ពី​បុរាណ​ហៅ​ «​សាស្ត្រាល្បែង​» ខ្មែរ​យើង​​ហៅ​«​ប្រលោមលោក​»​នៅ​ពេល​ណា?


«​ប្រលោមលោក​» តើ​ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ចាប់ពី​ពេល​ណា បើ​ពី​បុរាណ​មក​គេ​ហៅ​ថា​«​សាស្ត្រា​ល្បែង​» ហើយ​អ្នក​ណា​អ្នក​បង្កើត ឬ​ប្រើ​ពាក្យ​នេះ​មុនគេ ?

«​ប្រលោមលោក​» បើ​តាម​សេចក្ដី​ពន្យល់​របស់​វចនានុក្រម​ខ្មែរ «​គឺជា​រឿង​ប្រលោម​ចិត្ត​មនុស្ស គឺ​រឿង​ដែល​អ្នក​តែង​ប្រតិដ្ឋ​ប្រដូច​ឡើង ដោយ​ឥត​មានច្បាប់​ដើម​ជា​ការណ៍​ពិត​ប្រាកដជា​គោល​ចារឹក​ឡើយ ។ ប្រលោមលោក​នេះ ក្នុង​សម័យ​ពី​ដើម​ហៅ សាស្ត្រាល្បែង ឬ​រឿង​ល្បែង​, ខាង​សម្រាយ​ច្រើន​តែ​តែង​ជា​ពាក្យកាព្យ ដូច​ជា​សាស្ត្រាល្បែង​ផ្សេង​ៗ​មាន​ច្រើន​ឈ្មោះ​មាន​សាស្ត្រា ស័ង្ខ​សិល្ប៍​ជ័យ​, លក្សណ​វង្ស​, ហង្ស​យន្ត​, ជិនវង្ស ជាដើម​; ខាង​បាលី​ច្រើន​តែ​ជា បកិណ្ណកៈ ឬ វេយ្យាករណ៍បាឋ គឺជា​ពាក្យ​បាលី រាយ​ៗ ជួន​មាន​គាថា​បាលី​បញ្ចូល​មក​ខ្លះ​ដោយ អន្លើ​ៗ​ដូច បញ្ញា​ស​ជាតក ជាដើម​, រឿង​ឬ​សាស្ត្រា​ទាំងនោះ​ទោះជា​កាព្យ​សម្រាយ​ក្ដី ជា​បាលី​ក្ដី ហៅ​ថា សាស្ត្រាល្បែង ឬ រឿង​ល្បែង ដូច​គ្នា​, ត្រូវ​គ្នា​នឹង​រឿង​ឬ​សាស្ត្រា​, សៀវភៅ ប្រលោមលោក សម័យ​បច្ចុប្បន្ន​នេះ ។

ប៉ុន្តែ​, តាម​ការ​ពិនិត្យ​, ឃើញ​ថា ប្រលោមលោក សម័យ​ឥឡូវនេះ មាន​៣​ប្រភេទ​គឺ ប្រលោម​លោក​ស្នេហា​, ប្រលោមលោក​កសាង​ជីវភាព​ខ្លួន​, ប្រលោមលោក​ប្រវត្តិសាស្ត្រ​, ទាំង​៣​ប្រភេទ​នេះ សុទ្ធតែ​មាន​អត្ថន័យ​ផ្សេង​ទីទៃ​ពី​គ្នា​… (​ម​. ព​. ជីវភាព​, ប្រវត្តិសាស្ត្រ (​ក្នុង​ពាក្យ បវត្តិ ឬ ប្រវត្តិ​) ស្នេហា ផង ។ សាស្ត្រា​ល្បើក ក្នុង​សម័យ​ពី​ដើម ដូច​ជា ល្បើ​ជូជក​, ល្បើកមហារាជ ដែល​គេ​លើក​បំផ្លើស ក្នុង​រឿង​មហាជាតក៍ ជាដើម ក៏​រាប់​ថា​ជា ប្រលោមលោក បាន​ដែរ ព្រោះ​គេ​តែង​ឡើង​គ្រាន់​នឹង ប្រលោម ឲ្យ​អ្នក​អាន​អ្នក​ស្ដាប់​សើច​សប្បាយ ហៅ​ថា ល្បើក​ប្រលោមលោក (​មើល​ក្នុង​ពាក្យ ល្បើក ទៀត​ផង​)» ។

ពី​បុរាណ​ហៅ​សាស្ត្រាល្បែង ឬ​រឿង​ល្បែង ហើយ​មក​ហៅ​ថា​ប្រលោមលោក​វិញ ដោយ​អ្នកនិពន្ធ​លោក​នូ កន គឺ​លោក​ជា​អ្នក​ប្រើ​ពាក្យ​នេះ​មុនគេ ។

យោង​តាម​សៀវភៅ​«​អក្សរសិល្ប៍​ខ្មែរ​សតវត្សរ៍​ទី​២០​កវីនិពន្ធ​និង​កម្រង​អត្ថបទ​»​ឱ្យ​ដឹង​ថា រឿង​តុង​ឈិ​ន ជា​ស្នាដៃ​ប្លែក​ពី​រឿង​នានា​របស់​លោក​នូ កន បាន​សរសេរ​ជា​ពាក្យរាយ​ក្នុង​សម័យ​ផុសផុល​នៃ​ប្រលោមលោក​ទំនើប ។ ពាក្យ​«​ប្រលោមលោក​»​លោក​នូ កន បាន​ប្រើ​មុនគេ ដើម្បី​បកប្រែ​ពី​ពាក្យ​បារាំង Roman គឺជា​រឿង​និពន្ធ​ជា​ពាក្យរាយ ខុស​ពី​រឿង​ល្បែង​ដែល​តាក់តែង​ជា​កំណាព្យ ។ សូម​អាន​រឿង​ទាវ​ឯក ទំព័រ​ខ ។ អ្នកនិពន្ធ​ចង់​ពណ៌នា​ស្រុក​ខ្មែរ​យើង​ភ្ជាប់​នឹង​ប្រវត្តិ​សាស្ត្រ​នៅ​សម័យ​លង្វែក​ក្នុង​អំឡុង​សតវត្ស​ទី​១៦ ។

ឯកសារ​ដដែល​បង្ហាញ​ប្រវត្តិ​លោក​នូ កន ឲ្យ​ដឹង​ថា លោក​កើត​នៅ​ឆ្នាំ​១៨៧៤​នៅ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ មាតា​នាម​នូវ បិតា​នាម​អ៊ុ​ក ជា​កសិករ ។ អាយុ​បាន​៩​ឆ្នាំ កុមារ​នូ កន ទៅ​រៀន​សរសេរ និង​អាន​នៅ​វត្ត​អង្គ​ត្នោត ។ បន្ទាប់​មក​បាន​បួស​ជា​សាមណេរ​ក្នុង​ជន្មាយុ​១៤​ឆ្នាំ ហើយ​បាន​លាចាក​សិក្ខាបទ​មក​ជា​គ្រហស្ថ​វិញ មួយ​ឆ្នាំ​ក្រោយមក ។

អាយុ​១៧​ឆ្នាំ លោក​នូ កន ទទួល​តំណែង​ជា​លេខាធិការ​លោក​ចៅហ្វាយខេត្ត​ទ្រាំង នៅ​វៀត​ណាម ខាងត្បូង​សព្វថ្ងៃ ។ នៅ​ឆ្នាំ​១៨៩១ លោក​បាន​ចូល​ទៅ​បម្រើ​នៅ​ការិយាល័យ​ក្នុង​បរមរាជវាំង​អស់​រយៈពេល​៤​ឆ្នាំ ។ បន្ទាប់​មក​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​ក្រសួង​សុរិយោដី និង​ក្រសួង​រតនាគារ ។

នៅ​ឆ្នាំ​១៩០២ លោក​នូ កន ប្រឡង​ជាប់​លេខ​១​ជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ ហើយ​រដ្ឋបាល​បារាំង​បាន​បញ្ជូន​លោក​ឱ្យទៅ​បន្ត​ការ​សិក្សា​ច្បាប់​នៅ​ប្រទេស​បារាំង ។ ដល់​ពេល​ត្រឡប់​មក​ស្រុក​ខ្មែរ លោក​បាន​ទទួល​តំណែង​ជា​បន្តបន្ទាប់​គឺ​ចៅហ្វាយខេត្ត​កំពង់សៀម ជា​ចាងហ្វាង​សាលាដំបូង ជា​ចាងហ្វាង​សាលាឧទ្ធរណ៍ និង​ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ។ នៅ​ឆ្នាំ​១៩៤៥ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ នៅ​មណ្ឌល​កោះសូទិន ។

លោក​នូ កន បាន​ទទួលអនិច្ចកម្ម​នៅ​ឆ្នាំ​១៩៤៧ (​សូម​អាន​អត្ថបទ​លី ធា​ម​តេ​ង អ្នកនិពន្ធ​ដែល​មានឈ្មោះ​ល្បី​ទំព័រ​២១-២៣ ។ សុទ្ធ ប៉ូ​លី​ន ត្រូវជា​ចៅ​លោក​នូ កន បាន​សរសេរ​នៅ​អារម្ភបទ​រឿង​តុង ឈិ​ន បាន​បញ្ជាក់​ថា​លោក​ស្លាប់​នៅ​ឆ្នាំ​១៩៥០ ។ តែ​យើង​យក​អត្ថបទ​ស្រាវជ្រាវ​លី ធា​ម​តេ​ង ជា​គោល​ព្រោះ​ជា​ការ​ស្រាវជ្រាវ​ក្រោយ ហើយដោយ​បាន​ពិនិត្យ​ឡើង​វិញ​) ។

លោក​នូ កន បាន​ទុក​ស្នាដៃ​ដូច​តទៅ​នេះ​គឺ ៖
-​ទាវ​ឯក​(​រឿង​ល្បែង​),​ភ្នំពេញ​,១៩៤២,៥​ភាគ ។
-​តុង​ឈិ​ន​(​ប្រលោមលោក​ទំនើប​),​ភ្នំពេញ​,១៩៤៧,២​ភាគ ។
-​ពិម្ពា​និព្វាន​(​រឿង​ល្បែង​),​បោះពុម្ព​លើក​ទី​៣,​ភ្នំពេញ​,១៩៦០ ។

-​សាម​កុក​(​រឿង​ចិន ដែល​លោក​បាន​បក​ពី​ភាសា​ថៃ​មក​ជា​ភាសា​ខ្មែរ​),​បោះពុម្ព​ជា​បន្តបន្ទាប់​ក្នុង​ទស្ស​នាវដ្តី​កម្ពុជសុរិយា​តាំងពី​ឆ្នាំ​១៩៤៨​រហូត​មក​ដល់​អំឡុង​ឆ្នាំ​១៩៧៣-៧៤​ពេល​ដែល​ទស្សនា​វដ្តី​លែង​មានជីវិត​(​ទស្សនាវដ្តី​មានកំណើត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៥) ។
-​ឥ​ណា​វ​(​ជា​ពាក្យរាយ​),​ពុំ​បាន​បោះពុម្ព ។

លោក​នូ កន និពន្ធ​រឿង​ទាវ​ឯក និង​ពិម្ពា​និព្វាន​ជា​កំណាព្យ​បទ​ពាក្យ​៨ ។ ចំពោះ​រឿង​ទាវ​ឯក លោក​​បញ្ជាក់​ក្នុង​អារម្ភកថា​ថា​«​ជា​រឿង​ពិត​មាន​តំណាល​តាម​ពាក្យចាស់​បុរាណ និង​សាស្ត្រា​ដែល​គេ​តែង​ទុក​មក​រាប់​ពី​ដំណើរទា​វ​ឯក​មក​ដល់​ឥឡូវនេះ​ប្រហែល​ប្រាំ​រយ​ឆ្នាំ​ហើយ​តែ​ក្នុង​ប្រវត្តិ​សាស្ត្រ​ព្រះរាជ​ពង្សាវតារ​មិន​បាន​អធិប្បាយ ។ ដែល​ខ្ញុំ​ចាំ​រឿង​នេះ​យក​មក​តែង​គឺ​ខ្ញុំ​យក​តាម​សម្តី​អ្នកចម្រៀង​ក្នុង​ហ្លួង​កាល​រាជ្យ​ព្រះករុណា​នរោត្តម គង់​ព្រះ​ជន្ម​នៅឡើយ​បាន​ច្រៀង​ថ្វាយ​ទ្រង់​ព្រះ​សណ្តាប់ ខ្ញុំ​ស្តាប់​ចាំ​បានឃើញ​ថា សេចក្តី​ចម្រៀង​មាន​បញ្ហា​ល្អិតល្អ​» (​នូ កន រឿង​ទាវ​ឯក ភាគ​១ ភ្នំពេញ​,១៩៥៣,​ទំព័រ​ក​) ។ ដោយ​យោង​លើ​សំ​ណេ​រលោក​នូ កន រឿង​នេះ​លោក​ទាញ​ចេញពី​អក្សរសិល្ប៍​សម្តី ពោល​គឺ​ចេញពី​សម្តី​ចម្រៀង ។ រឿង​ទាវ​ឯក ដែល​និពន្ធ​ដោយ​លោក​នូ កន នេះ​មាន​ទម្រង់​រឿង​ប្រហាក់ប្រហែល​រឿង​ទំ​ុ​ទាវ ដែល​និពន្ធ​ដោយ​ភិក្ខុ​សោម នៅ​ព​.​ស​.២៤៥៨(​គ​.​ស​.១៩១៥) ។

ចំណែក​រឿង​ពិម្ពា​និព្វាន អ្នកនិពន្ធ​បាន​បញ្ជាក់​ថា​បាន​ប្រែ​ផ្សំ​តាម​ភាសា​សៀម​ដូច​មាន​បញ្ជាក់​ថា​៖ «​សម័យនេះ​ខ្ញុំ​រិះ​ចុះ​សំនួន ជា​ពាក្យ​ជួន​ផ្ទួន​ផ្ទេរ​កែ​បញ្ហា ប្រាំបី​ពាក្យ​ភាគ​បួន​មួន​មាត្រា គឺ​ខេមរា​នី​ស្រាយ​រាយ​រឿង​កាត់ ។ ត​ក្រសែ​ប្រែ​តាម​ស្យាម​ភាសា ដែល​ព្រះ​អង្គ​សុមា​វ​តី​ក្សត្រ ក្នុង​ព្រះ​កេតុ​ជេដ្ឋា​ធីតា​ចាត់​ទ្រង់​អនុវត្ត​ព្រះ​ទាន​មាន​ប្រាំបី​» (​នូ កន រឿង​ពិម្ពា​និព្វាន​,​ភ្នំពេញ​,១៩៦០,​ទំព័រ​២)។

ចំពោះ​រឿង​ឥ​ណា​វ និង​សាម​កុក​គឺជា​រឿង​ដែល​លោក​បាន​ដកស្រង់​ពី​បរទេស​ដែរ ពោល​គឺ​ពី​រឿង​ជ្វា និង​រឿង​ចិន ។ យើង​ដឹង​ហើយ​ថា នូ កន លោក​ពុំ​ចេះ​ភាសា​ជ្វា និង​ចិន​ទេ ប៉ុន្តែ​ចេះ​ភាសា​ថៃ​យ៉ាង​ច្បាស់លាស់​ដូច​អ្នកប្រាជ្ញ​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​ជំនាន់​នោះ​ដែល​ធ្លាប់​បាន​ទៅ​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​ថៃ​គឺ​មាន​ក្សត្រ មន្ត្រី​ក្នុង​វាំង និង​ព្រះសង្ឃ​ជាដើម ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ