់​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ការ​ជួញដូរ សាច់​ឆ្កែ នេះ គឺជា​កត្តា​ចម្បង​មួយ បណ្តាល​ឱ្យ​មាន​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​ជា​ច្រើន​នៅ​កម្ពុជា រួម​ទាំង​ជំងឺ​ឆ្កែឆ្កួត​ផង​ដែរ ។

ទន្ទឹម​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ ១៩ ដែល​អាច​កើត​ចេញពី​ទីផ្សារ​លក់​សត្វ​រស់ វា​សំខាន់​ណាស់ ដែល​ត្រូវ​ចាំ​ថា ទីផ្សារ​លក់​សត្វ​រស់ ដែល​លក់​សត្វ​ឆ្កែ នៅ​តែ​បើក​ដំណើរការ​យ៉ាង សកម្ម​នៅ​កម្ពុជា​នៅឡើយ ជា​ពិសេស​នៅ​ទីតាំង​លើ​ដែល​ចំ​ណ្តា​ល​ទីក្រុង​តែ​ម្តង ។ ហើយ​នេះ​ជា​រឿង​មួយ​យ៉ាង​សំខាន់ ដែល​យើង​ត្រូវ​ចូលរួម​ដោះស្រាយ ដើម្បី​ទប់ស្កាត់​ឱកាស​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កាច​សាហាវ ណាមួយ​ផ្សេង​ទៀត​។

តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សត្វ​ឆ្កែ​រាប់​សែន​ក្បាល ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ទីក្រុង បណ្ដា​ខេត្ត​នានា និង​តំបន់​ព្រំដែន​ទូ​ទាំង​ប្រទេស​កម្ពុជា រៀង​រាល់​ខែ​ដើម្បី​បំពេញតម្រូវការ​អ្នក​បរិភោគ ។ ខេត្ត​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​កន្លែង​ពេញ​និយម​បំផុត សម្រាប់​ផ្គត់ផ្គង់​សាច់​ឆ្កែ ហើយ​នៅ​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រភព​ផ្គត់ផ្គង់​សាច់​ឆ្កែ​ធំ​ជាងគេ សម្រាប់​ហាង​នានា ក្នុង​ខេត្តសៀមរាប​ផង​ដែរ ។

ក្នុង​ឆ្នាំ​២០១៩ អង្គការ FOUR PAWS បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ការ​ជួញដូរ​សាច់​ឆ្កែ​នៅ​កម្ពុជា ហើយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សម្រាប់​អ្នក​ត្រូវ​បាន​គេ​សម្ភាសន៍​ចំនួន ៥៣,៦% បាន​ឆ្លើយ​ថា ពួក​គេ​ធ្លាប់​បាន​បរិភោគ​សាច់​ឆ្កែ​ម្ដង​ម្ក​ល ក្នុង​ជីវិត​របស់​ពួក​គេ (​ក្នុង​នោះ​មាន​បុរស ៧២,៤% និង​ស្ត្រី ៣៤,៨%) ហើយ​១២,២% ទៀត ទទួលទាន​សាច់​ឆ្កែ​ជា​ប្រចាំ ។

តាម​រយៈ​ការ​សិក្សា គឺ​មាន​ហេតុផល​ជា​ច្រើន​ដែល​នៅ​ពីក្រោយ​ការ​បរិភោគ​សាច់​ឆ្កែ​នេះ ក្នុង​ចំណោម​អ្នក​បរិភោគ​ផ្សេង​គ្នា ។ ហេតុផល​ដំបូង​គេ​ជឿ​ថា សាច់​ឆ្កែ​ជា​ម្ហូប​ក្លែម​ពិសេស សម្រាប់​ពេល​ផឹកស្រា ។ មូលហេតុ​មួយទៀត​គេ​ជឿ​ថា វា​ជួយ​បង្កើន​លំហូរ​ឈាម ជា​ពិសេស​ស្ត្រី​ក្នុង​ពេល​មាន​រដូវ និង​ក្រោយ​ពេល​សម្រាលកូន​រួច ។ ហេតុផល​ចុង​ក្រោយ សម្រាប់​មនុស្ស​មួយ​ភាគ​តូច សាច់សត្វ​ឆ្កែ​ខ្មៅ ត្រូវ​បាន​គេ​ជឿ​ថា មាន​លក្ខណៈសម្បត្តិ​ពិសេស​ខាង​វេជ្ជសាស្ត្រ ។

«​ឈ្មួញ​បាន​លួច​សត្វ​ចិញ្ចឹម ឬ​សត្វ​អនាថា ហើយ​ដឹក​ជញ្ជូន​ពួក​គេ​ទៅ​ពាសពេញ​ប្រទេស សូ​ម្បី​តែ​នៅ​តាម​បណ្ដា​ព្រំដែន ។ គ្មាន​នរណា​ម្នាក់​ដឹង​ទេ​ថា តើ​សត្វ​ទាំងនោះ មាន​ឆ្លង​ជំងឺ​ឆ្កែឆ្កួត ឬ​ជំងឺ​ផ្សេង​ៗ​ទៀត​ដែរ​ឬ​អត់? ចំពោះ​ការ​ចាប់​ឃុំ​ទុក និង​ការ​សម្លាប់សត្វ​ឆ្កែ និង​ឆ្មា​វិញ ភាគច្រើន​នៅ​តាម​ទីផ្សារ លក់​សត្វ​រស់​ផ្ទាល់ ទីធ្លា​ក្រោយ​ផ្ទះ គឺ​មិន​ត្រឹមតែ​ប្រើ​វិធី​ឃោរឃៅ ថែម​ទាំង​មិន​បាន​បំពេញ​តាម​បទដ្ឋាន​អនាម័យ​ត្រឹមត្រូវ​ឡើយ ។

ហេតុ​ដូច្នេះ​ហើយ វា​នឹង​ក្លាយជា​កន្លែង​បង្កាត់​វីរុស រាតត្បាត​ដូច​ជា វីរុស​កូ​រូ​ណា ដែល​ពិភពលោក កំពុង​ជួប​ប្រទះ​ជាដើម​»​។ នេះ​បើ​យោង​ទៅ​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត ខេត​ធឺ​រី​ន ភូ​លាក់ ដែល​ជា​ពេទ្យសត្វ និង​ជា​ប្រធាន​ទទួល​បន្ទុក​សុខ​មា​ល​សត្វ​អនាថា ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ របស់​អង្គការ FOUR PAWS ។

ទាំងនេះ​បញ្ជាក់​ច្បាស់​ណាស់​ថា ការ​ជួញដូរ​សាច់​ឆ្កែ និង​ឆ្មា​នៅ​អាស៊ី​អាគ្នេយ៍​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​មនុស្ស​និង​សត្វ ។ ហើយ​អ្នក​ក៏​អាច​ក្លាយជា​ជន​រង​គ្រោះ​ម្នាក់​ផង​ដែរ ដូច្នេះ​យើង​ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​បញ្ឈប់​ការ​ជួយ​ដូរ​សាច់​ឆ្កែ ដើម្បី​ផលប្រយោជន៍​សង្គម ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ឬ​ស៊ី​ម៉ាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​និយាយ​ថា ៖ «​សុនខ​ហិត​ជាតិ​ផ្ទុះ និង​ហិត​មីន សុនខ​ប្រឆាំង​គ្រឿងញៀន សុនខ​សន្តិសុខ សុនខ​ប្រឆាំង​ភេ​វរ​កម្ម សុនខ​កងទ័ព សុនខ​គ្រួសារ ពួក​គេ​ជា​សមាជិកគ្រួសារ ជា​មិត្តភក្តិ ជា​មិត្ត​រួម​អាវុធ​ដ៏​ស្មោះត្រង់​បំផុត ពួក​គេ​ខិតខំ​ហាត់​ពុត​លត់​ដំ តាំងពី​តូច​រហូត​មាន​ជំនាញ​ច្បាស់លាស់ និង​មាន​សមត្ថភាព​បម្រើ​មនុស្សលោក ។

លោក​និយាយ​ទៀត​ថា «​អ្នក​បរិភោគ​សាច់​សុនខ ដូច​បរិភោគ​សាច់​កូនចៅ មិត្តភក្តិ​ខ្លួនឯង ហើយ​ការ​បរិភោគ​សាច់​សុនខ​នេះ វា​ក៏​ប្រឆាំង​ទៅ​នឹង​ទំនៀមទំលាប់​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ប្រពៃ​នៃ​ជាតិ​សាសន៍​ខ្មែរ​យើង​ផង​ដែរ​!» ។

គួរ​កត់​សម្គាល់ថា ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​តូច​បរិភោគ​សាច់​ឆ្កែ ឬ​ហៅ​ថា សាច់​ពិសេស ។ ទន្ទឹម​នឹង​នោះ គេ​ក៏​ឃើញ​មាន​ហាង​ខ្លះ​លក់​សាច់​ពិសេស​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ