ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​រាងចាល​មែន​! ចេញពី​គុក​ហើយ​នៅ​​តែ​ធ្វើ​ដដែល ត្រូវ​ញាត់​ចូល​គុក​វិញ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អតីត​ទណ្ឌិត​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចាប់ខ្លួន​តាម​ដីកា​បញ្ជា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែមិថុនា នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ អតីត​ទណ្ឌិត​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចាប់ខ្លួន​តាម​ដីកា​បញ្ជា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែមិថុនា នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​កាលពី​កន្លះ​ខែ​មុន​។

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ផល វិចិត្រ ហៅ​បារាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​។

លោក​ថា ជន​នេះ​ត្រូវ​កម្លាំង​ជំនាញ​ចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ ៩០ ដ​.​ប​.​ច​.​ខ របស់​លោក សេង ផានិត ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត ដែល​ជាប់​សង្ស័យ​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម (​លួច​កាបូប​លុយ​) កាលពី​កន្លះ​ខែ​មុន តែ​ក្រោយ​ប្រព្រឹត្តិ​បទល្មើស​ជន​នេះ​បាន​សម្ងំ​លាក់ខ្លួន រហូត​មក​ដល់​ពេល​នេះ​។

បើ​យោង​លើ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​ខាងលើ​នេះ ឈ្មោះ​ផល វិចិត្រ ហៅ​បារាំង បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​ពណ៌​ខ្មៅ របស់​ជន​រង​គ្រោះ​ឈ្មោះ នាក់ ឌី​ណា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ កាលពី​ថ្ងៃ​ទី ២៨ ឧសភា កន្លង​ទៅ​នេះ នៅ​ចំណុច​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

បើ​តាម​ការ​អះអាង​របស់​ជន​រង​គ្រោះ​ថា កាបូប​ដែល​ជន​ដៃដល់​បាន​លួច​ទៅ​នោះ មាន​លោហៈ​ធាតុ​០១​ខ្សែ​, ប្រាក់​ដុល្លារ​ចំនួន​៤៥០​ដុល្លារ​, ប្រាក់​ខ្មែរ​ចំនួន​៤០​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ប៉ុន្តែ​នៅ​ពេល​ត្រូវ​ចាប់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​មាន ទូរស័ព្ទ​ដៃ​​ចំនួន​២​គ្រឿង​, លោហៈធាតុ និង​បន្តោង​០១​ខ្សែ​។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជន​នេះ​បាន​សារភាព​ចំពោះ​កំហុសឆ្គង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​​ហើយ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​បន្ថែម​ថា បើ​តាម​ប្រវត្តិ​ជន​នេះ​ធ្លាប់​ជាប់គុក​ម្ដង​ហើយ ដោយ​សារ​រពឹសដៃ​លួច​ទ្រព្យ​អ្នក​ដទៃ តែ​ជន​នេះ​មិន​រាងចាល​ទេ​។ ក្រោយ​ចេញពី​គុក​លួច​ទៀត ហើយ​ពេល​នេះ ក៏​ត្រូវ​ចាប់​ញាត់​គុក​វិញ​ជា​ថ្មី​ទៀត​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ