ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មន្ត្រី​ជំនាញ​ឡោម​ព័ទ្ធ​ទីតាំង​ផលិត​ស្រា«តាំងគួយ»ដែល​ចាក់សោ​រត់​អស់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​អះអាង​ថា ​អ្នក​ដែល​ស្លាប់​ដោយ​ស្រា​ថ្នាំចិនសែ តាំង​គួ​យ​បាន​ឡើង​ដល់​៧​នាក់​ហើយក្នុង​នោះមាន​ស្រី​ម្នាក់ ។ ចំណែក​អ្នក​កំពុង​សង្គ្រោះ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​មាន​ជាង​២០​នាក់​ទៀត​។ ជាមួយ​គ្នា​នេះ​ រដ្ឋបាល​ខេត្ត​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ទិញ​និង​លក់​ស្រា​តាំង​គួ​យ​នេះ និង​បាន​ណែនាំ​ឱ្យ​ប្រមូល​ទំនិញ​ស្រា​នេះ​ដើម្បី​រក្សា​ទុក​នៅ​ថ្ងៃ​ទី​១១…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​អះអាង​ថា ​អ្នក​ដែល​ស្លាប់​ដោយ​ស្រា​ថ្នាំចិនសែ តាំង​គួ​យ​បាន​ឡើង​ដល់​៧​នាក់​ហើយក្នុង​នោះមាន​ស្រី​ម្នាក់ ។ ចំណែក​អ្នក​កំពុង​សង្គ្រោះ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​មាន​ជាង​២០​នាក់​ទៀត​។ ជាមួយ​គ្នា​នេះ​ រដ្ឋបាល​ខេត្ត​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ទិញ​និង​លក់​ស្រា​តាំង​គួ​យ​នេះ និង​បាន​ណែនាំ​ឱ្យ​ប្រមូល​ទំនិញ​ស្រា​នេះ​ដើម្បី​រក្សា​ទុក​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​តាម​ស្រុក​-​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០​ថា រហូត​ដល់​ថ្ងៃនេះ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​ស្រាវ​ជ្រាវ​ទើប​ដឹង​ថា មាន​អ្នក​ស្លាប់​ដោយ​ករណី​សង្ស័យ​ពុល​ស្រា​ថ្នាំចិនសែ​(​យីហោ​តាំង​គួ​យ​)​មាន​ចំនួន​៧​នាក់ ក្នុង​នោះ​៥​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ និង​២​នាក់​ស្លាប់​នៅផ្ទះ ។ តាម​ការ​ស្រាវជ្រាវ​បញ្ជាក់​ថា នៅ​ស្រុក​ម៉ា​ឡៃ​ស្លាប់​ចំនួន​២​នាក់ ស្រុក​មង្គលបុរី​ស្លាប់​២​នាក់ ក្រុង​ប៉ោយ​ប៉ែ​ត​ស្លាប់​៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ និង​មាន​បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​ប្រពន្ធ​ខ្មែរ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​មាន​ករណី​ស្លាប់​សង្ស័យ​ពុល​ស្រា​ថ្នាំចិនសែ តាំង​គួ​យ​នេះ​មន្ត្រី​សាខា​កាំ​កុង​ត្រូល​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​ផ្សព្វផ្សាយ និង​ពិនិត្យ​នៅ​ផ្សារ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ និង​បន្ត​ចុះ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ ពិនិត្យ​តាម​ផ្សារ​និង​តាម​តូប​ក្នុង​មូលដ្ឋាន​ដើម្បី​ណែនាំ​ហើយ​បើ​រក​ឃើញ​ត្រូវ​ប្រមូល​ស្រាថ្នាំ ដែល​សង្ស័យ​ពុល​យក​ទៅ​រក្សា​ទុក ។

លោក ហឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​តាម​ទីផ្សារ​និង​ការ​តាំង​លក់​តាម​ផ្ទះ ត្រូវ​ប្រមូល​បាន​មួយ​ចំនួន ហើយ​និង​ណែនាំ​ឱ្យ​បញ្ឈប់​លក់​ស្រា​ថ្នាំចិនសែ​យីហោ​តាំ​គួ​យ​នេះ ។លោក ឃូរ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ បាន​ចុះ​ណែនាំ​ដល់​អាជីវករ​លក់​នៅ​ផ្សារ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​ផ្សព្វផ្សាយ​បានដឹង និង​បញ្ឈប់​ការ​ដាក់​តាំង​លក់​នៅ​ស្រុក​ម៉ា​ឡៃ មង្គលបុរី និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ចចម្រុះ​ចុះ​ឡោម​ព័ទ្ធ​និង​ឆែកឆេរ​ទីតាំង​ផលិត​និង​ចែកចាយ​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ
រាជធានី​ភ្នំពេញ ៖ ទីតាំង​ចែកចាយ និង ផលិត ស្រា​ចិន​សែ​តាំង​គួ​យ ដែល​បង្ក​ឱ្យ​ពុល​ស្លាប់​មនុស្ស​ជា​បន្តបន្ទាប់​ជា​ច្រើន​នាក់​នៅ​ស្រុក ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ត្រូវ​បាន​សមត្ថកិច្ច ចម្រុះ ចុះ​ឡោម​ព័ទ្ធ​ឆែកឆេរ​ទីតាំង​ផលិត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ។ ការ​ចុះ​ឆែកឆេរ​ទីតាំង​ផលិត និង​ចែកចាយ​ស្រា​ថ្នាំចិនសែ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០២០ នៅ​ចំណុច ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។

ប្រតិបត្តិការ​នេះ ​ដឹកនាំ​ដោយ​លោក ង៉ែត ចេក អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ច​ការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម និង​មានការ​ចូលរួម​សហការ​ពី​នគរ​បាល និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​នោះ​តាំង​ពី​ព្រឹក តែ ទំនងជា​ម្ចាស់​ដឹងខ្លួន​មុន បាន​ចាក់សោ​ហើយ​គេច​បាត់ ទើប​សមត្ថកិច្ច​ពន្យារពេល​រង់ចាំ ។ ទោះ​បី​មិន​ទាន់​បាន​ចូល​ឆែកឆេរ​កន្លែង​ផលិត​ក៏​មន្ត្រី​ជំនាញ​រក​ឃើញ​សម្បក​ស្រាថ្នាំ​និង​ធុង​ផលិត​ស្រា​ត្រូវ​បាន​ម្ចាស់​បោះបង់​ចោល​ក្នុង​ព្រៃ និង​កៀន​របង​ដី​ឡូត៍​ខាងជើង​ផ្លូវជាតិ​លេខ​៦ ។

តាម​មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ថា បើ​តាម​ការ​ស្រាវជ្រាវ​ខ្លះ​ៗ គឺ​អ្នក​ផលិត​ស្រា​នេះ​ច្រើន​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ គឺ​ផលិត​ពី​អាល់កុល​តាម​បច្ចេកទេស ។ ចំណែក​ការ​បង្ក​ឱ្យ​មានការ​សង្ស័យ​ពុល​ស្លាប់​នេះ គេ​ត្រូវ​យក​ស្រាថ្នាំ​ដែល​ផលិត​ចុង​ក្រោយ មក​ធ្វើ​ពិសោធន៍ តែ​មិន​ទាន់​ដឹង​ពី​លទ្ធផល ។ បញ្ហា​នេះ​មន្ត្រី​ជំនាញ​មានការ​សង្ស័យ​ថា​ម្ចាស់​អ្នក​ផលិត​ស្រា​បាន​យក​អាល់កុល​ក្លែងក្លាយ​ធ្វើ​ពី​មេតា​ណុ​លយ​កមក​ផលិត​ស្រា ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​ពុល ។ តាម​ការ​ស្រាវជ្រាវ​ដំបូង​ៗ​គឺ​អ្នក​ផលិត​តែង​បាន​ទិញ​អាល់កុល​ពី​ក្រុមហ៊ុន​SKD ដែល​ជា​អាល់កុល​មាន​ស្តង់ដា តែ​អាច​ដោយសារ​អាល់កុល​ថ្លៃ​ក៍​ងាក​ទៅ​ទិញ​អាល់កុល​កន្លែង​ផ្សេង​ដែល​ផលិត​អាល់កុល​ក្លែងក្លាយ​ធ្វើ​ពី​មេតា​ណុ​លអាច​ជា​ហេតុ​បណ្តាល​ឱ្យ​ពុល​តែ​ម្តង ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ខា​ស់​សិប្បកម្ម​ផលិត​ស្រា ឈ្មោះ ខ្វៅ សុវណ្ណ អាយុប្រមាណ​៧០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ង​ន ចា​គា អាយុ​៦០​ឆ្នាំ បាន​ចាក់សោ​បិទ​ផ្ទះ និង​មានការ​បំផ្លាញ​វ​ត្តុ​តាង​ហើយ​គេចខ្លួន​បាត់​រយៈពេល​២​ថ្ងៃ​មក​ហើយ ក្រោយ​ពី​ល្បី​ស្រា​របស់​ខ្លួន​ធ្វើ​ឱ្យ​អ្នក​ផឹក​ពុល​ស្លាប់ ។ បន្ទាប់​ពី​ធ្វើការ​ឡោម​ព័ទ្ធ​រហូត​ដល់​ម៉ោង​៤​និង​៥០​នាទី​រសៀល សមត្ថកិច្ច​មិន​បាន​ឆែកឆេរ​នោះ​ទេ ដោយ​ពន្យារពេល​គឺ​គ្រាន់តែ​ដកហូត​សម្បក​ដប​និង​ធុង​ផលិត​ចំណុះ​ប្រមាណ​១​ពាន់​លី​ត្រ​ដែល​ម្ចាស់​យក​ទៅ​ប្លុង​ចោល​ក្រោយ​ផ្ទុះ ។

យ៉ាងតិច​ពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយសារ​ពុល​ស្រា​មាន​ដល់​៥៦​នាក់​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ

នាយកដ្ឋាន​​ប្រយុទ្ធ​ជំ​ងី​ឆ្លង​របស់​ក្រសួងសុខាភិបាល​កម្ពុជា បាន​កត់ត្រា​ពី​ចំនួន​អ្នក​ពុល​ស្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០១៥ មក​ថា​មាន​អ្នក​ស្លាប់​ចំនួន​៥៦​នាក់​។ ចំនួន​នេះ​គឺ​រាប់​បញ្ចូល​ករណី​ពុល​ស្រា​ដែល​កំពុង​កើត​មាននៅ​ខេត្តបន្ទាយមានជ័យ​ពេល​នេះ​ផង​ដែរ ។ បើ​តាម​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង CDC កាលពី​ឆ្នាំ​២០១៥ មាន​ករណី​ពុល​ស្រា​នៅ​ច្រើន​ខេត្ត គឺ​ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ និង​ខេត្ត​មណ្ឌល​គី​រី ចំនួន​២៨៤​ករណី ក្នុង​នោះ​ស្លាប់​៣៣​នាក់ ។

នៅ​ក្នុង​ឆ្នាំ​២០១៦ ករណី​ពុល​ស្រា​មាន​ចំនួន​៩២​ករណី ស្លាប់​១៥​នាក់ កើតឡើង​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ។ លុះ​មក​ដល់​ឆ្នាំ​២០១៧ ពលរដ្ឋ​ពុល​ស្រា​មាន​១៣​ករណី នៅ​ក្នុង​ខេត្ត​ម​ណ្ឌ​គិរី ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​២​នាក់​ស្លាប់​បាត់បង់​ជីវិត ។ ចំណែក​នៅ​ឆ្នាំ​២០១៨ ចំនួន​ករណី​ពុល​ស្រា​មាន​រហូត​ដល់​២០៣​ករណី ពលរដ្ឋ​ស្លាប់​៩​នាក់ នៅ​ខេត្តក្រចេះ និង​ខេត្តកំពត ។ ឆ្នាំ​២០១៩​មិន​មាន​ករណី​ពុល​ស្រា​កត់ត្រា​ដោយ​ក្រសួង​សុខា​ភិបាល​ទេ តែ​នៅ​ថ្ងៃ​ទី​៧​មិថុនា ឆ្នាំ​២០២០ នៅ​ខេត្តបន្ទាយមានជ័យ​មាន​ករណី​ពុល​ស្រាស​ចំនួន​២៧​នាក់ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ស្លាប់​ចំនួន​៦​នាក់ ។

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​បាន​បញ្ជាក់​ថា ក្រសួងសុខាភិបាល បាន​បញ្ជូន​អ្នកជំងឺ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​កំពុង​ទទួល​បានការ​យកចិត្ត​ទុក​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ ហើយ​បញ្ហា​នេះ បាន​ផ្តល់​ពិគ្រោះ​បច្ចេកទេស​ជាមួយ​គ្រូពេទ្យ​ជំនាញ​ថ្នាក់​ជាតិ ។ នាយកដ្ឋាន​ជំនាញ​បាន​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទិញ​ស្រា​មក​ទទួលទាន ត្រូវ​រក​ប្រភព​ស្រា​ច្បាស់លាស់ មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ និង​ពិសារ​ក្នុង​កម្រិត​តិច​បំផុត ជា​ពិសេស​ក្នុង​កំឡុង​ពេល​កំពុង​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

មន្ត្រី​សុខាភិបាល​បញ្ជាក់​ថា ការ​ទទួល​ស្រា​មិន​ត្រឹម​អាច​បណ្តាល​ឲ្យ​ពុល​ស្រា​ប៉ះពាល់​សុខភាព​នោះ​ទេ ស្រា​អាច​ឲ្យ​មនុស្ស​ធ្វេសប្រហែស​និង​ងាយ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ទៀត​ផង ។ កន្លង​មក​ក្រៅពី​ករណី​ពុល​ស្រា​នេះ ពលរដ្ឋ​កម្ពុជា​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​អាហារ​ជា​ច្រើន​ករណី​ផ្សេង​ទៀត ដូច​ជា​ពុល​នំ​បញ្ចុក ពុល​ត្រី​ក្រពត ពុល​បន្លែ ពុល​អាហារ​ផ្អាប់​ដូច​ជា​ផ្អក ម៉ាំ​ល្ហុង មិន​ស្អាត​ជាដើម ៕


អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ