ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​! មាន​ទាំងស្រី​ទាំង​ប្រុស​​ប្រើ​ល្បិច​បន្លំ​លួច​តាម​តូប​វេរ​លុយ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុខសញ្ញា​លួច​តាម​តូប​វេរ​លុយ​ដ៏​សកម្ម​​មួយ​ក្រុម ត្រូវ​បាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តក្រចេះ ខេត្ត​រតន​គិរី ខេត្តស្ទឹងត្រែង ចាប់​បង្ក្រាប​បាន​ហើយ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុខសញ្ញា​លួច​តាម​តូប​វេរ​លុយ​ដ៏​សកម្ម​​មួយ​ក្រុម ត្រូវ​បាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តក្រចេះ ខេត្ត​រតន​គិរី ខេត្តស្ទឹងត្រែង ចាប់​បង្ក្រាប​បាន​ហើយ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ចន្លោះ​ខេត្ត​រតនគិរី ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​០៩ មិថុនា ក្រោយ​ធ្វើ​សកម្មភាព​បន្លំ​យក​លុយ​ពី​អាជីវករ​ទទួល​វេរ​លុយ​នៅ​ក្រុង​សែន​ន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុខសញ្ញា​លួច​លុយ​តាម​តូប​វេរ​លុយ​ខាងលើ​មាន ១-​ឈ្មោះ ហ៊ូ ណា​វិ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ពោ​ធ៍ ឃុំ​អន្លុង​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹងត្រែង ។ ២- ឈ្មោះ ផា​ន់ រ័​ត្ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​លើ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ និង​៣-​ឈ្មោះ លោត ឃុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​លើ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

យោង​តាម​របាយ​ការ​ណ៏​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០ ម៉ោង​៧​និង​៣០​នាទី មាន​ករណី​លួច​១​ករណី​កើត​ឡើង​នៅ​ចំណុច​កន្លែង​វេរ​លុយ​ទ្រូ​ម៉ា​នី ស្ថិត​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ​។ ជន​រង​គ្រោះ​ឈ្មោះ ប៉ុ​ល សុ​វណ្ណៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អាជីវករ ហើយ​​សម្ភារ​:​ដែល​បាត់បង់​រួម​មាន ប្រាក់​រៀល ២៤ ០០០ ០០០៛ (​ម្ភៃ​បួន​លាន​រៀល​) និង​ប្រាក់​ដុល្លារ ៥ ៥០០​ដុល្លារ (​ប្រាំ​ពាន់​ប្រាំ​រយ​ដុល្លារ​) ផង​ដែរ​។

បើ​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុខសញ្ញា​លួច​មាន​គ្នា​ប្រហែល​៥​ទៅ​៦​នាក់ មាន​ស្រី មាន​ប្រុស ដោយ​បាន​ចាក់សោរ​យក​លុយ​ក្នុង​ទូរ​វេរ​លុយ​ទ្រូ​ម៉ា​ន់​នី ដោយ​ប្រើ​មធ្យោ​បាយ​ជិះ​ម៉ូតូ​ម៉ាក Honda DreamC125 ក្រោយ​ធ្វើ​សកម្មភាព​សំរេច​រួច ពួក​គេ​រត់គេច​ខ្លួន​បាត់​អស់​។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ភ្លាម​ៗ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ម៉ោង​៩​ព្រឹក កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក​ម្លាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​កម្លាំង​ស្នងការដ្ឋាន​នគរ​បា​ខេត្ត​រតនគីរី បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ។

ជនសង្ស័យ​ទាំង​៣​នេះ ត្រូវ​ឃាត់ខ្លួន​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧៨ ភូមិ​វាល​រំពេរ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ក្នុង​ករណី​បទល្មើស​ករណី លួច​ប្រាក់​ក្នុង​បន្ទប់​ទ្រូ​ម៉ា​ន់​នី កាលពី​ម៉ោង​៦​និង​៣០​នាទី ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ ២០២០ នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុ​តាង ត្រូវ​បាន​ប្រគល់​ជូន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ