ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​ចុះ​ស៊ី​ព្រលិត ក្រោយ​បុរស​ម្នាក់​ចង​ព្យួរ​លំអ​គ្រាប់​មីន​ជិត​៣០​គ្រាប់​ក្បែរ​ផ្ទះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រប់​គ្នា​មានការភ្ញាក់ផ្អើល​និង​ព្រលឹង​ចុង​សក់ ខណៈ​បានឃើញគ្រាប់​មីន​ជា​ច្រើន​ប្រភេទ​ជិត​៣០​គ្រាប់ ត្រូវ​បាន​បុរស​ម្នាក់​ចង​ព្យួរ​លើ​មែក​អំពិល​១​ដើម​ក្បែរ​ផ្ទះ ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។…

ខេត្តបន្ទាយមានជ័យ ៖ គ្រប់​គ្នា​មានការភ្ញាក់ផ្អើល​និង​ព្រលឹង​ចុង​សក់ ខណៈ​បានឃើញគ្រាប់​មីន​ជា​ច្រើន​ប្រភេទ​ជិត​៣០​គ្រាប់ ត្រូវ​បាន​បុរស​ម្នាក់​ចង​ព្យួរ​លើ​មែក​អំពិល​១​ដើម​ក្បែរ​ផ្ទះ ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។ ក្រោយ​ពី​ឃើញ​គ្រាប់​មីន​ដែល​ត្រូវ​គេ​ចង​ព្យួរ​នេះ សមត្ថកិច្ច​ក៏​បាន​ទាក់ទង​ហៅ​មន្ត្រី​សុ​ី​ម៉ាក់ ទៅប្រមូល​យក​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ។ វរ​សេនី​យ៍​ទោ សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ ថ្លែង​ថា នៅ​ពេល​ឃើញ​បុរស​ម្នាក់​យកគ្រាប់​មីន​ជា​ច្រើន​ប្រភេទ​ទៅ​ចង​ព្យួរ​រ​ណេ​ងរណោង​នៅ​នឹង​ដើម​អំពិល​បែប​នេះ អ្នក​ជិតខាង​ដោយ​ការ​ភ័យ​ខ្លាច​កើត​មាន​គ្រោះថ្នាក់ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទៅ​ពិនិត្យ​មើល ។

លោក​អធិការ​ថ្លែង​ទៀត​ថា នៅ​ពេល​សមត្ថកិច្ច​ទៅ​ពិនិត្យ​ជាក់ស្តែង ឃើញ​មាន​គ្រាប់​មីន​៤​ប្រភេទ​គឺ ប្រភេទ​មីន​ផ្លែ​ប៉ោម​១៦​គ្រាប់ ប្រភេទ​មីន​ស្គរ​K៥៨​ចំនួន​៦​គ្រាប់ ប្រភេទ​មីន​៦៩​ចំនួន​៤​គ្រាប់ និង​ប្រភេទ​ដង​បេ​៤០​ចំនួន​១​គ្រាប់​។ លោក​អធិការ សេស វិបុល ប្រាប់​ថា បុរសជា​ម្ចាស់ផ្ទះ​ដែល​យក​គ្រាប់​មីន​មក​ព្យួរ​នៅ​នឹង​មែក​អំពិល​នេះ​ឈ្មោះ កា សុ​ខនិត អាយុ​៤៨​ឆ្នាំប្រកប​របរ​ដើរ​ជីក​ក្តាម​និង​រក​ឃ្មុំ ។ បើ​តាមបុរស​​នេះ​និយាយ​ថា គ្រាប់​មីន​នេះ​គាត់​ដើរ​រើស​សន្សំ​រយៈពេល​ជាង​១​ឆ្នាំ ហើយ​យក​មក​ចង​ព្យួរ​លេង​នៅ​នឹង​ដើម​អំពិល​មុខ​ផ្ទះ​ខ្លះ និង​ទុក​តាម​របង​ផ្ទះ​ខ្លះ តែ​មិន​មាន​ចេតនា​គំរាមកំហែង​អ្នក​ណា​ទេ ។ ចំណែក​លោកនាយ​ប៉ុស្តិ៍​និយាយ​ថា បុរស​រូប​នេះ​ក៏​ជា​មនុស្ស​មាន​សតិ​មិនសូវ​ល្អ​ដែរ ។

ទាក់ទិន​នឹង​ការ​រក​ឃើញ​គ្រាប់​មីន​នេះ គឺដោយសារ​តែ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ប្រពន្ធ​របស់​គាត់​បាន​មក​ប្តឹង​សុំ​លែងលះ ខណៈ​ពួក​គេ​មានកូន​៣​នាក់ ហើយ​បាន​ប្រាប់​សមត្ថកិច្ច​ពី​ការ​ដែល​ប្តី​គាត់​យក​គ្រាប់​មីន​មក​ចង​ព្យួរ និង​ដាក់​រាយ​ប៉ាយ​នៅ​តាម​របង​ផ្ទះ ។ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ ទើប​សមត្ថកិច្ច​ទៅ​ពិនិត្យនិង​រាយ​ការណ៍​ប្រាប់​ទៅ​ខាង​សុ​ី​ម៉ាក់ ដើម្បី​មកប្រមូល​យក​គ្រាប់​មីន​ទាំងនេះ​ទៅ​កម្ទេច​ចោល ចៀសវាង​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។

មន្ត្រី​អង្គភាព​កម្ចាត់​មីន​ស៊ី​ម៉ាក់​នៅ​ពេល​មក​ពិនិត្យ​មើល​និង​ដោះ​ចេញ​ពីលើ​ដើមឈើ​ប្រាប់​ថា គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​២៧​គ្រាប់​នេះ គឺ​មាន​តែ​សម្បក គ្មាន​រំសេវ ឬ​ម្សៅ​តេ​អិន​តេ​និង​គីប​ផ្ទុះ​ឡើយ ។ តំបន់​នេះ ​ជា​អ​តី​សមរភូមិ​ក្តៅ​នា​សម័យ​សង្គ្រាម ដែល​សេសសល់​គ្រាប់​មិន​ផ្ទុះ​ច្រើន ទើប​គាត់​រើស​មក​ទុក​បាន​ច្រើន​ប្រភេទ​បែប​នេះ ។ មន្ត្រី​សុ​ី​ម៉ាក់ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ បើ​ឃើញ​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ត្រូវ​រាយការណ៍​ប្រាប់​អាជ្ញាធរ​និង​សមត្ថកិច្ច​ដែលនៅ​ក្បែរ ដើម្បី​មាន​វិធានការ​យក​ទៅ​កម្ទេច​ចោល​កុំ​យក​មក​ចង​ព្យួរ​លេង​បែប​នេះ អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ