ធ្លាប់តែ​ឃើញ​ចោរ​ប្រុស​ឆក់​ពី​ស្រី​ៗ លើក​​នេះ​ចម្លែក​ចោរ​ស្រី​វ័យក្មេង​ឆក់​ពី​ប្រុស​ម្តង


ខេត្តបាត់ដំបង ៖ នេះ​ជា​លើក​ដំបូង​ហើយ សម្រាប់​ក្រុម​ចោរ «​ឆក់​» នៅ​ខេត្តបាត់ដំបង ដែល​ជន​ដៃដល់ «​ឆក់​» យក​ទូរស័ព្ទ​ពី​បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ គឺជា​មនុស្ស​ស្រី​វ័យ​១៦​ឆ្នាំ ដែល​អ្នក​ឌុ​ប​ធ្វើ​សកម្មភាព​ជា​មនុស្ស​ប្រុស​។

នេះ​ចាត់​ទុក​ថា ជា​ចោរ​ស្រី​វ័យក្មេង​ដ៏​ក្លាហាន​ម្នាក់ ដែល​សមត្ថកិច្ច​មិន​ធ្លាប់​ជួប​ប្រទះ តែ​ត្រូវ​បាន​កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ចោរ «​ឆក់​» ញី​ឈ្មោល​នេះ បានជា​បន្តបន្ទាប់ ក្រោយ​ពេល​កើតហេតុ​។

យោង​តាម​របាយការណ៍​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា អំពើ​ចោរកម្ម​នេះ បាន​កើតឡើង កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមិថុនា នៅ​លើ​កំណាត់​ផ្លូវ​ទៅ​ប្រា​ទបាណ​ន់ ត្រង់​ចំនុច​ភូមិ​កំពង់​សី​ម៉ា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ភ្លាម​ៗ​នោះ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​ទេ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ហេង សុខ​លេង ហៅ​ចេ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ «​ឆក់​» យក​ទូរស័ព្ទ​ដៃ​ម៉ាក់​សាំ​សុង​មួយ​គ្រឿង ពេល​កំពុងនិយាយ​បណ្ដើរ​ជិះ​ម៉ូតូ​បណ្ដើរ​។

នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ លោក​អូន ហ្វៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព «​ឆក់​» ទូរស័ព្ទ​ខាងលើ​នេះ ត្រូវ​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​ពេល​យប់​នៃ​ថ្ងៃ​កើតហេតុ​។ ជន​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ ជួន កក្កដា ហៅ​អា​ខ្មៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លាក​កែ​ត ក្រុង​បាត់ដំបង និ ម្នាក់​ទៀត​ឈ្មោះ ចិន លី​ម៉ា ហៅ​ពេជ្រ ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ក្ដុល​ដូច​ទាវ ក្រុង​បាត់ដំបង​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​។

លោក​បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ជន​ទាំង​២​នាក់ គឺ​ឈ្មោះ កក្កដា ហៅ ខ្មៅ ជា​អ្នក​ឌុ​ប ហើយ​ឈ្មោះ លី​ម៉ា ហៅ ពេជ្រ (​ស្រី​) ជា​អ្នក​ដៃដល់​«​ឆក់​»​។ ប៉ុន្តែ​ក្រោយ​ពី​ឆក់​បាន​សម្រេច ជន​ដៃដល់​បាន​បោះ​ទូរស័ព្ទ​ចោល​វិញ ដោយសារ​តែ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​យ៉ាង​ប្រ​គិត​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា សមត្ថកិច្ច​បាន​នាំ​ពួក​ចោរ​ញី​ឈ្មោល​ទាំង​២​នាក់​នេះ ឲ្យ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ដែល​ខ្លួន​ធ្វើ​សកម្មភាព និង​បោះ​ទូរស័ព្ទ​ចោល ក្រោយ​ពី​ឆក់​បាន​ពី​ជន​រង​គ្រោះ​។

នៅ​កន្លែង​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាព​ព្រម​ៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព «​ឆក់​» ទូរស័ព្ទ​ពី​បុរស​ម្នាក់​មែន ពេល​ជន​រង​គ្រោះ​នោះ​កំពុង​ជិះ​ម៉ូតូ​បណ្ដើរ និយាយ​ទូរស័ព្ទ​បណ្ដើរ​។

ជន​ទាំង​២​នាក់​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា មុន​ពេល​ធ្វើ​សកម្មភាព គឺ​ពួក​ខ្លួន​បាន​នាំ​គ្នា​ជក់​ថ្នាំ​ញៀន​រួច​ស្រេច​ហើយ (​ម៉ា​ទឹកកក​)​។ ដំបូង​ពួក​ខ្លួន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ក្រុង​បាត់ដំបង តាម​ផ្លូវ​ឆ្ពោះទៅ​ស្រុក​បាណ​ន់​។ ប៉ុន្តែ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាសទិស ហើយ​កំពុងនិយាយ​ទូរស័ព្ទ​ផង ពួក​ខ្លួន​ក៏​ជិះ​ត្រឡប់​បក​ក្រោយ​វិញ លុះ​ជិះ​តាម​ទាន់​បុរស​នោះ ពួក​ខ្លួន​ក៏ «​ឆក់​» យក​ទូរស័ព្ទ​តែ​ម្ដង ដោយ​ឈ្មោះ​ពេជ្រ ជា​អ្នក​ឆក់​។

នៅ​ក្នុង​ការ​ផ្ដល់​ចម្លើយ​នេះ ឈ្មោះ ពេជ្រ បាន​និយាយ​ថា ពេល​ដែល​នាង «​ឆក់​» បាន​ទូរស័ព្ទ​ភ្លាម ម្ចាស់​ទូរស័ព្ទ​ក៏​បាន​ជិះ​ដេញ​ពួក​នាង​យ៉ាង​ប្រ​គិត​បំផុត ស្ថានភាព​ទាល់ច្រក​បែប​នេះ នាង​ក៏​បោះ​ទូរស័ព្ទ​ទៅ​លើ​ថ្នល់​ឲ្យ​ម្ចាស់​វិញ ហើយ​ថែម​ទាំង​លើកដៃ​សំពះសុំទោស​ទៀត​ផង​។ ប៉ុន្តែ​បុរស​នោះ​មិន​បាន​ចុះ​រើស​ទេ គិតតែ​ពី​ជិះ​ម៉ូតូ​ដេញ​តាម​ពួក​នាង តែ​ដេញ​មិន​ទាន់ រហូត​ដល់​ពាក់កណ្ដាល​អធ្រាត្រ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ពួក​នាង​បាន​តែ​ម្ដង​។

ពាក់ព័ន្ធ​ករណី​ខាងលើ បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស ស្រី​២​នាក់​នេះ ជា​អ្នក​សេព​ថ្នាំ​ញៀន​ដូច​គ្នា ហើយ​ក៏​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​យ៉ាង​សកម្ម​បំផុត​ដែរ​។ ប៉ុន្តែ​យ៉ាងណា នេះ​ជា​លើក​ដំបូង​ហើយ ដែល​សមត្ថកិច្ច​ជួប​ប្រទះ​ចោរ​ស្រី​វ័យ​១៦​ឆ្នាំ ក្លាហាន​ជិះ​ម៉ូតូ​តាម «​ឆក់​»​ទូរស័ព្ទ​ពី​មនុស្ស​ប្រុស​។ ជន​ទាំង​២​នាក់​នេះ បាន​ព្យាយាម​លាក់បាំង​ពី​សកម្មភាព​របស់​ខ្លួន បើ​ទោះជា​មន្ត្រី​ជំនាញ​បាន​កំណត់​មុខសញ្ញា និង បាន​ជជីក​សួរនាំ​យ៉ាងណា​ក្ដី​។ ពេល​នេះ ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ