ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ផ្សង​ព្រេង​នៃ​ជីវិត​អ្នកលក់​ឆ្នាំង​ចល័ត​​ខេត្ត

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ «​ខ្ញុំ​..និង​ប្រពន្ធ​ខ្ញុំ​..ត្រូវធ្វើ​ដំណើរ​តាម​រយៈ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​​នេះ គ្រប់​ទីកន្លែង គ្រប់​ច្រក​ល្ហក​ស្ទើរ​ទូ​ទាំង​២៤​ខេត្ត-រាជធានី ដើម្បី​ដឹក​ឆ្នាំង ខ្ទះ និងសម្ភារប្រើប្រាស់​ដទៃ​ទៀត (​ផលិតផល​ខ្មែរ​) ស្វែង​រក​អតិថិជន​រក​កម្រៃ​​ចិញ្ចឹម​ក្រពះ…

ខេត្តបាត់ដំបង​ ៖ «​ខ្ញុំ​..និង​ប្រពន្ធ​ខ្ញុំ​..ត្រូវធ្វើ​ដំណើរ​តាម​រយៈ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​​នេះ គ្រប់​ទីកន្លែង គ្រប់​ច្រក​ល្ហក​ស្ទើរ​ទូ​ទាំង​២៤​ខេត្ត-រាជធានី ដើម្បី​ដឹក​ឆ្នាំង ខ្ទះ និងសម្ភារប្រើប្រាស់​ដទៃ​ទៀត (​ផលិតផល​ខ្មែរ​) ស្វែង​រក​អតិថិជន​រក​កម្រៃ​​ចិញ្ចឹម​ក្រពះ ហើយ​យ៉ាងតិច​ពី​២​ទៅ​៣​ខែ ទើប​វិល​ត្រឡប់​ទៅ​ជួប​កូន​នៅ​ឯ​ស្រុក​កំណើត​ម្ដង​»​។ នេះ​ជា​ពំនោល​ដ៏​គួរ​ឲ្យ​កំសត់​របស់​បុរស​ម្នាក់​ជាមួយនឹង​ភរិយា ដែល​ប្រកប​មុខរបរ​ដឹក​ឆ្នាំង​ខ្មែរ ដើរ​លក់​ចល័ត​តាម​បណ្ដា​ខេត្ត​នានានៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

ស្ថិត​ក្នុង​វ័យ​៣០​ឆ្នាំ លោក​ដួង ណា​វ បាន​ផ្ដល់​បទ​សម្ភាស​ន៍​ខ្លី​មួយ​ជាមួយ​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​១៣​មិថុនា នៅ​ពេល​អតិថិជន​កំពុង​ចោមរោម​ទិញ​ទំនិញ​របស់​គាត់​ ។ គាត់​និយាយ​យ៉ាង​ដូច្នេះ​ថា​ «​ខ្ញុំ​.. និង​ភរិយា បាន​ប្រកប​មុខរបរ​ដឹក​ឆ្នាំង​ខ្មែរ​លក់​តាម​រ៉ឺម៉ក​ម៉ូតូ​នេះ​ច្រើន​ឆ្នាំ​ហើយ​ ។ ព្រោះ​នៅ​ស្រុក​កំណើត​ខ្ញុំ គ្មាន​មុខរបរ​អ្វី​ផ្សេង​ទេ​ ។ ហើយ​កម្រៃ​​ជើងសារ​ដែល​ចំណេញ​ពី​ការ​លក់​ឆ្នាំង​នេះ​មិន​ច្រើន​ទេ តែ​ខ្ញុំ​អាច​ចិញ្ចឹម​
ជី​វភាព​គ្រួ​សារបាន​»​។

លោក​ដួង ណា​វ និងភរិយា​របស់​គាត់​ឈ្មោះ​ឯក ពៅ អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កោះ​ស្វាំ​ង ឃុំ​ស្វាយ​ទង ស្រុក​កំពង់ត្រឡាច ខេត្តកំពត​ ។ គាត់​មានកូន​២​នាក់ កូនប្រុស​ច្បង​អាយុ​១២​ឆ្នាំ និងកូនស្រី​អាយុ​៥​ឆ្នាំ ​។ នេះ​ជា​ការ​បញ្ជាក់​ប្រាប់​របស់​លោកដួង ណា​វ និងភរិយា ដែល​រស់​អាស្រ័យ​នៅ​លើ​រឺ​ម៉ក​ដឹក​ឆ្នាំង​ខ្មែរ​លក់​ចល័ត​ត្រាច់ចរ​ពេញ​ប្រទេស​កម្ពុជា​ ។ លោក​ដូង ណា​វ និងភរិយា បាន​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​នៅ​លើ​ដង ​វិធី​នានា ដើម្បី​ដឹក​ឆ្នាំង និងសម្ភារផ្សេង​ៗ​ស្វែងរក​អតិថិជន​ ។ រ៉ឺម៉ក​ម៉ូតូ​របស់​គាត់​មិន​ថ្មី​ទេ ហើយ​ក៏​គ្មាន​ឧ​គ្ឃោ​សន​ស័ព្ទ​សម្រាប់​បំពង​សម្លេង​ជា​សញ្ញា​ដល់​អតិថិជន​ឲ្យ​បានឮ​ដែរ​។ ប៉ុន្តែ​កែវភ្នែក​ទាំង​គូរ​បស់​គាត់​និង​ភរិយា​ ហាក់​វាងវៃ​ខ្លាំង​ណាស់ ក្នុង​ការ​រំពៃ​រក​មើល​អតិថិជន​ផង​និង​មើលផ្លូវ​ផង​។ អតិថិជន​មិន​អាច​រំលង​ពី​ភ្នែក​គាត់​និង​ភរិយា​ឡើយ ប្រសិនបើ​បាន​លើកដៃ​បក់​ឬ​ស្រែកហៅ​។

អ្នកស្រី ឯក ពៅ បាន​ប្រាប់​ថា គាត់​ធ្វើ​ដំណើរ​យឺតៗ ពេល​ស្ថិត​នៅ​លើ​ដងផ្លូវ ដើម្បី​ពិនិត្យ​មើល​ក្រែង​មាន​អតិថិជន​ស្រែកហៅ ​ឬ​លើកដៃ​កាត់​ទិញ​ទំនិញ​របស់​គាត់​។ នៅ​ពេល​សួរ​ថា ពេល​ចេញដំណើរ​លក់ដូរ​ម្ដង​ៗ តើ​កូន​ៗ​ទុក​នៅ​ជាមួយ​នរណា ? អ្នកស្រី​បាន​ផ្ដល់​ចម្លើយ​ថា «​ពេល​ខ្ញុំ​និង​ស្វាមី ធ្វើ​ចំណាកស្រុក​ចេញ​លក់ដូរ​រក​កម្រៃ.. កូន​សម្លាញ់​ទាំង​២​នាក់​ផ្ញើ​ទុក​នៅ​ជាមួយ​ជីដូន​ជួយ ​មើល​ការ​ខុស​ត្រូវ និងរៀនសូត្រ ហើយ​យ៉ាង​តិច​ពី​២​ទៅ​៣​ខែ ទើប​ខ្ញុំ​និង​ស្វាមី​វិល​ត្រឡប់​ទៅ​ជួប​កូន​ៗ​នៅ​ឯ​ស្រុក​កំណើត​ម្ដង​»​។

ឆ្លៀតពេល​អតិថិជន​ កំពុង​ចោមរោម​ទិញ​ទំនិញ​របស់​គាត់ លោក​ដួង ណា​វ ក៏​បាន​រៀបរាប់​ប្រាប់​កោះ​សន្តិភាព​ដែរ​ថា «​ខ្ញុំ និងភរិយា​ដឹក​ឆ្នាំង​ដើរ​លក់​ចល័ត​ស្ទើរ​គ្រប់​បណ្ដា​ខេត្ត រាជធានី ទូ​ទាំង​ប្រទេស រីឯ​ការ​ស្នាក់​នៅ​មិន​ទៀងទាត់​ទេ យប់​កន្លែង​ណា​ ស្នាក់​បណ្ដោះអាសន្ន​នៅ​កន្លែង​នោះ លុះ​ស្អែក​ឡើង​បន្តដំណើរ​លក់ដូរ​ទៀត​»​។ នៅ​ពេល​សួរ​ថា ពេល​លក់​ឆ្នាំង​ ឬ​សម្ភារៈ​ផ្សេង​ៗ​អស់ តើ​ត្រូវធ្វើ​ដូច​ម្ដេច​បាន​ឆ្នាំង​លក់​ទៀត បើ​២​ទៅ​៣​ខែ​ទើប​ត្រឡប់​ទៅ​ផ្ទះ​ម្ដង ? លោក​ដួង ណា​វ បាន​ពន្យល់​ដូច្នេះ​ថា « ឆ្នាំង​ឬ​សម្ភារផ្សេង​ៗ ដែល​ខ្ញុំ​ដឹក​លក់​សព្វ​ថ្ងៃនេះ គឺជា​ផលិតផល​ខ្មែរ​ដែល​ផលិត​នៅ​ខេត្តកំពង់ចាម ​។ ពេល​ខ្ញុំ ដឹក​ដើរ​លក់​អស់​នៅ​ត្រឹម​ខេត្ត​ណា​.. គឺខាង​ក្រុមហ៊ុន​គេ​ផ្ញើ​មក​ឲ្យ​ខ្ញុំ​នៅ​ខេត្ត​នោះ មិន​ចាំបាច់​ឡើង​ទៅ​យក​ផ្ទាល់​ទេ ហើយ​ក៏​គ្មាន​ឃ្លាំង​សម្រាប់​ស្ដុ​ប​ទុក​នៅ​តាម​បណ្ដា​ខេត្ត​ដែរ​» ​។

បើ​និយាយ​ពី​ប្រាក់​ចំណេញ​វិញ លោក​ដួង ណា​វ បាន​ប្រាប់​ថា តម្លៃ​​ឆ្នាំង​គិត​ទៅ​តាម​លេខ​តូច​ឬ​ធំ​ ។ ហើយ​ប្រាក់​ចំណេញ ឆ្នាំង​មួយ​អាច​ចំណេញ​បាន​ពី​៥,០០០​រៀល​ ទៅ​១,០០០០​រៀល​។ នៅ​ពេល​សួរ​ថា តើ​ចំណេញ​ប៉ុណ្ណឹង អាច​ទប់ទល់​នឹង​ការ​ចំណាយ ឬសល់​សម្រាប់​ត្រឡប់​ទៅ​ស្រុក​វិញ​ខ្លះ​ទេ ? លោក​ដូង ណា​វ សើច​យ៉ាង​កក្អឹក​ ជាមួយនឹង​ប្រាក់​នៅ​ក្នុង​ដៃ​ជាង​១០​ម៉ឺន​រៀល ​ដែល​ទើប​លក់ដាច់​អស់​ឆ្នាំង​ចំនួន​​២ ហើយ​និយាយ​ថា « ឆ្នាំង​១​ចំណេញ​បាន​៥,០០០​រៀល​ឬ​១,០០០០​រៀល អាច​ទប់ទល់​នឹង​ការ​ចំណាយ​បាន ហើយ​ក៏​អាច​នៅ​សល់​សម្រាប់​ចិញ្ចឹម​ជីវភាព​គ្រួ​សារបាន​ដែរ​»​។

គាត់​បាន​បញ្ជាក់​ដែរ​ថា ថ្ងៃ​ណាខ្លះ​លក់ដាច់​គួ​សម តែ​ថ្ងៃ​ខ្លះ​ជិះ​រាប់​សិប​គីឡូ​ក៏​គ្មាន​ម៉ូយ​កាក់​សួរនាំ ឬ ហៅ​ទិញ​ម្នាក់​ដែរ​៕​

អត្ថបទសរសេរ ដោយ