ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​នាំ​កូន​ស្រី​​គេ​ទៅ​បាត់​១​ថ្ងៃ​១​យប់

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ក្រោយ​ពី​នាំ​ក្មេង​ស្រី​វ័យ​១៤​ឆ្នាំ​ម្នាក់​ចេញ​បាត់​ពី​ផ្ទះ​អស់​មួយ​ថ្ងៃមួយ​យប់ ។ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​បាត់​ខ្លួន អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ក្រោយ​ពី​នាំ​ក្មេង​ស្រី​វ័យ​១៤​ឆ្នាំ​ម្នាក់​ចេញ​បាត់​ពី​ផ្ទះ​អស់​មួយ​ថ្ងៃមួយ​យប់ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​បាត់​ខ្លួន អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ឪពុក​អាយុ​៤១ ឆ្នាំ មុខរបរ​កសិករ និង​ម្ដាយ​អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ​ទីកន្លែង​កំណើត​។ ចំណែក​យុវជន​ដែល​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ឈ្មោះ ស្វាង សាវ៉ា​ត់ អាយុ​១៩​ឆ្នាំ ជា​កម្មករ​ធ្វើការ​ជាមួយនឹង​ឪពុក​ក្មេង​ស្រី​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាល​យប់​ពី​ថ្ងៃ​ទី​១២ មិថុនា ២០២០ កម្លាំង​ប៉ុស្តិ៍​ស្ពាន​មាន​ជ័យ បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំការ​តែ ក្នុង​ករណី​បាត់​ខ្លួន​កូនស្រី​វ័យ​ជំទង់​ម្នាក់​តាំងពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ មិថុនា រក​មិនឃើញ​សោះ ដោយ​សង្ស័យ​ថា មាន​មនុស្ស​នាំ​ទៅ​។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​នេះ កម្លាំង​ប៉ុស្តិ៍​ស្ពាន​មាន​ជ័យ សហការ​ជាមួយ​ក​ម្លាំ​អធិការ​ក្រុង និង​ស្នងការដ្ឋាន​ខេត្ត បើក​ការ​ស្រាវជ្រាវ​រុករក​អស់​រយៈពេល​ជិត​២០​ម៉ោង ក៏​កំណត់​សន្និដ្ឋាន​ថា ក្មេង​ស្រី​ត្រូវ​កម្មករ​ដែល​ធ្វើការ​ជាមួយ​ឪពុក​នាង​ជា​អ្នក​នាំ​ទៅ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្មេង​ស្រី​ដែល​បាត់​ខ្លួន​ពី​ផ្ទះ​កាលពី​ថ្ងៃ​ទី​១១ តាម​បណ្តឹង​ឪពុក​ម្តាយ​នោះ បាន​រក​ឃើញ និង​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ដោយ​នាង​បាន​រត់​តាម​ប្រុស​ស្នេហ៍​ឈ្មោះ ស្វាង សាវ៉ា​ត់ ជា​កម្មករ​ធ្វើការ​ជាមួយនឹង​ឪពុក​ក្មេង​ស្រី​ដែល​បាត់​ខ្លួន ។

ក្រោយ​ពេល​រក​ឃើញ​កូន​ហើយ ឪពុក​ម្តាយ​ក្មេង​ស្រី​កើត​ទុក​មិន​សុខចិត្ត​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ច្បាប់​ពី​បទ «​លួងលោម​អនីតិជន​រួម​ភេទ​»​។ ករណី​នេះ​ផ្នែក​ជំនាញ​បាន​និង​កំពុង​ចាត់ការ​តាម​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​ហើយ​។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ ម៉ោង​៨​និង​៣០​នាទី​យប់ មាន​ករណី​បាត់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ មុខរបរ​ជា​សិស្ស ហើយ​ឪពុក​ម្តាយ​បាន​ដើរ​រក​គ្រប់​ទីកន្លែង​តែ​មិនឃើញ​នោះ​ទេ ធ្វើ​ឱ្យ​ឪពុក​ម្តាយ​រង​គ្រោះ​សង្ស័យ​ថា​គេ​នាំ​ទៅ ក៏​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ