ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋចំនួន៣គ្រួសារដែលបានរួមគ្នាទិញអីវ៉ាន់ដឹកតាមរថយន្តមួយគ្រឿងចេញពីច្រកទ្វារអន្តរជាតិបានឡែម ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីយកទៅលក់ដូរនៅក្នុងក្រុងប៉ៃលិន ជារៀងរាល់ពេលមិនអី ស្រាប់តែពេលនេះត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តប៉ៃលិន ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះចាប់ឃាត់បញ្ជូនទៅកាន់សាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ខណ:ម្ចាស់ទំនិញអះអាងថា ពួកគាត់បានបង់ពន្ធជូនគយរួចរាល់អស់ហើយ ។ ម្យ៉ាងវិញទៀត បើគេរកឃើញបទល្មើសក៏ផាកតាមនោះចុះ តែនេះពួកគាត់រកស៊ីមុខរបរលក់ដូរកំប៉ិកកំប៉ុកឱ្យប្រជាពលរដ្ឋនៅតាមភូមិ មិនចំណេញប៉ុន្មាននោះទេ ។
ហេតុការណ៍សមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តប៉ៃលិន ដឹកនាំដោយព្រះរាជអាជ្ញាចុះឃាត់រថយន្តដឹកទំនិញ ខាងលើបញ្ជូនទៅសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីលោក ច្រឹក កុយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃ លិន ក្រុងប៉ៃលិន និងលោក លុច ចន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអាជីវករ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានឱ្យនិយាយដូចៗគ្នាថា ការដឹកទំនិញចេញពីច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង យកទៅលក់ដូរនៅក្នុងផ្សារខេត្តប៉ៃលិន គឺមាន៣ម្ចាស់ (រថយន្ត១គ្រឿង) ដោយធ្វើការបង់ពន្ធ ជូនគយច្រកទ្វារអន្តរជាតិដូងរួចរាល់អស់ហើយ ។ ចំណែកខាងគយសាខាខេត្តប៉ៃលិន គឺពួកគាត់មិនបានបង់ជូនទៀតនោះទេ គ្រាន់តែជូនថ្លៃបាយទឹកតិចតួចប៉ុណ្ណោះ ព្រោះបើបង់២កន្លែងទៀត គឺពួកគាត់គ្មានប្រាក់សល់សម្រាប់ចិញ្ចឹមជីវិតឡើយ ។
តាមប្រភពដដែលបានបន្តថា ចំណែកនគរបាលសេដ្ឋកិច្ចប្រចាំការខេត្តប៉ៃលិន កាលពីច្រកទ្វារអន្តរជាតិព្រំ ដែននៅបើកដំណើរការ ពួកគាត់ដឹកទំនិញតាមម៉ូតូ ពីមុនគឺតែងតែចូលបង់ជូនជាប្រចាំ មិនហ៊ានគេចម្តងណាឡើយ លុះក្រោយពីមានការផ្លាស់ប្តូរថ្មី ពួកគាត់មិនដឹងជាទៅរកមេកើយនៅឯណា ក៏ផ្អាកបង់ជូន លុះរហូតមកដល់ពេលនេះ បន្ទាប់ពីដឹកទំនិញចេញពីច្រកទ្វារអន្តរជាតិ ស្រុកកំរៀង ខេត្តបាត់ដំបង យកទៅលក់ដូរនៅក្នុងខេត្តប៉ៃលិន ស្រាប់តែត្រូវគេចាប់ឃាត់រថយន្ត រួចបញ្ជូនទៅសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ដោយអត់ដឹងមូលហេតុតែម្តង ។
តាមប្រភពដដែលបន្តទៀតថា ទំនិញដែលដឹកចេញពីប្រទេសថៃមកខេត្តប៉ៃលិន ដើម្បីលក់ដូរឱ្យអាជីវករតាមផ្សារ និងតាមភូមិ ដោយទំនិញទាំងនោះមានដូចជា នំសម្រាប់ក្មេងៗ, ចាហ៊ួយ, មីកញ្ចប់, ទឹកក្រូច-ទឹកក្រូចដបតូចៗ, សាប៊ូ និងប្រេងឆា ពោលគឺអីវ៉ាន់ចាប់ហួយតែប៉ុណ្ណោះ ។ ក្នុង១ខែ ការដឹកមកលក់ដូរនៅក្នុងខេត្តប៉ៃលិន ត្រឹមតែ២ទៅ៣ជើងប៉ុណ្ណោះ ព្រោះបច្ចុប្បន្នផ្ទុះជំងឺកូវីដ១៩ទៀត ទើបធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងការរកស៊ីលក់ដូរខ្លាំងណាស់ ។ ម្យ៉ាងវិញទៀត បើសិនជាទំនិញរបស់ពួកគាត់ អត់បង់ពន្ធនៅច្រកទ្វារអន្តរជាតិទេ គឺមិនអាចដឹកចេញបាននោះឡើយ ។ ប៉ុន្តែបន្ទាប់ពីឃើញមានសមត្ថកិច្ចចុះទៅស្ទាក់ឃាត់ឆែកឆេរទំនិញរបស់ពួកគាត់បែបនេះ មិនដឹងជាគិតយ៉ាងម៉េចដែរ ព្រោះទី១-ខាតពេលវេលារកស៊ី និងទី២-មានការព្រួយបារម្ភខ្លាចខាតបង់ថវិកា ដោយត្រូវគេរឹបអូសយកអីវ៉ាន់ទាំងនោះអស់ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ ពួកគាត់ក៏សំណូមពរដល់អាជ្ញាធរខេត្តជួយរកដំណោះស្រាយជូនពួកគាត់ផងដែរ ព្រោះការដឹកទំនិញទាំងនេះ គឺទុកលក់ដូរឱ្យអ្នកក្រីក្រទេ មិនមែនជាទំនិញជួញដូរធំដុំអ្វីផ្សេងឡើយ ។
បើតាមប្រភពពីលោក ឆម ម៉េត ប្រធានការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តប៉ៃលិន បានឱ្យដឹងថា ខាងលោកកំពុងធ្វើការសាកសួរម្ចាស់ទំនិញ និងម្ចាស់រថយន្ត តាមបទបញ្ជា ព្រោះមានការសង្ស័យ ល្មើសច្បាប់សេដ្ឋកិច្ច ។
ចំណែកលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានឱ្យដឹងដែរថា ខាងលោកកំពុងឱ្យខាងនគរបាលសេដ្ឋកិច្ចរៀបចំធ្វើរបាយការណ៍ រួចបញ្ជូនទៅខាងសាខាគយ ដើម្បីធ្វើការត្រួតពិនិត្យមើលទាំងអស់គ្នា ដោយនៅពេលនេះទាំងទំនិញ និងរថយន្ត ត្រូវបានបញ្ជូនត្រឡប់ពីគយសាខាខេត្តប៉ៃលិន ទៅរក្សាទុកនៅស្នងការនគរបាលខេត្តប៉ៃលិន ៕
ចែករំលែកព័តមាននេះ