ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ម្ចាស់​ម៉ូតូ​ហើយ ក្រោយ​ភ្ញាក់​ផ្អើល​​ប្រទះ​ឃើញ​ម៉ូតូ​ក្នុង​ត្រពាំង​ទឹក​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​នៅ​តាម​បណ្ដាញសារព័ត៌មាន​នានា អំពី​អ្នក​ភូមិ​ទៅ​បេះ​ត្រកួន ក៏​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ត្រពាំង​ទឹក ហើយ​ត្រូវ​គេ​សង្ស័យ​ថា មាន​ជន​មិន​ស្គាល់​​មុខ​យក​ទៅ​ប្លុង​ចោល​នោះ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​នៅ​តាម​បណ្ដាញសារព័ត៌មាន​នានា អំពី​អ្នក​ភូមិ​ទៅ​បេះ​ត្រកួន ក៏​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ត្រពាំង​ទឹក ហើយ​ត្រូវ​គេ​សង្ស័យ​ថា មាន​ជន​មិន​ស្គាល់​​មុខ​យក​ទៅ​ប្លុង​ចោល​នោះ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ ម្ចាស់​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ត្រពាំង​ក្រសាំង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ទទួលយក​ម៉ូតូ​នោះ​ត្រឡប់​ទៅ​វិញ​ហើយ​។ ចំពោះ​មូលហេតុ​គឺ​មក​ពី​បុរស​រូប​នេះ​ស្រវឹង​រហូត​បាត់​ការ​ចង​ចាំ​ក៏​ជិះ​ម៉ូតូ​ធ្លាក់ទឹក​ត្រពាំង ប៉ុន្តែ​សម​ណា​ង​ល្អ​គាត់​ឡើង​រួច​ផុត​ពី​ទឹក​វិញ លុះ​ស្វា​ស្រា​មិនដឹង​ថា​ម៉ូតូ​ទីណា​នោះ​ទេ ។ ១២​ថ្ងៃ​ក្រោយមក​ទើប​ព័ត៌មាន​ផ្សាយ​ករណី​ប្រទះ​ឃើញ​ទើប​គាត់​ស្គាល់​ថា ជា​ម៉ូតូ​របស់​ខ្លួន ទើប​ទៅ​សុំ​យក​ម៉ូតូ​មក​វិញ ?

បើ​តាម​បុរស​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ​ខាន់ ម៉ៅ រស់នៅ​ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​ភូមិ​ដំណាក់​រវាង ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។ ហើយ​រហូត​ម​ដល់​ពេល​នេះ​គាត់​មាន​អាយុ​៣៥​ឆ្នាំ​ហើយ មានមុខរ​បរជា​កម្មករ​រោងចក្រ​កាត់ដេរ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ខាងលើ​បន្ត​ថា ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GL-2825 គឺជា​កម្មសិទ្ធិ​របស់​គាត់ ហើយ​ពុំ​មែន​ត្រូវ​ចោរលួច​នោះ​ទេ គឺ​មក​ពី​គាត់​ស្រវឹង​ជិះ​ធ្លាក់​ទៅ​ក្នុង​ទឹក​ត្រពាំង រួច​វង្វេង​បាត់​រយៈពេល​១២​ថ្ងៃ​កន្លង​មក​ហើយ​។

បុរស​នេះ​បាន​បន្ត​ទៀត​ថា កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែឧសភា គាត់​បាន​ជិះ​ម៉ូតូ​ចាក​ចេញពីផ្ទះ​ជួល​នៅ​ក្នុងភូមិ​អង្គ ឆ្ពោះទៅ​កាន់​ផ្ទះ​មិត្តភក្ដិ​នៅ​ក្នុង​ផ្សារ​អង្គ ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចូលរួម​ផឹកស៊ី​នៅ​ទីនោះ​។​រហូត​ដល់​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ទើប​ឈប់ រួច​ក៏​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ខណៈនោះ​គាត់​ស្រវឹង​ខ្លាំង និង​ជិះ​ម៉ូតូ​ត្រឡប់​​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ព្រោះតែ​ស្រវឹង​ខ្លាំង​ពេក រក​ផ្លូវ​ទៅ​ផ្ទះ​អត់​ឃើញ​ក៏​ចេះ​តែ​ជិះ​ៗ​ទៅ ដោយ​ជិះ​តាម​ផ្លូវ​ខ្លះ និង​កាត់​វាលស្រែ​ខ្លះ រហូត​ដល់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ត្រពាំង​ដោយ​មិនដឹង​ខ្លួន​តែ​ម្តង។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​គាត់​ស្រវា​ឡើងគោក​រួច​ផុត​ពី​គ្រោះថ្នាក់ ហើយដោយ​មិន​អាច​យក​ម៉ូតូ​ឡើង​ពី​ក្នុង​ទឹក​រួច​គាត់​ក៏​ដើរ​ចេញ ហើយ​ក៏​ចេះ​តែ​ដើរ​ៗ​ទៅ​ទាំង​វង្វេងផ្លូវ​ដី​ចម្ងាយ​រាប់​គីឡូម៉ែត្រ លុះ​រហូត​យប់​កាន់តែ​ជ្រៅ​ទើប​ទៅ​ដល់​វត្ត​ពោធិ៍​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ផ្លាំ​ង សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ក៏​ត្រូវ​បាន​សន្តិសុខ​យាម​បុរី​ផ្ទះល្វែង​នៅ​ជិត​នោះ ឃាត់​មិន​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត​។ បន្ទាប់​មក​សន្តិសុខ បាន​ដឹក​គាត់​ទៅ​កាន់​សាលាសង្កាត់​ស្នោរ ហើយ​គាត់​បាន​ដេក​នៅ​ទីនោះ​អស់​១​យប់ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣១ ខែឧសភា ទើប​ហៅ​ម៉ូតូឌុប​ជិះ​ត្រឡប​ទៅ​កាន់​ផ្ទះ​ជួល​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣​វិញ​។

បុរស​ម្ចាស់​ម៉ូតូ​ប្រាប់​ទៀត​ថា ក្រោយ​ពេល​ទៅ​ដល់​ផ្ទះ​ជួល​វិញ គាត់​នឹកគិត​រក​កន្លែង​ដែល​ជិះ​ម៉ូតូ​ធ្លាក់ទឹក បណ្ដាល​ឲ្យ​បាត់​ម៉ូតូ​នោះ​ម្ដង​ហើយ​ម្ដងទៀត​រាល់ថ្ងៃ​ដែរ ប៉ុ​ន្ត​ទោះជា​ខំ​រក​នឹក​យ៉ាងណា​ក៏​នឹក​មិនឃើញ​សោះ ហើយ​ក៏​គ្មាន​សង្ឃឹមថា នឹង​បានឃើញ​ម៉ូតូ​វិញ​ដែរ​។ លុះដល់​ថ្ងៃ​ទី​១១ ខែ​មិថុនា គឺ​រយៈពេល​១២​ថ្ងៃ​គត់ ស្រាប់តែ​គាត់​ឃើញ​បណ្ដាញ​ព័ត៌មាន​នានា​ចុះ​ផ្សាយ​អំពី​ការ​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ទឹក​ត្រពាំង ហើយ​នៅ​ក្រោម​កែប​មាន​អត្តសញ្ញាណប័ណ្ណ និង​កាត​គ្រី​ម៉ូតូ​ឈ្មោះ​គាត់ និង​ឈ្មោះ​ក្រុមហ៊ុន​បង់​រំលស់​ផង​នោះ​ទើប​ស្គាល់​ថា គឺជា​មូ​តូ​របស់​គាត់ លុះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ទើប​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ដើម្បី​សុំ​យក​ម៉ូតូ​ត្រឡប់​ទៅ​វិញ​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ មាន​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ខាងលើ នៅ​ក្នុង​ទឹក​ត្រពាំង ស្ថិត​ក្នុងភូមិ​ត្រពាំង​អណ្ដូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ដែល​ពួក​គាត់​ទៅ​បេះ​ត្រកួន រួច​ក៏​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ហើយ​មុន​ដំបូង​ត្រូវ​គេ​សង្ស័យ​ថា ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​យក​ទៅ​ទម្លាក់​ចោល​ទីនោះ ប៉ុន្តែ​អ្វី​ដែល​ប្លែក គឺ​ម៉ូតូ​មានកូន​សោរ និង​មានកូន​កាបូប​ដាក់​កាត​គ្រី និង​អត្តសញ្ញាណប័ណ្ណ ព្រមទាំង​ឯកសារ​ផ្សេង​ទៀត​របស់​ម្ចាស់​ទុក​ក្រោម​កែប​ទៀត​។

ពេល​នោះ​នគរបាល​បាន​ចុះ​រាវ​ក្នុង​ទឹក និង​ពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ ក្រែង​មាន​មនុស្ស​ត្រូវ​បាត់បង់​ជីវិត​នៅ​ទីនោះ ប៉ុន្តែ​ក្រោយ​ពី​រាវ​សព្វកន្លែង​គ្មាន​ទេ ទើប​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក ហើយ​រហូត​ពេល​នេះ ទើប​រក​ឃើញ​ម្ចាស់​ទៅ​ទទួលយក​វិញ គឺ​បុរស​ខាងលើ​នេះ​តែ​ម្តង​។

គួរ​រំលឹក​ទៀត​ថា ៖ ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទឹក​ត្រពាំង នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ